Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​ទទួល​សាកសព​ចំណាប់ខ្មាំង​ម្នាក់​ទៀត​ពី​ហ្គាហ្សា ខណៈ​ភាព​តានតឹង​បទឈប់បាញ់​កើនឡើង

បានផុស

នៅ

អ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃសៅរ៍​ទី​១៨​ខែតុលា​នេះ​ថា កាកបាទក្រហមបានប្រគល់សាកសពចំណាប់ខ្មាំង​ម្នាក់ទៀតមកពីតំបន់ហ្គាហ្សា ខណៈដែលភាពតានតឹង​កាន់តែកើន​ឡើង​ទោះ​​​កំពុង​ស្ថិត​ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស​ក៏​ដោយ។

តំបន់​ហ្គាហ្សា (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជូន​​​នេះ ជា​សាកសព​ចំណាប់​ខ្មាំង​ទី​​១០​​ ដែលអ៊ីស្រាអែលបានទទួល ក្នុងចំណោម​សាក​សព​ចំណាប់ខ្មាំង​២៨​នាក់​ ដែលត្រូវបានគេជឿថា​ត្រូវ​បាន​ឃាត់​ទុក​​នៅ​​ក្នុង​តំបន់​ហ្គាហ្សា។ ក្រុម​ហាម៉ាស​ បាន​លើក​ឡើង​ថា ខ្លួនប្រឈមនឹង«បញ្ហាបច្ចេកទេស» ក្នុងការស្វែងរកទីតាំងផ្សេងទៀត ដោយលើកឡើងពីតម្រូវការសម្រាប់គ្រឿងចក្រធុនធ្ងន់ និងឧបករណ៍ជីកកកាយ ដើម្បីសង្គ្រោះសាកសពដែលកប់នៅក្រោមគំនរបាក់បែក។

យ៉ាង​ណា​មិញ អ៊ីស្រាអែល​បាន​ចោទ​ក្រុម​ហាម៉ាស​ថា​បាន​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ជាប់​គាំង ​ហើយ​បាន​ព្រមាន​ថា ​ក្រុម​នេះ​«ជិត​អស់​ពេល​ហើយ»។ ក្រុមហាម៉ាសទទូចថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងប្រគល់សាកសពទាំងអស់ដែលនៅសេសសល់។

ភាព​តានតឹង​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ភាព​ផុយស្រួយ​នៃ​បទ​ឈប់បាញ់​ ដែលជាដំណាក់កាលដំបូងនៃផែនការ​២០​ចំណុចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាម ដែលបានបញ្ឈប់ការប្រយុទ្ធគ្នាយ៉ាងសាហាវ ចាប់តាំងពី​ចូលជាធរមានកាលពីសប្តាហ៍មុន។

នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងអង់ការ៉ា រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានព្រមានថា អ៊ីស្រាអែលអាចនឹងប្រើការពន្យារពេលរបស់ក្រុមហាម៉ាសជាលេសដើម្បីបន្តធ្វើអរិភាពឡើងវិញ។ លោកបាននិយាយថា «តើអ៊ីស្រាអែលនឹងប្រើអសមត្ថភាពរបស់ក្រុមហាម៉ាស ដើម្បីកំណត់ទីតាំងសាកសពដែលបន្សល់ទុកនៅក្រោមគំនរបាក់បែក ជាលេស និងបំបែកបទឈប់បាញ់ដែរឬទេ? មានការព្រួយបារម្ភនៅក្នុងសហគមន៍អន្តរជាតិជុំវិញរឿងនេះ»។

នៅព្រឹកថ្ងៃសុក្រ ក្រុមហាម៉ាសបានជំរុញ​ឲ្យ​អ្នកសម្របសម្រួលអេហ្ស៊ីប កាតា និងតួកគី ពន្លឿនដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ រួមទាំងការបើកព្រំដែន​​ហ្គាហ្សា​ឡើងវិញ អនុញ្ញាត​ឲ្យ​មានការចែកចាយជំនួយ ចាប់ផ្តើមការកសាងឡើងវិញ និងការបញ្ចប់ការដកទ័ពរបស់អ៊ីស្រាអែល។

ទោះបីជាមានបទឈប់បាញ់ក៏ដោយ ភ្នាក់ងារ​ការពារស៊ីវិលរបស់ហ្គាហ្សាបាន​ប្រាប់​ថា មនុស្ស​១១​នាក់ រួមទាំងកុមារ​៧នាក់ និងស្ត្រី​៣​នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើរថយន្តមួយនៅភាគអាគ្នេយ៍នៃទីក្រុងហ្គាហ្សា។ យោធា​អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ទេ។

រថយន្ត​កាកបាទក្រហមដែល​ទទួលសាកសពចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល (រូបថត៖ AP)

ការ​ដោះដូរ​ចំណាប់ខ្មាំង​ត្រូវ​បាន​សម្របសម្រួលដោយកាកបាទក្រហម ដោយ​បច្ចុប្បន្ន​​ចំណាប់ខ្មាំងនៅរស់ចំនួន​២០​នាក់ដែលត្រូវបានចាប់ខ្លួនក្នុងកំឡុងថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣​ ត្រូវបានដោះលែងកាលពីដើមសប្តាហ៍នេះ។

អ៊ីស្រាអែលបាន​ប្រកាស​កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងរៀបចំបើកច្រក​ទីក្រុង​ Rafah ឡើងវិញជាមួយអេហ្ស៊ីប ដើម្បីអនុញ្ញាត​ឲ្យ​មានចលនា​ចេញ​ចូល​ពីតំបន់ហ្គាហ្សា ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទទេ ខណៈដែលភាគីទាំងពីរនៅ​តែ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​​អំពីការរំលោភបទឈប់បាញ់៕

ដោយ៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម