Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ព្រមានរុស្ស៊ីថា មីស៊ីល Tomahawk នឹងទៅដល់ដៃ អ៊ុយក្រែន បើសង្គ្រាមមិនចប់

បានផុស

នៅ

ជាការដាក់សម្ពាធខ្លាំងៗលើរុស្ស៊ី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានថា​ លោកនឹងបញ្ជូនមីស៊ីល Tomahawk ទៅឲ្យអ៊ុយក្រែន ប្រសិនបើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមិនបញ្ចប់ទេនោះ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងរបស់មេដឹកនាំអាមេរិកកាលពីថ្ងៃអាទិត្យទី១២ខែតុលាឆ្នាំ២០២៥, លោកនឹងជម្រាបទៅប្រមុខដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន អំពីរឿងនេះ។

លោកត្រាំប្រាប់ទៅអ្នកកាសែតថា «ខ្ញុំនឹងប្រាប់ទៅលោកពូទីនថា បើសង្គ្រាមមិនចប់ទេនោះ អ៊ុយក្រែននឹងទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ហើយ។ ខ្ញុំនឹងបញ្ជូនមីស៊ីលនេះឲ្យពួកគេ»។

មុននេះ លោកត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏ពិភាក្សាគ្នាតាមទូរសព្ទរួចហើយដែរ អំពីវិធី​បញ្ចប់ការឈ្លានពានរបស់រុស្ស៊ី ដោយក្នុង​នោះ​ការផ្គត់ផ្គង់​មីស៊ីល Tomahawk ​របស់​ក្រុង​វ៉ាស៊ីនតោន​ដល់អ៊ុយក្រែន ហាក់​ទំនងជា​អាច​កើត​មានឡើង។

មីស៊ីល Tomahawk បាញ់ចេញពីនាវា (រូបថត៖ Reuters)

លោក ហ្សេលេនស្គី ហៅការសន្ទនានេះថា «វិជ្ជមាននិងប្រកបដោយផ្លែផ្កា» ដោយនិយាយថា មេដឹកនាំទាំងពីរបានជជែក​អំពីការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន និងធានាបាននូវ «កិច្ចព្រមព្រៀងជាក់លាក់»​មួយ​ចំនួន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Heorhii Tykhyi, កិច្ចពិភាក្សាអំពីការផ្តល់មីស៊ីល Tomahawk កំពុងដំណើរការយ៉ាងល្អ ដោយមានការសម្របសម្រួលបច្ចេកទេសរួចហើយ។

សូមជម្រាបជាថ្មី មីស៊ីល Tomahawk រយៈចម្ងាយ២ ៥០០គីឡូម៉ែត្រមួយគ្រាប់តម្លៃ១.៣លានដុល្លារអាមេរិក ត្រូវបានគេមើលឃើញថាជាអាវុធផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់អ៊ុយក្រែន ដែលមានសមត្ថភាពវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ ជាមួយនឹងភាពត្រឹមត្រូវខ្ពស់។ អ្នកវិភាគនិយាយថា ទង្វើបែបនេះនឹងបង្កើនសម្ពាធយ៉ាងខ្លាំងលើវិមានក្រឹមឡាំង ដើម្បីពិចារណាការចរចាសន្តិភាព៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ និង ហ្សេលេនស្គី ជជែក​គ្នា​តាម​ទូរសព្ទ​អំពីមីស៊ីល Tomahawk ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម