ព័ត៌មានអន្ដរជាតិ
រ៉យទ័រ៖ ថៃនៅរឹងទទឹងបន្តការប្រយុទ្ធ ទោះបីលោកត្រាំអះអាងពីបទឈប់បាញ់ថ្មីជាមួយកម្ពុជា
នាយករដ្ឋមន្ត្រីចាំផ្ទះថៃ នៅតែរឹងទទឹងបន្តប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនជាមួយកម្ពុជា ខណៈយន្តហោះចម្បាំងរបស់ក្រុងបាងកកបានវាយប្រហារគោលដៅប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកបានសម្របសម្រួលបទឈប់បាញ់ថ្មីហើយក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនាថ្ងៃអាទិត្យទី១៤ខែធ្នូឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន ឆានវីរៈគុល បានលើកឡើងថា ថៃនឹង«បន្តធ្វើសកម្មភាពយោធារហូតដល់យើងមានអារម្មណ៍ថាគ្មានការបង្កគ្រោះថ្នាក់ និងការគំរាមកំហែងដល់ទឹកដី និងប្រជាជនទៀត» ដោយច្រានចោលការអះអាងដែលថា អរិភាពត្រូវបានបញ្ឈប់ ដែលសម្ដីនេះហាក់ផ្គើនខ្លាំងទៅនឹងការអះអាងរបស់មេដឹកនាំអាមេរិក។
លោកត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកបានជជែកជាមួយលោកអានុទីន និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ហើយមេដឹកនាំទាំងពីរបានយល់ព្រម«បញ្ឈប់ការបាញ់ទាំងអស់»។ ខណៈកម្ពុជាបានសាទរនឹងការសម្របសម្រួលរបស់លោកត្រាំ លោកអានុទីន បែរជាចេញមុខមកទទូចទាំងទទឹងទិសថា មិនមានបទឈប់បាញ់ណាមួយត្រូវបានដាក់ឲ្យប្រើប្រាស់នោះឡើយ។
បើតាមរ៉យទ័រ អ្នកនាំពាក្យសេតវិមាន បានប្រកាសថា ប្រធានាធិបតីត្រាំ រំពឹងថាភាគីទាំងអស់នឹងគោរពការប្តេជ្ញាចិត្តរបស់ពួកគេ ដោយនិយាយថា «ប្រធានាធិបតីរំពឹងថា ភាគីទាំងអស់នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដែលពួកគេបានធ្វើក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ ហើយលោកនឹងដាក់ទោសនរណាម្នាក់តាមការចាំបាច់ ដើម្បីបញ្ឈប់ការសម្លាប់ និងធានាសន្តិភាពយូរអង្វែង»។

សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា កម្ពុជាស្វាគមន៍សំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលធ្លាប់សម្របសម្រួលកិច្ចចរចាពីមុន ដើម្បីបញ្ឈប់ការប្រយុទ្ធចាប់ពីយប់ថ្ងៃសៅរ៍។
លោកអាន់វ៉ា ដែលជាប្រធានប្លុកតំបន់អាស៊ាន បានជំរុញឲ្យភាគីទាំងពីរចៀសវាងសកម្មភាពយោធាបន្ថែមទៀតចាប់ពីម៉ោង១០យប់ថ្ងៃសៅរ៍ ហើយបាននិយាយថា ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលដឹកនាំដោយប្រមុខការពារជាតិម៉ាឡេស៊ី នឹងត្រូវដាក់ពង្រាយទៅកាន់ព្រំដែន ដោយអាមេរិកផ្តល់ការគាំទ្រដល់ការត្រួតពិនិត្យផ្កាយរណប។
ប៉ុន្តែលោកអានុទីន បានបញ្ជាក់ថា ថៃមិនបានយល់ព្រមបញ្ឈប់ប្រតិបត្តិការនោះទេ។ លោកបានប្រាប់អ្នកកាសែតថា «មិនមានកិច្ចព្រមព្រៀងណាមួយស្តីពីការបញ្ឈប់អ្វីទាំងអស់នោះឡើយ»។
សូមជម្រាបថា ជម្លោះតាមបណ្តោយព្រំដែនប្រវែង៨១៧គីឡូម៉ែត្ររបស់កម្ពុជា-ថៃ បានផ្ទុះឡើងសាជាថ្មី ចាប់តាំងពីថ្ងៃអាទិត្យ ដែលជាការប៉ះទង្គិចដ៏ខ្លាំងក្លាបំផុតចាប់តាំងពីការប្រឈមមុខដាក់គ្នារយៈពេល៥ថ្ងៃកាលពីខែកក្កដា ដែលត្រូវបានបញ្ឈប់បន្ទាប់ពីអន្តរាគមន៍របស់លោកត្រាំ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


