Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ព្រមានសងសឹកគ្មានមេត្តា ចំពោះអ្នកគំរាមកំហែងដល់សន្តិសុខជាតិកូរ៉េខាងជើង

បានផុស

នៅ

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ លោកគីម ជុងអ៊ុន កាលពីថ្ងៃទី២៥ធ្នូ​ បានចេញការបញ្ចាក់ពីផែនការរបស់ទីក្រុងសេអ៊ូលក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នឹងធ្វើឲ្យ​អស្ថិរភាពនៅក្នុងតំបន់កាន់តែអាក្រក់ទៅៗ ដោយហៅចលនានេះថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់កូរ៉េខាងជើង ដែលត្រូវតែសងសឹកគ្មានមេត្តា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចេញផ្សាយដោយ koreaherald លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលត្រួតពិនិត្យនៅនឹងកន្លែង នៃនាវាមុជទឹកមីស៊ីលដឹកនាំយុទ្ធសាស្ត្រដើរដោយថាមពលនុយក្លេអ៊ែរទម្ងន់ ៨.៧០០ តោនដែលកំពុងសាងសង់ ដោយធ្វើការព្រមានថា ការដេញតាមនាវាមុជទឹកនុយក្លេអ៊ែររបស់ទីក្រុងសេអ៊ូលគឺជា «ទង្វើវាយលុកដែលរំលោភយ៉ាងធ្ងន់ធ្ងរលើសន្តិសុខ និងអធិបតេយ្យភាពដែនសមុទ្រកូរ៉េខាងជើង»។

ដោយហៅកិច្ចខិតខំប្រឹងប្រែងនេះ ជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួនដែលត្រូវតែទប់ទល់។ លោកបានបញ្ជាក់ជាថ្មីនូវជំហររបស់ទីក្រុងព្យុងយ៉ាង ក្នុងការពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដើម្បីទប់ស្កាត់ជាមួយសត្រូវ។

លោកថែមទាំងគូសបញ្ចាក់ជំហរផ្ទាល់ខ្លួនថា វាចាំបាច់ក្នុងការធ្វើឲ្យសត្រូវយល់កាន់តែច្បាស់ថា ពួកគេប្រាកដជាត្រូវបង្ខំចិត្តបង់ថ្លៃខូចខាត នៅពេលដែលពួកគេរំលោភលើសន្តិសុខនៃអធិបតេយ្យភាពជាយុទ្ធសាស្ត្ររបស់ DPRK ដូច្នេះហើយ ពួកគេនឹងប្រឈមមុខនឹងការវាយប្រហារសងសឹកដោយគ្មានមេត្តា ប្រសិនបើព្យាយាមជ្រើសរើសជម្រើសយោធា។

ដោយឡែក យោងតាមរបាយការណ៍ KCNA នាថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា កូរ៉េខាងជើងកំពុងអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលបំពាក់ដោយមីស៊ីលនាំផ្លូវ គម្រោងមួយដែលបានបង្ហាញជាលើកដំបូងនៅក្នុងសមាជបក្សកាន់អំណាចក្នុងឆ្នាំ ២០២១។

មេដឹកនាំកូរ៉េខាងជើងលើកឡើងថា នាវាពិឃាតវាយប្រហារ និងនាវាមុជទឹកនុយក្លេអ៊ែរដែលទើបសាងសង់ថ្មីនឹងក្លាយជា ការលោតផ្លោះទៅមុខក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងនាវារបស់យើង។ លោកក៏បានសន្យាថានឹងបង្កើន ពង្រីកល្បឿន និងមាត្រដ្ឋាននៃការសាងសង់នាវាចម្បាំងលើដី និងក្រោមទឹកជាច្រើនប្រភេទ និងបំពាក់ជាបន្តបន្ទាប់នូវប្រព័ន្ធអាវុធវាយលុកផ្សេងៗគ្នា។

ក្នុងអំឡុងពេលត្រួតពិនិត្យរបស់លោក លោកគីមបានពិនិត្យឡើងវិញនូវការស្រាវជ្រាវលើអាវុធសម្ងាត់ក្រោមទឹកថ្មី ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ និងបានបង្ហាញផែនការដើម្បីរៀបចំកងកម្លាំងកងទ័ពជើងទឹកឡើងវិញ នេះបើយោងតាម ​​KCNA។

ទោះជាយ៉ាងណា ក្នុងពេលដែលលោកគីមស្តីបន្ទោសមហិច្ឆតាទីក្រុងសេអ៊ូល ចំពោះភាពតានតឹងកាន់តែអាក្រក់ទៅៗ បើតាមអ្នកជំនាញបានលើកឡើងថា ឧបទ្វីបកូរ៉េអាចនឹងឆ្ពោះទៅរកភាពមិនប្រាកដប្រជាកាន់តែច្រើន ខណៈដែលមេដឹកនាំកូរ៉េខាងជើង បានបង្កើនល្បឿនការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងប្រព័ន្ធមីស៊ីលទំនើបៗ ដោយចលនានេះ កំពុងផ្លាស់ប្តូរសក្ដានុភាពសន្តិសុខក្នុងតំបន់ជាមូលដ្ឋាន និងជំរុញឲ្យមានអស្ថិរភាពនៅទូទាំងតំបន់អាស៊ីឦសាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

១៤ប្រទេសចេញថ្កោលទោស អ៊ីស្រាអែល ដែលកាន់កាប់ តំបន់ West Bank

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម