ព័ត៌មានអន្ដរជាតិ
ត្រាំ ថា ផែនការសន្តិភាពអ៊ុយក្រែនសម្រេចបាន «៩៥%» ហើយ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យទី២៨ខែធ្នូឆ្នាំ២០២៥ថា កិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនគឺ «កាន់តែខិតជិតមែនទែនហើយ ប្រហែលជាជិតខ្លាំងណាស់» បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទោះបីជាមេដឹកនាំទាំងពីរបានទទួលស្គាល់ថា ជម្លោះសំខាន់ៗ ជាពិសេសលើបញ្ហាតំបន់ភាគខាងកើតអ៊ុយក្រែន នៅមិនទាន់មានដំណោះស្រាយក៏ដោយ។

យោងតាម France24 ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅរីសត Mar-a-Lago លោកត្រាំបានលើកឡើងថា វានឹងដឹងច្បាស់ «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត» ថាតើកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយអាមេរិកនឹងទទួលបានជោគជ័យដែរឬទេ ដោយលោកបានរៀបរាប់ពីវឌ្ឍនភាពលើធាតុផ្សំភាគច្រើននៃកិច្ចព្រមព្រៀងដែលអាចកើតមាន។
លោកត្រាំ បានរៀបរាប់ថា «តំបន់ Donbas នៅមិនទាន់ដោះស្រាយរួចរាល់ទេ ប៉ុន្តែវាកំពុងខិតជិតគ្នាខ្លាំងហើយ។ នោះគឺជាបញ្ហាដ៏លំបាកបំផុត»។
លោកហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន និងអាមេរិកបានឈានដល់កិច្ចព្រមព្រៀងលើការធានាសន្តិសុខ ខណៈដែលលោកត្រាំ បានប្រាប់ថា ការចរចាគឺសម្រេចបានប្រហែល«៩៥% ហើយ» ដោយបន្ថែមថា បណ្តាប្រទេសនៅអឺរ៉ុបត្រូវបានរំពឹងថានឹងទទួលបន្ទុកភាគច្រើន ក្រោមការគាំទ្រពីអាមេរិក។
អនាគតនៃតំបន់ Donbas ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មភាគខាងកើតរបស់អ៊ុយក្រែន ហើយដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី នៅតែជាឧបសគ្គចម្បង។ ទីក្រុងមូស្គូកំពុងទាមទារឲ្យអ៊ុយក្រែនដកទ័ពទាំងស្រុងចេញពីតំបន់នោះ ដែលជាជំហរមួយដែលទីក្រុងកៀវបដិសេធ។
ជំនួបនេះបានកើតឡើងខណៈដែលរុស្ស៊ីបានបង្កើនការវាយប្រហារលើអ៊ុយក្រែន ដោយបានបាញ់បង្ហោះមីស៊ីល និងដ្រូនរាប់រយគ្រឿងកាលពីចុងសប្តាហ៍ ដែលបានធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងទីក្រុងកៀវ និងទីក្រុងផ្សេងៗទៀត។
លោកត្រាំ បាននិយាយថា លោកជឿជាក់ថា ទាំងលោកហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន សុទ្ធតែមានចេតនាពិតប្រាកដចំពោះសន្តិភាព ដោយបញ្ជាក់ថា លោកមានគម្រោងនឹងពិភាក្សាជាមួយលោកពូទីនម្តងទៀត បន្ទាប់ពីកិច្ចប្រជុំនៅរដ្ឋផ្លរីដានេះ។ កាលពីព្រឹកថ្ងៃអាទិត្យ លោកត្រាំ ក៏បានធ្វើការសន្ទនាតាមទូរសព្ទដែលលោកបានពណ៌នាថាជាការពិភាក្សា «ប្រកបដោយផ្លែផ្កា» ជាមួយមេដឹកនាំរុស្ស៊ីផងដែរ។
ជំនួយការជាន់ខ្ពស់វិមានក្រឹមឡាំងម្នាក់បានប្រាប់ថា លោកពូទីន បានព្រមានលោកត្រាំ ថា ការស្នើឲ្យមានបទឈប់បាញ់រយៈពេល៦០ថ្ងៃ មានតែធ្វើឲ្យជម្លោះអូសបន្លាយពេលប៉ុណ្ណោះ និងបានជំរុញឲ្យអ៊ុយក្រែនសម្រេចចិត្តឲ្យបានឆាប់រហ័សលើបញ្ហាតំបន់ Donbas។
លោកហ្សេលេនស្គី បានបញ្ជាក់ថា ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវ បានកាត់បន្ថយភាពខុសគ្នាលើការរៀបចំសន្តិសុខ និងសេដ្ឋកិច្ច ប៉ុន្តែសំណួរបញ្ហាទឹកដី និងអនាគតនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ី នៅតែមិនទាន់ដោះស្រាយនៅឡើយ។
ក្របខ័ណ្ឌសន្តិភាព២០ចំណុចដែលត្រូវបានកែសម្រួល កំពុងស្ថិតនៅក្រោមការពិភាក្សា ទោះបីជាភាគីទាំងពីរនិយាយថា ការសម្រេចចិត្តចុងក្រោយនឹងតម្រូវឲ្យមានកិច្ចព្រមព្រៀងកម្រិតប្រធានាធិបតី ហើយក្នុងករណីរបស់អ៊ុយក្រែន អាចនឹងត្រូវធ្វើប្រជាមតិថ្នាក់ជាតិថែមទៀតផងលើបញ្ហាបោះបង់ចោលទឹកដីទៅឲ្យរុស្ស៊ី៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


