ព័ត៌មានអន្ដរជាតិ
អាន់វ៉ា អ៊ីប្រាហ៊ីម ឈានមុខសម្របសម្រួលជម្លោះដើម្បីសន្តិភាព ខណៈថៃរំលោភស្មារតីអាស៊ាន
នៅប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះឆ្នាំ២០២៥នឹងត្រូវបញ្ចប់ ហើយតួនាទីប្រធានអាស៊ានក៏នឹងត្រូវផ្លាស់ប្តូរដែរ។ អ្វីដែលគួរឲ្យចង់ចាំបំផុតសម្រាប់ឆ្នាំ២០២៥ គឺជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជា ដែលមេដឹកនាំពិភពលោកទាំងអស់បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ព្រមទាំងបានបង្ហាញជំហរដូចគ្នាឲ្យដោះស្រាយគ្នាដោយសន្តិភាព។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលត្រូវបានគេមើលឃើញថា បានបំពេញតួនាទីជាប្រធានអាស៊ានប្តូរវេនដ៏ល្អក្នុងពេលដែលវិបត្តិកើតមានក្នុងតំបន់និងពិភពលោក ព្រមទាំងទទួលបានការកោតសរសើរចំពោះភាពសកម្មសម្របសម្រួលដោយឥតលម្អៀងក្នុងជម្លោះថៃនិងកម្ពុជា។
លោក អាន់វ៉ា អីប្រាហ៊ីម ត្រូវបានគេចាត់ទុកថាជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាពក្នុងជម្លោះកម្ពុជា-ថៃ ដោយសារភាពសកម្មភាពវិស័យការទូតដ៏លេចធ្លោរ និងរក្សាបាននូវក្នុងឋានៈជាភាគីទីបីដែលមានអព្យាក្រឹត និងសមត្ថភាពក្នុងការភ្ជាប់អាស៊ានទៅស្ថាប័នអន្តរជាតិ និងប្រទេសមហាអំណាចដែលកំពុងប្រជែងឥទ្ធិពលក្នុងតំបន់។
ក្នុងរយៈពេលដ៏ខ្លីក្រោយការផ្ទុះអាវុធរវាងថៃនិងកម្ពុជា បានកើតឡើងកាលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥ រដ្ឋាភិបាលម៉ាឡេស៊ី ដឹកនាំដោយលោក អាវ៉ាន់ អ៊ីប្រាហ៊ីម បានដឹកនាំសម្របសម្រួលនាំយកបទឈប់បាញ់ដំបូងកាលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ ដោយមានការជ្រុមជ្រែងពីមហាអំណាចសហរដ្ឋអាមេរិក និង មហាអំណាចចិនធ្វើជាសាក្សីផង ដែលនាំឲ្យពិភពលោកមានការស្ងើចសរសើរ និងអបអរសាទរស្ទើរតែគ្រប់មេដឹកនាំនៃបណ្តាប្រទេសនិងស្ថាប័ននានា។
ដើម្បីធានាដល់ការតាមដានបទឈប់បាញ់ដ៏ផុយស្រួយនាពេលនោះ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ស្នើដាក់ចេញនូវក្រុមអង្កេតការណ៍បណ្តោះអាស៊ាន (IOT) ដឹកនាំដោយយោធាម៉ាឡេស៊ី និងការកំណត់ពេលវេលាប្រជុំជាបន្តបន្ទាប់ រួមមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC) គណៈកម្មាធិការព្រមដែនទូទៅ (GBC) និង គណកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) រហូតអាចសរុបរបាយការណ៍ដើម្បីសម្រេចបាននូវ «សេចក្តីប្រកាសរួម (Joint Declaration» នៅទីក្រុងកូឡាឡាំពួកាលថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ ដែលជាការឆ្លើយតបចំពោះការចង់បានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
នៅក្នុងការស្នើវិធានការតាមដាននោះដែរ នាយករដ្ឋមន្ត្រី អាន់វ៉ា ក៏បានស្នើម្តងហើយម្តងទៀតក្នុងការបំពាក់បច្ចេកវិទ្យាផ្កាយរណបដើម្បីតាមដាននៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ប៉ុន្តែជារឿយៗ មានឧបសគ្គក្នុងការអនុវត្តដែលគេជឿថា ភាគីថៃបានជំទាស់ដោយសារតែសកម្មភាពបង្កហេតុរបស់ខ្លួន។ ផែនការនៃការបំពាក់ផ្កាយរណបនេះ ត្រូវបានលោកអាន់វ៉ា ព្រលយចុងក្រោយនៅថ្ងៃទី១៤ខែធ្នូ ដែលជាការជួយជ្រុមជ្រែងពីសហរដ្ឋអាមេរិក ប៉ុន្តែលទ្ធផលនៃការតាមដាននោះ បានត្រឹមបង្ហាញដល់កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ខែធ្នូ ដោយមិនត្រូវបានបង្ហាញជាសាធារណៈទេ។

ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៥ លោក អាន់វ៉ា អ៊ីប្រាហ៊ីម មិនត្រឹមតែត្រូវបានកត់សម្គាល់ពីភាពសកម្មក្នុងការសម្របសម្រួលបទឈប់បាញ់ថៃ-កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែ លោក អាន់វ៉ា បានធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងម៉ាឡេស៊ីកាន់តែស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្មនិងការពារជាតិ និងការដាក់ឲ្យអាស៊ានស្ថិតនៅកណ្តាលក្នុងចន្លោះឥទ្ធ៊ិពលនៃមហាអំណាចអាមេរិកនិងចិននាពេលនេះ។ នេះយោងតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិកលើកទី១៣នៅទីក្រុងកូឡាឡាំពួ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកសរសើរ លោក នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ម្តងហើយម្តងទៀតចំពោះកិច្ចការរបស់លោកក្នុងការសម្របសម្រួលក្នុងការដោះស្រាយជម្លោះថៃនិងកម្ពុជា។ មិនថាថ្លែងនៅទីក្រុងវ៉ាស៊ីនតោន ថ្លែងនៅទីក្រុងកូឡាឡាំពួ ការថ្លែងនៅទីប្រទេសកូរ៉េខាងត្បូង ឬក៏ថា ការបញ្ចេញសារតាមបណ្តាញសង្គមទាក់ទិនដល់ជម្លោះថៃនិងកម្ពុជា ប្រធានាធិបតី ដូណាល់ ត្រាំ តែងលើកនូវគុណសម្បត្តិរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

ជាក់ស្តែងណាស់ លោក ដូណាល់ ត្រាំ បានថ្លែងនៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូងកាលពីចុងតុលា ដោយពណ៌នាអំពីស្ថានភាពជម្លោះថៃនិងកម្ពុជា ថា «ក្តៅពេកជាមួយនឹងគ្រាប់កាំភ្លើងហោះគ្រប់កន្លែង» ប៉ុន្តែ ដោយមានជំនួយពីប្រទេសម៉ាឡេស៊ី កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាដោយជោគជ័យរវាងប្រទេសទាំងពីរនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួ។
ថ្លែងនាពេលនោះ លោក ត្រាំ បានលើកឡើងថា៖«ម៉ាឡេស៊ីអស្ចារ្យណាស់ ហើយពួកគេបានជួយអនុវត្តវា (ការចុះហត្ថលេខា)។ នាយករដ្ឋមន្ត្រី [អាន់វ៉ា] ពិតជាអស្ចារ្យ បុរសដ៏អស្ចារ្យ។ [ខ្ញុំ]ទើបតែចាកចេញពីគាត់ ហើយក្នុងរយៈពេលពីរថ្ងៃ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ប្រជាជនទាំងពីរ [ថៃ និងកម្ពុជា] ទៅវិញទៅមក ពួកគេដូចជាមិត្តល្អបំផុត។
សម្រាប់រដ្ឋាភិបាលចិនវិញ តួនាទីដឹកនាំអាស៊ានរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលជម្លោះកម្ពុជានិងថៃ គឺជារឿងចាំបាច់ និងជំរុញឲ្យភាគីជម្លោះងាកទៅរកការចរចាតាមយន្តការរបស់អាស៊ាន ដើម្បីធ្វើបង្ហាញពីការរួបរួមគ្នារបស់អាស៊ាន។ ទោះបីជាបែបណា ថ្នាក់ដឹកនាំរដ្ឋាភិបាលចិនមិនមានការកោតសរសើរចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ផ្ទាល់ទេនោះទេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានកោតសរសើរតួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលជាការចង្អុលបង្ហាញទៅការដោះស្រាយជម្លោះដោយសន្តិវិធី។
ជារួម លោក អាន់វ៉ា អ៊ីប្រាហ៊ីម ខ្លួនឯងហាក់បានបង្ហាញបំណងច្បាស់ក្នុងការនាំយកនូវការឯកភាពក្នុងអាស៊ាន និងការដោះស្រាយជម្លោះប្រកបដោយសន្តិភាពរវាងកម្ពុជានិងថៃ ប៉ុន្តែគួរឲ្យសោកស្តាយ ដែលភាគីរដ្ឋាភិបាលថៃ ដឹកនាំដោយលោក អានុទីន ឆានវីរៈគុល ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនោះ បានធ្វើសកម្មភាពបង្កហេតុ និង មិនស្តាប់ជំហរដោះស្រាយរបស់អន្តរជាតិ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


