Connect with us

ជីវិតកម្សាន្ដ

ស្ងាត់តែមិនស្ងៀម! បវរកញ្ញា ៥ដួង រួមគ្នាលើកតម្កើងវប្បធម៌ខ្មែរ តាមរយៈការផ្សព្វផ្សាយស្បៃខ្មែរ

បានផុស

នៅ

ស្របពេលដែលសិល្បករ សិល្បការិនីខ្មែរជាច្រើន កំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ វប្បធម៌ និងអរិយធម៌ជាតិទៅកាន់សាធារណជនទាំងក្នុង និងក្រៅប្រទេស បវរកញ្ញារូបស្រស់ដ៏មានប្រជាប្រិយភាព ៥ដួង រួមមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី, ហុក សារិតុលា, ប៊ី សុធារី, ចន សុទិម៉ា និង សុខ ស្រីណា ក៏បានរួមគ្នាបង្ហាញភាពស្រស់ស្អាតក្នុងឈុតស្បៃខ្មែរ ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកតម្កើងតម្លៃវប្បធម៌ជាតិឱ្យកាន់តែទូលំទូលាយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសកម្មភាពផ្សព្វផ្សាយនេះ បវរកញ្ញាទាំង៥ បានគ្រងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ជាមួយនឹងស្បៃខ្មែរដែលត្រូវបានរៀបចំយ៉ាងប្រណិត និងស្រស់ស្អាត បង្ហាញពីភាពថ្លៃថ្នូរនៃស្ត្រីខ្មែរ។ ឯការថតរូប និងថតវីដេអូត្រូវបានធ្វើឡើងនៅតាមទីតាំងសំខាន់ៗ និងតំបន់ទេសចរណ៍ពេញនិយមមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញ និងជួយផ្សព្វផ្សាយតម្លៃនៃវប្បធម៌ជាតិ។

រូបភាព និងវីដេអូទាំងនេះ ត្រូវបានបង្ហោះ និងចែករំលែកតាមបណ្តាញសង្គមផ្ទាល់របស់បវរកញ្ញាទាំង៥ ខណៈការបង្ហាញខ្លួនរបស់ពួកគេក្នុងស្បៃខ្មែរ មិនត្រឹមតែបង្ហាញពីសម្រស់ស្ត្រីខ្មែរ ប៉ុន្តែថែមទាំងបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌ និងបេតិកភណ្ឌប្រពៃណីដែលត្រូវបានបន្តស្នងពីបុរាណកាលមកផងដែរ។

កន្លងមក បវរកញ្ញាទាំង៥ដួង ក៏ធ្លាប់បានបង្ហាញពីគោលបំណងនៃការរួមគ្នានេះ និងរំពឹងថា សកម្មភាពតូចៗបែបនេះ អាចជំរុញឱ្យយុវជនជំនាន់ក្រោយមានមោទនភាព និងចូលរួមថែរក្សាវប្បធម៌ជាតិឱ្យបន្តរស់រវើក។

ក្រោយពីរូបភាព និងវីដេអូទាំងនេះត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម ក៏បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចែករំលែក និងសរសើរថា ការរួមគ្នារបស់បវរកញ្ញាទាំង៥ មិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូល្អក្នុងការប្រើឥទ្ធិពលលើបណ្តាញសង្គម ដើម្បីលើកស្ទួយវប្បធម៌ជាតិផងដែរ។

មតិយោបល់មួយចំនួនក៏បានលើកឡើងថា សកម្មភាពបែបនេះគួរត្រូវបានធ្វើបន្តបន្ទាប់ ដើម្បីធ្វើឱ្យសម្លៀកបំពាក់ប្រពៃណីខ្មែរ កាន់តែមានការពេញនិយម និងត្រូវបានស្គាល់កាន់តែទូលំទូលាយ ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។

តាមរយៈការរួមចំណែករបស់បវរកញ្ញាទាំង៥នេះ ក៏បានបង្ហាញឱ្យឃើញថា វេទិកាបវរកញ្ញាមិនត្រឹមតែជាកន្លែងបង្ហាញសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាវេទិកាសំខាន់មួយ សម្រាប់ការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យកាន់តែទូលំទូលាយនៅក្នុងសង្គម និងលើឆាកពិភពលោកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម