Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខការទូត​អាមេរិក និងចិន ជួបគ្នានៅ​ម៉ានីល រៀបចំផ្លូវសម្រាប់ជំនួបកំពូលលោក ត្រាំ និង​លោក ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងត្រូវជួបពិភាក្សាការងារផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅ​ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ នេះ​បើយោងតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារព័ត៌មាន REUTERS នា​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៦។

លោក Marco និង​លោក Wang (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបសំខាន់រវាងមន្ត្រីការទូតជាន់ខ្ពស់នៃមហាអំណាចទាំងពីរនេះ ត្រូវបានគេរំពឹងថានឹងផ្តោតសំខាន់លើការរៀបចំផ្លូវ សម្រាប់ជំនួបកំពូលរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ស៊ី ជិនពីង ដែលអាចនឹងប្រព្រឹត្តទៅនាចុងខែកញ្ញាខាងមុខ។

ការជួបគ្នានេះ កើតឡើងក្នុងកំឡុងពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ស្ថិតក្នុងភាពប្រយ័ត្នប្រយែងខ្លាំង ស្របពេលដែលលោក ដូណាល់ ត្រាំ ទើបតែបានចោទប្រកាន់ចិនកាលពីសប្តាហ៍មុនថា បានជ្រៀតជ្រែកកិច្ចការបោះឆ្នោតអាមេរិក ប៉ុន្តែភាគីក្រុងប៉េកាំងបានបដិសេធភ្លាមៗ។ លើសពីនេះ បរិយាកាសនៃកិច្ចប្រជុំនៅក្រុងម៉ានីល កាន់តែមានភាពក្តៅគគុក ដោយសារតែភាពតានតឹងផ្នែកការទូត បានផ្ទុះឡើងជាថ្មីរវាងចិន និងហ្វីលីពីន ជុំវិញការប៉ះទង្គិចគ្នានៅដែនសមុទ្រចិនខាងត្បូង រហូតឈានដល់ការកោះហៅអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ ដើម្បីធ្វើការតវ៉ា។

មុនពេលឈានចូលតុចរចា លោក Marco Rubio បានចេញមុខបញ្ជាក់យ៉ាងច្បាស់ អំពីការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការឈរឈ្មោះការពារសេរីភាពនៃការនាវាចរណ៍ និងកាតព្វកិច្ចចំពោះសម្ព័ន្ធមិត្តក្នុងតំបន់។ លោកបានព្រមានតាមរយៈសារព័ត៌មានហ្វីលីពីនថា ប្រសិនបើដែនទឹកដ៏សំខាន់នោះ ត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់មហាអំណាចណា ដែលប្រើប្រាស់ពាណិជ្ជកម្មជាអាវុធភូមិសាស្ត្រនយោបាយ នោះទាំងអាមេរិក និងបណ្តាប្រទេសអាស៊ាន នឹងត្រូវប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព សន្តិសុខ និងអនាគតសេដ្ឋកិច្ចរបស់ខ្លួន។

ដោយឡែក ភាគីចិនដែលទាមទារអធិបតេយ្យភាពស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ក៏បានបង្ហាញជំហររឹងមាំផងដែរ។ ក្នុងជំនួបជាមួយអគ្គលេខាធិការអាស៊ាន លោក Wang Yi បានចោទប្រកាន់ថា ភាគីសន្តិសុខរបស់ហ្វីលីពីនកំពុងចេតនាឌឺដង និងបង្កើតហេតុការណ៍នៅដែនសមុទ្រ ដើម្បីបម្រើប្រយោជន៍ឱ្យ «កម្លាំងខាងក្រៅ»។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូង មិនគួរជាឧបសគ្គដល់ទំនាក់ទំនងរវាងចិន និងអាស៊ាននោះទេ ហើយក្រុងប៉េកាំងប្រកាសចង់ធ្វើការជាមួយប្លុកអាស៊ាន ដើម្បីជម្រះរាល់កត្តារំខានទាំងឡាយ និងរក្សាស្ថិរភាពតំបន់ឱ្យបានល្អប្រសើរ៕

លោក ស៊ី និងលោក ត្រាំ (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម