ព័ត៌មានជាតិ
អំណាចការទូតចិន បង្ហាញឥទ្ធិពលពិត ក្នុងជម្លោះថៃនិងកម្ពុជា
ឥទ្ធិពលរបស់មហាអំណាចចិនបានបង្ហាញភាពច្បាស់លាស់កាន់តែខ្លាំង ក្នុងដំណោះស្រាយលើជម្លោះរវាងប្រទេសថៃនិងកម្ពុជាដែលបានផ្ទុះអាវុធអស់រយៈពេលជាច្រើនខែចុងក្រោយនេះ បន្ទាប់ពីភាគីថៃមិនអាចគេចវេសក្រៅពីការបំពេញតាមការសន្យារបស់ខ្លួនក្នុងការដោះលែងយុទ្ធជនកម្ពុជាទាំង១៨រូបដែលថៃឃុំខ្លួនអស់រយៈពេល១៥៥ថ្ងៃឲ្យត្រឡប់មកកាន់មាតុប្រទេសវិញ។

ការទាមទារឲ្យដោះលែងយុទ្ធជនកម្ពុជាទាំង១៨រូបនោះ បានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃដែលយោធាថៃបានចាប់ដោយខុសច្បាប់កាលថ្ងៃទី២៩ខែកកក្ដដា ពោលគឺជិត១០ម៉ោង ក្រោយភាគីជម្លោះអនុវត្តបទឈប់បាញ់លើកទី១កាលថ្ងៃទី២៨ ដោយចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនៅទីក្រុងកូឡាឡាំពូ ដោយមានតំណាងពីប្រទេសចិន និងសហរដ្ឋអាមេរិកធ្វើជាសាក្សី។
ប៉ុន្តែការពន្យាពេលម្តងហើយម្តងទៀតរបស់ភាគីថៃក្នុងការដោះលែងយុទ្ធជនកម្ពុជាទាំង១៨រូបនោះ បានធ្វើឲ្យអន្តរជាតិដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសថៃឲ្យអនុវត្តកិច្ចព្រមព្រៀងដែលពួកគេបានសន្យា និងចុះហត្ថលេខា។ កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ បានចែងយ៉ាងច្បាស់អំពីការដោះលែងយុទ្ធជនកម្ពុជា ប៉ុន្តែភាគីថៃ បានរកលេសផ្សេងៗដើម្បីបង្កការពន្យាពេល និងរហូតផ្ទុះអាវុធជាថ្មី ដើម្បីចង់គេចវេសពីការអនុវត្តកាតព្វកិច្ចដែលខ្លួនបានចុះហត្ថលេខារួចហើយនោះ។
ការផ្ទុះអាវុធចុងក្រោយដែលថៃបានចាប់ផ្តើមកាលថ្ងៃទី៧ខែធ្នូ ដែលរដ្ឋាភិបាលថៃជាឯកតោភាគី បានយកមូលហេតុនៃការជាន់មីនរបស់ទាហានថៃនិងចោទប្រកាន់កម្ពុជាថាជាអ្នកដាក់មីនថ្មីនោះ ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលថ្ងៃទី១៣ខែធ្នូ បានហៅហេតុការណ៍ជាន់មីនដែលថៃអះអាងចោទប្រកាន់កម្ពុជានោះ ថាជា «ឧបទ្ទវហេតុចៃដន្យ» ប៉ុណ្ណោះ។
ចាប់តាំងពីប្រធានាធិបតី ត្រាំ បានអះអាងនោះមក រដ្ឋាភិបាលថៃបានបង្ហាញការមិនពេញចិត្តជាខ្លាំង និង ប្រកាសលែងស្តាប់ការអំពាវនាវ និងការដាក់សម្ពាធពីភាគីអន្តរជាតិដើម្បីបញ្ចប់ការប្រយុទ្ធនិងងាកទៅអនុវត្តបទឈប់បាញ់ ដោយភាគីថៃបង្កើនការវាយប្រហារកាន់តែខ្លាំងឡើង និងបង្កើនការបំផ្លិចបំផ្លាញកាន់តែទូលំទូលាយ។
ប៉ុន្តែក្រោយសម្ពាធកាន់តែខ្លាំងឡើងៗ ជាពិសេសចុងក្រោយពីភាគីមហាអំណាចចិន ទើបធ្វើឲ្យថៃយល់ព្រមដោះលែងយុទ្ធជនកម្ពុជាទាំង១៨រូបជាកិច្ចការអាទិភាពបំផុត មុនឈានទៅអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួដែលខ្លួនបានចុះហត្ថលេខារួចហើយ។
ខណៈដែលការផ្ទុះអាវុធកាន់តែខ្លាំងឡើងៗនៅតាមព្រំដែនរវាងកម្ពុជា និងថៃ និងគ្មានភាគីណាមួយអន្តរាគមន៍ធ្វើឲ្យថៃខ្លាចនោះ មហាអំណាចចិន បានសង្កត់ធ្ងន់ថា ខ្លួនមាន «វិធីផ្ទាល់ខ្លួន» ក្នុងការសម្រុះសម្រួលជម្លោះដ៏សាហាវនេះ។
ឈានទៅដល់ការអនុវត្តការដោះលែងយុទ្ធជនកម្ពុជាទាំង១៨រូបនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥នេះ អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) បានជួបប្រជុំត្រីភាគីចុងក្រោយកាលពីថ្ងៃទី ២៩ខែធ្នូ ដើម្បីសម្របសម្រួលភាគីជម្លោះ បន្ទាប់ពីបេសកជនចិនប្រចាំតំបន់អាស៊ី បានបំពេញការទូតចរចា (Shuttle Diplomacy) ប៉ុន្មានថ្ងៃដោយជួបផ្ទាល់មេដឹកនាំកម្ពុជានិងថៃ។
ក្រោយការជូបចរចាជាមួយបេសកជនចិន លោក Deng Xijun ជំនួបចរចាលេខាធិការដ្ឋាននៃគណៈកម្មការព្រំដែនទូទៅ បានកើតឡើងភ្លាមៗកាលថ្ងៃទី២៤ ដើម្បីចរចាកិច្ចព្រមព្រៀងថ្មីបើកផ្លូវឲ្យមានបទឈប់បាញ់ថ្មីមួយកាលថ្ងៃទី២៧ខែធ្នូ ហើយការជួបប្រជុំរដ្ឋមន្ត្រីការបរទេសចិន ដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និង រដ្ឋមន្ត្រីការប្រទេសថៃ លោក Sihasak Phuangketkeow ធ្វើឡើងនៅថ្ងៃទី១៨ខែធ្នូ។
ភាគីទាំង៣ បានជួបប្រជុំទល់មុខគ្នានៅថ្ងៃទី២៩ខែធ្នូ និងបានព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួនឈានទៅអនុវត្តកិច្ចព្រមព្រៀងពេញលេញ។ ក្រោយកិច្ចប្រជុំនេះភ្លាម ភាគីថៃបានចាប់ផ្តើមអនុវត្តអ្វីដែលខ្លួនបានសន្យានៅមុខមហាអំណាចចិន ដោយមិនអាចប្រកែកបាន។
សារព័ត៌មាន Straits Times បានលើកឡើងថា ទីក្រុងប៉េកាំងហាក់ដូចជាមិនគ្រាន់តែត្រៀមខ្លួនរួចជាស្រេចសម្រាប់ចំណែកនៃគុណសម្បត្តិ (credits) របស់ខ្លួនក្នុងនាមជាអ្នកបង្កើតសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់អះអាងថា វិធីសាស្រ្តការទូតដ៏រឹងមាំ និងគន្លឹះទាបរបស់ខ្លួនតាមពិត គឺប្រសើរជាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
តាមការចេញផ្សាយរបស់សារព័ត៌មាន China Daily រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់សមភាគីថៃ លោក Sihasak Phuangketkeow នៅក្នុងកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកមួយកាលពីថ្ងៃទី 28ខែធ្នូ នៅខេត្តយូណានភាគនិរតីនៃប្រទេសចិនថា «កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការលើកកម្ពស់សន្តិភាព និងការសន្ទនាមិនដែលដាក់សម្ពាធលើអ្នកដទៃ ឬហួសព្រំដែនរបស់ខ្លួនឡើយ»។
ភាពទន់ភ្លន់របស់ភាគីចិននេះ អាចធ្វើឲ្យថៃគប់ចិត្តក្នុងរបត់នយោបាយសកលចុងក្រោយដែលថៃមិនអាចគេចវេស៕
រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


