ព័ត៌មានអន្ដរជាតិ
ប្រេងឆៅរបស់វ៉េណេស៊ុយអេឡាច្រើនប៉ុណ្ណា ទើបលោកម៉ាឌូរ៉ូចេះតែចោទអាមេរិកថាចង់បាន?
ឋានៈរបស់ប្រទេសវ៉េណេស៊ុយអេឡាជាម្ចាស់ទុនបម្រុងប្រេងដ៏ធំជាងគេបំផុតក្នុងពិភពលោក នៅតែបន្តបង្កើតភាពចម្រូងចម្រាសជាមួយមហាអំណាចអាមេរិក ខណៈដែលលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនម្តងហើយម្ដងទៀតថា មានបំណងអាក្រក់ចង់លេបយកទ្រព្យសម្បត្តិប្រេងរបស់ប្រទេសលោក។

យោងតាម Al Jazeera វ៉េណេស៊ុយអេឡាមានទុនបម្រុងប្រេងឆៅប្រមាណ ៣០៣ពាន់លានបារ៉ែល ច្រើនជាងអារ៉ាប៊ីសាអូឌីត និងស្ទើរតែមួយភាគប្រាំនៃទុនបម្រុងដែលរកឃើញនៅលើពិភពលោក។ ភាគច្រើននៃទុនបម្រុងនេះស្ថិតនៅក្នុងតំបន់ Orinoco Belt ដែលជាតំបន់សម្បូរដោយប្រភេទប្រេងខាប់ខ្លាំង ដែលទាមទារការចំណាយថ្លៃដើមខ្ពស់ក្នុងការទាញយក និងការកែច្នៃជំនាញឯកទេស មុនពេលវាអាចត្រូវបានលក់នៅលើទីផ្សារសកល។
ទោះបីជាមានមូលដ្ឋានធនធានដ៏ធំសម្បើមក៏ដោយ ក៏វ៉េណេស៊ុយអេឡាផលិតបានតិចជាងសក្តានុពលរបស់ខ្លួនឆ្ងាយមែនទែន។ ការវិនិយោគមិនគ្រប់គ្រាន់ជាច្រើនឆ្នាំ ទណ្ឌកម្មអាមេរិក និងការធ្លាក់ចុះនៃប្រតិបត្តិការនៅក្រុមហ៊ុនប្រេងរដ្ឋ PDVSA បានកាត់បន្ថយទិន្នផលមកត្រឹមមួយចំណែកតូចប៉ុណ្ណោះនៃកម្រិតដែលធ្លាប់មាននៅដើមទសវត្សរ៍ឆ្នាំ២០០០។ អ្នកវិភាគឧស្សាហកម្ម បាននិយាយថា គម្លាតរវាងទុនបម្រុង និងផលិតកម្មបានរីកធំយ៉ាងខ្លាំង រហូតដល់ប្រេងរបស់វ៉េណេស៊ុយអេឡាបានក្លាយជានិមិត្តសញ្ញាភូមិសាស្ត្រនយោបាយដូចជាទ្រព្យសម្បត្តិសេដ្ឋកិច្ចមួយអ៊ីចឹង។
ការលក់ប្រេងបង្កើតបានយ៉ាងហោចណាស់៩៥%នៃប្រាក់ចំណូលនាំចេញរបស់វ៉េណេស៊ុយអេឡា ដែលធ្វើឲ្យប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងលើឧស្សាហកម្មប្រេងសម្រាប់ហិរញ្ញប្បទានរបស់រដ្ឋ។ នេះបើយោងតាម Bloomberg។
លោកម៉ាឌូរ៉ូ បានអះអាងម្តងហើយម្តងទៀតថា ទណ្ឌកម្ម និងសម្ពាធនយោបាយរបស់អាមេរិក មានគោលបំណងធ្វើឲ្យរដ្ឋាភិបាលរបស់លោកអស្ថិរភាព និងចង់ចូលទៅកាន់កាប់ប្រេងរបស់វ៉េណេស៊ុយអេឡា។ ទីក្រុងវ៉ាស៊ីនតោនបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ទណ្ឌកម្មកំណត់គោលដៅទៅលើអំពើពុករលួយ និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ មិនមែនទៅលើវិស័យថាមពលរបស់វ៉េណេស៊ុយអេឡាដោយផ្ទាល់នោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ទំហំនៃទុនបម្រុងនៅតែធ្វើឲ្យវ៉េណេស៊ុយអេឡាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ការគ្រប់គ្រងប្រេងខាប់នៅក្នុងតំបន់ Orinoco ដែលមានបញ្ហាប្រឈមផ្នែកបច្ចេកទេស ប៉ុន្តែសម្បូរហូរហៀរ នឹងផ្តល់ឲ្យរដ្ឋាភិបាល ឬវិនិយោគិនណាមួយនូវឥទ្ធិពលរយៈពេលវែងនៅក្នុងទីផ្សារថាមពលសកល។ អ្នកវិភាគបានលើកឡើងថា ការយល់ឃើញនេះហើយដែលជំរុញរឿងតំណាលមិនចេះចប់មិនចេះហើយរបស់លោកម៉ាឌូរ៉ូ ដែលថា មហាអំណាចបរទេសចេះតែលូកលាន់កិច្ចការផ្ទៃក្នុងវ៉េណេស៊ុយអេឡា ហេតុតែចង់បានផលប្រយោជន៍ថាមពល។

សម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា ទ្រព្យសម្បត្តិប្រេងរបស់ប្រទេសខ្លួនផ្ទុយស្រឡះពីការពិតនៃសេដ្ឋកិច្ចរបស់ពួកគេ។ អតិផរណា កង្វះខាត និងហេដ្ឋារចនាសម្ព័ន្ធដែលដួលរលំនៅតែបន្តមាន ទោះបីជារដ្ឋគ្រប់គ្រងប្រេងច្រើនជាងប្រទេសដទៃក៏ដោយ។ ផលិតកម្មបានកើនឡើងបន្តិចបន្តួចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលទីក្រុង Caracas ស្វែងរកដៃគូថ្មី ប៉ុន្តែនៅតែទាបជាងកម្រិតដែលត្រូវការដើម្បីត្រឡប់វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់ប្រទេសមួយនេះ។
ស្របពេលដែលអាមេរិកនៅតែបន្តដាក់សម្ពាធដោយការដាក់ពង្រាយកងកម្លាំងជាច្រើនរួមទាំងនាវាចម្បាំងនៅក្នុងតំបន់ការ៉ាប៊ីន រដ្ឋាភិបាលលោកម៉ាឌូរ៉ូ ត្រូវបានគេរំពឹងថានឹងបន្តលើកយកទ្រព្យសម្បត្តិប្រេងរបស់ប្រទេសខ្លួនជាខែលការពារ និងចំណុចប្រមូលផ្តុំអំណាច ហើយចោទប្រកាន់អាមេរិកថា«ឈ្លានពានបែបអាណានិគម» និងប្រើលេសកម្ចាត់ក្រុមភេរវករគ្រឿងញៀនគ្រាន់តែចង់ប្ដូររបបគ្រប់គ្រង ព្រមទាំងដណ្ដើមយកការកាន់កាប់ទុនបម្រុងប្រេងដ៏មហិមារបស់វ៉េណេស៊ុយអេឡាតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


