Connect with us

ព័ត៌មានអន្ដរជាតិ

លោកអាន់វ៉ា ស្នើឲ្យកម្ពុជា-ថៃ ឈប់បាញ់ម៉ោង១០យប់នេះ និងប្រើផ្កាយរណបអាមេរិក ដើម្បីស្វែងរកការពិត

បានផុស

នៅ

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Facebook នៅរសៀលថ្ងៃសៅរ៍ទី១៣ខែធ្នូឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញក្តីបារម្ភពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងសុំឲ្យភាគីទាំង២ឈប់បាញ់ត្រឹមម៉ោង១០យប់នេះ ហើយក៏ស្នើឲ្យបញ្ជូនក្រុមសង្កេតការណ៍អាស៊ាន (AOT) ទៅព្រំដែន និងប្រើប្រាស់ផ្កាយរណបរបស់អាមេរិក ដើម្បីស្វែងរកការពិតផងដែរ។

នេះគឺជាខ្លឹមសារទាំងស្រុងដែលលោក អាន់វ៉ា បង្ហោះលើ Facebook ផ្ទាល់របស់លោក៖ «ក្រោយកិច្ចពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald J. Trump និងស្របពេលភាពតានតឹងដែលកំពុងបន្តនៅព្រំដែនកម្ពុជា-ថៃ ខ្ញុំបានធ្វើការសន្ទនាតាមទូរស័ព្ទដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul និងនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត។ ក្នុងកិច្ចពិភាក្សានោះ ខ្ញុំបានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងក្លារបស់ម៉ាឡេស៊ី និងជំរុញឲ្យភាគីទាំងសងខាងអត់ធ្មត់ខ្ពស់បំផុត បញ្ឈប់អរិភាពគ្រប់ទម្រង់ និងកុំចាត់វិធានការយោធាបន្តទៀត រួមទាំងការប្រើប្រាស់អំពើហិង្សា ឬចល័តកងកម្លាំងប្រដាប់អាវុធទៅជួរមុខផងដែរ ដោយចាប់ផ្តើមអនុវត្តនៅម៉ោង ១០:០០ នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៥។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សម្រួលភាពតានតឹង និងបង្កើនតម្លាភាព ម៉ាឡេស៊ី បានស្នើសុំការចាត់តាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយ មេបញ្ជាការកងកម្លាំងម៉ាឡេស៊ី ដើម្បីតាមដានសភាពការណ៍ដល់កន្លែង។ បេសកកម្មនេះក៏នឹងត្រូវបានគាំទ្រដោយការត្រួតពិនិត្យតាមផ្កាយរណបដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងពេលតែមួយផងដែរ។ ទិន្នន័យពីផ្កាយរណបនិងទិន្នន័យនៅនឹងកន្លែង នឹងត្រូវបានប្រមូលដោយ AOT រួចបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលគ្រោងធ្វើនៅថ្ងៃអង្គារទី១៦ ខែធ្នូ។ របាយការណ៍នេះនឹងផ្តល់នូវរបាយការណ៍គោលបំណងមួយអំពីស្ថានការណ៍ រួមទាំងទីតាំងរបស់ភាគីទាំងពីរ គណនេយ្យភាព ការកសាងទំនុកចិត្ត ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ម៉ាឡេស៊ីនៅតែផ្តោតលើការងារយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាននិងសហគមន៍អន្តរជាតិដើម្បីធានាថា កិច្ចសន្ទនា ការអត់ធ្មត់ និងការទូត ត្រូវបានលើកកម្ពស់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម