ព័ត៌មានអន្ដរជាតិ
ភាពខុសគ្នារវាងយន្តហោះចម្បាំង Gripen និង Rafale ដែល អ៊ុយក្រែន គ្រោងទិញឆាប់ៗ
ក្នុងអំឡុងពេលទស្សនកិច្ចថ្មីៗនេះទៅកាន់ប្រទេសបារាំង ប្រធានាធិបតីអ៊ុយក្រែនលោក លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយសមភាគីបារាំង គឺលោក Emmanuel Macron។ លក្ខខណ្ឌមួយចំនួននៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ រួមមានការទិញយន្តហោះចម្បាំង Rafale ប្រព័ន្ធការពារដែនអាកាស SAMP/T គ្រាប់បែកណែនាំ AASM Hammer យន្តហោះគ្មានមនុស្សបើក និងរ៉ាដាពីទីក្រុងប៉ារីស។

ដោយមិនបង្អង់យូរ គេហទំព័រយោធា Defense Express បានចេញផ្សាយការវិភាគ និងការប្រៀបធៀបគុណសម្បត្តិ និងគុណវិបត្តិនៃយន្តហោះ Rafale និង Gripen ខណៈដែលរដ្ឋាភិបាលអ៊ុយក្រែនកាលពីខែមុន ក៏បានចាប់អារម្មណ៍លើយន្តហោះចម្បាំង ដែលផលិតនៅស៊ុយអែតផងដែរ។
រឿងដំបូងដែលត្រូវបញ្ជាក់អំពីយន្តហោះចម្បាំង Rafale និង Gripen គឺថាពួកវាទាំងពីរគឺជាយន្តហោះចម្បាំងជំនាន់ទី៤+ ដែលបង្កើតឡើងដោយសាជីវកម្មការពារជាតិបារាំង និងស៊ុយអែតរៀងៗខ្លួន ខណៈពេលដែលយន្តហោះ Saab AB JAS 39 Gripen ជាយន្តហោះដែលមានម៉ាស៊ីនតែមួយ ចំណែកយន្តហោះ Dassault Aviation Rafale មានការរចនាម៉ាស៊ីនពីរ។
ភាពខុសគ្នានេះក៏បណ្តាលឲ្យមានគម្លាតធំមួយនៅក្នុងទម្ងន់ហោះឡើងអតិបរមារបស់យន្តហោះចម្បាំងទាំងពីរផងដែរ ដោយសារ Gripen អាចផ្ទុកអាវុធ និងប្រេងឥន្ធនៈបានត្រឹមតែ ១៦.៥ តោនប៉ុណ្ណោះ ខណៈដែលទម្ងន់របស់យន្តហោះ Rafale គឺ ២៤.៥ តោនឯណោះ។
ទម្ងន់ផ្ទុកធំជាងរបស់ Rafale មានន័យថា យន្តហោះអាចផ្ទុកប្រេងឥន្ធនៈ និងអាវុធបានកាន់តែច្រើន។ ការរចនាម៉ាស៊ីនពីររបស់យន្តហោះប្រភេទនេះដែរ មិនត្រឹមតែអាចទុកចិត្តបានច្រើនជាងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានកម្លាំងរុញច្រានកាន់តែច្រើននៅពេលហោះហើរផងដែរ។
ទាក់ទងនឹងអាវុធ យន្តហោះ Gripen ត្រូវបានបំពាក់ដោយចំណុចរឹងចំនួន ១០ និងអាចផ្ទុកអាវុធបាន ៧.២ តោន។ ទន្ទឹមនឹងនេះ ស៊េរី Rafale ប្រើប្រាស់ចំណុចរឹងចំនួន ១៤ និងអាចផ្ទុកអាវុធបាន ៩.៥ តោន។
ទាក់ទងនឹងប្រេងឥន្ធនៈវិញ Rafale បានបំពាក់ដោយរថក្រោះជំនួយដែលអាចជួយយន្តហោះឲ្យហោះហើរបានចម្ងាយអតិបរមារហូតដល់ ៣,៧០០ គីឡូម៉ែត្រ។ ចំពោះ Gripen របាយការណ៍មួយចំនួននិយាយថា ចម្ងាយប្រតិបត្តិការអតិបរមាអាចឡើងដល់ ៤ពាន់គីឡូម៉ែត្រ។ យ៉ាងណា ទាំង Gripen និង Rafale អាចបំពេញប្រេងឥន្ធនៈតាមអាកាសបានដូចគ្នា។
ថ្វីដ្បិតតែបែបនេះក្ដី ចំណុចសំខាន់បំផុតនៅពេលប្រៀបធៀបខ្សែយន្តហោះចម្បាំងទាំងពីរខាងលើមិនមែនជាទិន្នន័យលើបន្ទុក ឬចម្ងាយហោះហើរនោះទេ។ ប្រព័ន្ធដែលបំពាក់នៅលើពួកវាដើរតួនាទីយ៉ាងសំខាន់។ Rafale បំពាក់ដោយរ៉ាដា AESA Thales RBE2-AA ខណៈពេលដែល Gripen E ប្រើរ៉ាដា Leonardo Raven ES-05 ក៏ជារ៉ាដា AESA X-band ផងដែរ។

ដោយឡែក ចំពោះសមត្ថភាពរួមបញ្ចូលអាវុធ យន្តហោះ Rafale និង Gripen អាចផ្ទុកអាវុធអាកាសទៅអាកាស អាកាសទៅដី ឬអាកាសទៅនាវាជាច្រើនប្រភេទ។ ប៉ុន្តែ យោងតាមប្រភពពី Defence Express យន្តហោះ Gripen របស់ស៊ុយអែត មានស្ថាបត្យកម្មបើកចំហ ដូច្នេះវាងាយស្រួលក្នុងការរួមបញ្ចូលអាវុធតាមតម្រូវការរបស់អតិថិជន ចាប់ពី AIM-120 AMRAAM, AIM-9 រហូតដល់ IRIS-T។ ទន្ទឹមនឹងនេះ Rafale របស់បារាំង ងាយនឹងប្រើប្រាស់អាវុធដែលបង្កើតឡើងដោយក្រុមហ៊ុន MBDA Group ដែលមានមូលដ្ឋាននៅប្រទេសបារាំង ដូច្នេះភាពបត់បែនក្នុងការរួមបញ្ចូលអាវុធនឹងទាបជាង។
ទាក់ទងនឹងថ្លៃដើមប្រតិបត្តិការ Rafale មានតម្លៃថ្លៃជាងគួរឲ្យកត់សម្គាល់ទាំងតម្លៃទិញ និងថ្លៃដើមប្រតិបត្តិការ។ ក្នុងន័យនេះ យន្តហោះស៊ុយអែតត្រូវបានគេចាត់ទុកថាល្អជាងយន្តហោះចម្បាំងបារាំង ព្រោះ Gripen គឺជាយន្តហោះចម្បាំង 4+ ដែលមានថ្លៃដើមប្រតិបត្តិការទាបបំផុតនាពេលបច្ចុប្បន្ន អាចដំណើរការលើផ្លូវរត់ខ្លីៗ និងងាយស្រួលថែទាំ ដែលជាលក្ខណៈនៃការរចនាយន្តហោះស៊ុយអែតតាំងពីដំបូង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អ៊ុយក្រែន ស្នើសុំកែប្រែផែនការសន្តិភាព ដែលគាំទ្រដោយ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


