ជីវិតកម្សាន្ដ
បវរកញ្ញា ជាង ៦០ ប្រទេស មកពីជុំវិញពិភពលោក លេចវត្តមានថតរូបអប្សរា នៅប្រាសាទអង្គរវត្ត
អ្នកគាំទ្រ និងនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា មានការចាប់អារម្មណ៍ខ្លាំង ខណៈបវរកញ្ញាជាង ៦០ ប្រទេស មកពីជុំវិញពិភពលោក បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធី Universal Woman 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្រាកដណាស់ កម្មវិធីប្រកួតអន្តរជាតិ Universal Woman 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមកាលពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ នៅទឹកដីអង្គរ-ខេត្តសៀមរាប។ អ្វីកាន់តែអស្ចារ្យខ្លាំងថែមទៀត អ្នកនាង ប្រាសាទ ដាវីន ដែលជាអ្នកទទួលបន្ទុកក្នុងការរៀបចំការប្រកួតអន្តរជាតិនេះ បានដឹកនាំបេក្ខភាព Universal Woman 2024 ទាំងអស់ គ្រងនូវឈុតអប្សរាខ្មែរយ៉ាងប្រណីត ដើម្បីថតរូបនៅប្រាសាទអង្គរវត្ត។
តាមរយៈសកម្មភាពនេះ កំពុងទទួលការគាំទ្រ និងសរសើរពីមហាជនគ្រប់មជ្ឈដ្ឋាន បន្ទាប់ពីឃើញបវរកញ្ញាជាង ៦០ ប្រទេស មកពីជុំវិញពិភពលោក លេចវត្តមានថតរូបអប្សរានៅប្រាសាទអង្គរវត្ត ដើម្បីជាការួមចំណែកផ្សព្វផ្សាយពីតំបន់ទេសចរណ៍មរតកវប្បធម៌ដូនតាខ្មែរទៅកាន់អន្តរជាតិ។

ជាក់ស្ដែងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ Universal Woman Cambodia ក្រៅពីការបង្ហាញរូបភាពគ្រងឈុតអប្សរា ក៏បានលើកឡើងថា «ឈុត អប្សរា ពី Universal Woman 2024 នៅទឹកដីប្រាសាទអង្គរវត្ត ទោះជាក្តៅយ៉ាងណា ក៏យើងព្យាយាមឲ្យបេក្ខភាពដោះស្បែកជើង ដើម្បីថតរូបផ្លូវការតាមក្បួនច្បាប់របស់ខ្មែរដែរ យើងក៏អរគុណ និងសរសើរដល់បេក្ខភាពដូចគ្នា ដែលគោរពតាមក្បួនខ្នាតរបស់ខ្មែរយើង»។
ប្រភពដដែលបានបន្ថែមថា «បងប្អូន នេះជាសកម្មភាពខ្លះៗ នៅពីក្រោយការថតរូបនៅប្រាសាទអង្គរវត្តរបស់ Universal Woman 2024 លោកគ្រូ-អ្នកគ្រូ ក្រុមការងារទាំងអស់ បានព្យាយាមបង្រៀនពីការរាំរបាំអប្សរា ការថតរូបអប្សរា អត្ថន័យ នៃក្បាច់របាំអប្សរា ហើយព្យាយាមមើលសម្លៀកបំពាក់ ដើម្បីធានាឲ្យបានថា ត្រូវតាមក្បួនខ្នាត និងមានរបៀបរៀបរយ យើងក៏ព្យាយាមធ្វើឲ្យបានល្អបំផុត និងប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានចន្លោះខ្វះខាត សូមអធ្យាស្រ័យផងបងប្អូន “អបអរសាទរកម្មវិធីទទួលស្វាគមន៍ស្ត្រីចក្រវាល ស្ត្រីចក្រវាល លើកទី ២ ឆ្នាំ ២០២៤”»។

សូមបញ្ជាក់ថា ការប្រកួតលំដាប់អន្តរជាតិ Universal Woman 2024 កំពុងប្រព្រឹត្តិឡើងនៅលើទឹកដីប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ ដែលមានបវរកញ្ញាច្រើនជាង ៦០ ប្រទេស មកពីជុំវិញពិភពលោក។
កម្មវិធីប្រកួតសម្រស់ស្ត្រីចក្រវាល (Universal Woman) គឺជាកម្មវិធីដែលផ្តោតលើតម្លៃគ្រួសារ ការផ្សព្វផ្សាយវប្បធម៌ចម្រុះ ទេសចរណ៍ និងការគោរពចំពោះស្ត្រី។ គោលបំណងសំខាន់ ដើម្បីគ្រងតំណែងស្ត្រីជា«ទូតសុឆន្ទៈ នៃសេចក្ដីសប្បុរស» ដែលអាចជាគំរូដ៏ល្អរបស់ស្ត្រីទូទាំងសកលលោក និងមានបេះដូងល្អចំពោះការអត់ឱន និងការរួបរួមគ្នាក្នុងចំណោមប្រទេសទាំងអស់ក្នុងពិភពលោក៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


