ជីវិតកម្សាន្ដ
លោក អូលីវ៉ា ប្ដេជ្ញា ច្នៃម៉ូតអភិវឌ្ឍបែបអភិរក្ស សំលៀកបំពាក់ខ្មែរឱ្យសម្បូរបែប
លោក ម៉ែន សីហា ហៅ OLIVA KONG គឺជា គ្រូដើរម៉ូត និងច្នៃម៉ូតកម្ពុជា ដែលទទួលស្គាល់ដោយអន្តរជាតិ ខណៈលោកត្រូវបានបរទេសអញ្ជើញទៅបង្ហាញស្នាដៃច្នៃម៉ូតរបស់លោកនៅតាមបណ្ដាប្រទេសមួយចំនួនទាំងអាស៊ី និងអឺរ៉ុប រហូតទទួលបានពាន Best International Designer Award 2023 ក្នុងចំណោមអ្នកច្នៃម៉ូតទាំង២២ រូប និង ១២ប្រទេស ថែមទៀត។ ខណៈដែលកំពុងត្រៀមបង្ហាញ ស្នាដៃ ក្នុងកម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ នៅចុងសប្ដាហ៍នេះ លោក ម៉ែន សីហា ហៅ អូលីវ៉ាគង់ នៅតែប្ដេជ្ញា ច្នៃម៉ូតអភិវឌ្ឍ បែបអភិរក្ស នៃសំលៀកបំពាក់ខ្មែរគ្រប់សម័យកាលឱ្យសម្បូរបែប។

លោក អូលីវ៉ា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ទាក់ទងការច្នៃម៉ូតសំលៀកបំពាក់ លោកតែងធ្វើការច្នៃជាបន្តបន្ទាប់ តាំងពីមុនសម័យអង្គរ មកដល់សម័យបច្ចុប្បន្ន ទាំងសម្រាប់កម្មវិធីថ្នាក់ជាតិ កម្មវិធីលើឆាកអន្តរជាតិ និងសូម្បីតែកម្មវិធីខួបកំណើតរបស់លោកក្ដី។

លោក ម៉ែន សីហា មានប្រសាសន៍បន្តថា៖ “បើកម្មវិធីខួបកំណើតខ្ញុំ គឺខ្ញុំឱ្យទាំងសិល្បករ និងសិល្បការិនី ប្រកួតប្រជែងស្លៀកពាក់តាំងពីសម័យនគរភ្នំ សម័យអង្គរ រហូតដល់សម័យបច្ចុប្បន្ន។ អ្នកដែលស្លៀកពាក់លេចធ្លោរជាងគេ នឹងទទួលបានរង្វាន់ ពួកគាត់មានកម្លាំងចិត្ត។ ហើយខ្ញុំត្រូវការឈុតដែលចំ ព្រោះខ្ញុំអភិរក្សបុរាណ គឺខ្ញុំចង់ឱ្យពួកគាត់បង្ហាញឈុតបុរាណដើមចំតែម្ដង”។

លោក ម៉ែន សីហា បានលើកឡើងបន្ថែមថា៖ “តែពេលខ្ញុំចេញទៅក្រៅប្រទេស ខ្ញុំបានរៀបចំឈុត ហ្វេសសិន គឺយើងមានការច្នៃ ប៉ាក់ឌិន រំលេចការចាប់ម៉ូត ដោយដកស្រង់ពីគ្រប់សម័យកាល មិនថាគូរជារូបភាព ឬការប៉ាក់ឌិន ឬការបង្ហាញម៉ូតសក់ ជាដើម។ យើងតែងបង្កប់អត្ថន័យអ្វីជារបស់ខ្មែរ ទោះធ្វើ ខន់សិប (Concept គំនិតប្រធានបទ) បរទេសឱ្យធ្វើ ហ្វេសសិន (Fashion) ក៏ដោយ ក៏នៅតែខ្ញុំខំរំលេចអ្វីជាក្បាច់ខ្មែរ”។

លោក ម៉ែន សីហា បញ្ជាក់ថា ដោយសារលោកប្រកាន់ភ្ជាប់ “អភិវឌ្ឍសម័យ អភិរក្សបុរាណ” ដូច្នេះ កម្មវិធីខ្លះ លោកអភិរក្សបុរាណ ប៉ុន្តែពេលខ្លះ ក៏ច្នៃម៉ូតបែបទាន់សម័យ ដើម្បីឱ្យទាន់សម័យកាល។ ទន្ទឹមពេលលោកតែងមានកម្មវិធីនៅអន្តរជាតិ លោកតែងរិះគិតធ្វើបែបណាដើម្បីរំលេចចេញនូវសិល្បៈវប្បធម៌ខ្មែរ ជាម៉ូតសក់ ឬក្រណាត់ដែលជាវត្ថុធាតុដើមរបស់ខ្មែរ ដូចជា ហូល ផាមួង សូតដែលខ្មែរបានត្បាញ។

លោក អូលីវ៉ា លើកឡើងបន្តថា៖ “អ៊ីចឹង នៅពេលបរទេសឆ្ងល់ពីក្រណាត់ ខ្ញុំតែងបង្ហាញថា ក្រណាត់នេះ ជាស្នាដៃខ្មែរបង្កើតឡើង។ បរទេសចាប់អារម្មណ៍ម៉ូតសក់ ខ្ញុំបង្ហាញថា យើងដកស្រង់ចេញពីរូបអប្សរាប្រាសាទអង្គរ អ៊ីចឹងគេចង់មកទស្សនាអង្គរ។ យើងមិនមែនផ្សព្វផ្សាយតែសិល្បៈវប្បធម៌ទេ សូម្បីវិស័យទេសចរណ៍ក៏បានផ្សព្វផ្សាយ។ ក្នុងនាមខ្ញុំបាទជាកូនខ្មែរ ឱ្យតែមានឱកាសបង្ហាញ ខ្ញុំតែងរំលេចគ្រប់វិធីដើម្បីឱ្យពិភពលោកស្គាល់អ្វីៗជារបស់ខ្មែរ”។

លោក ម៉ែន សីហា អូលីវ៉ាគង់ សូមផ្ដាំផ្ញើដល់ប្អូនៗជំនាន់ក្រោយឱ្យខិតខំប្រឹងប្រែងតស៊ូ ហើយបើមានក្ដីស្រមៃ ក្ដីសុបិន ត្រូវចាប់ផ្ដើមធ្វើ កុំរង់ចាំ ព្រោះពាក្យ រង់ចាំ គឺយើងនឹងរង់ចាំមួយជីវិត។ ដូចនេះនៅពេលឱកាសមកដល់ យើងត្រូវទទួលចាប់យក ព្រោះមិនដឹងថា ឱកាសពេលក្រោយ យើងធ្វើបានធ្វើ ឬអត់ ដោយសារជួនកាលគេអាចលែងឱ្យយើង ឬគេឱ្យអ្នកផ្សេងបាត់៕
អត្ថបទ៖ ច័ន្ទ វីរៈ




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


