Connect with us

ព័ត៌មានអន្ដរជាតិ

ចិនពង្រឹងចំណង​មិត្តភាព​​​ជា​មួយ​​អៀរឡង់​ ពង្រីកដៃគូ​នៅតំបន់​​​អ៊ឺរ៉ុប​

បានផុស

នៅ

ប្រ​ធា​នា​ធិប​តី​ចិន​ លោក ស៊ី ជីនពីង បាន​ប្រាប់​នា​យក​រដ្ឋ​មន្ត្រី​អៀរ​ឡង់​កាល​ពី​ថ្ងៃ​ចន្ទ ថា ​ខ្លួន​ចង់​ពង្រឹង​​ទំនាក់​ទំនង​ទ្វេ​ភាគី​ឱ្យ​កាន់​តែ​រឹង​មាំ​ជាមួយ​គ្នា ដែល​ជាមធ្យោ​បាយ​មួយ​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ជា​មួយ​សហ​ភាព​អឺរ៉ុប​ផង​ដែរ។ នេះបើយោង​តាម​សារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រ​ធា​នា​ធិប​តី​ចិន​ លោក ស៊ី ជីនពីង។ Reuters

លោក ស៊ី​ បាន​សង្កត់​ធ្ងន់​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​សម្រេច​បាន​នូវ​លទ្ធ​ផល​ឈ្នះ-ឈ្នះ​ថា ​ជា​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ ​សម្រាប់​ការ​អភិវឌ្ឍ​យូរ​អង្វែង និង​ស្ថិរភាព​នៃ​ទំនាក់​ទំនង​ចិន-អៀរ​ឡង់​ ការលើក​ឡើង​នេះ​ បាន​ថ្លែង​​​ក្នុង​សុន្ទរក​ថា​បើក​ នៅ​ឯ​កិច្ច​ប្រជុំ​ជា​មួយ​នាយករដ្ឋ​មន្ត្រី​ លោក ម៉ាទីន [Micheal Martin] នៅ​មហា​សាល​ប្រជា​ជន​។

​ជាក់​ស្តែង ប្រទេស​ចិន​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង ​ក្នុង​ការ​ចូល​រួម​ជា​មួយ​បណ្តា​ប្រទេស​សហ​ភាព​អឺរ៉ុប​ជា​លក្ខណៈបុគ្គល ខណៈ​ដែល​ទំនាក់​ទំនង​ជា​មួយ​ទី​​ក្រុង​ព្រុច​សែល [Brussels] ​នៅ​តែ​មាន​ភាព​ល្អប្រសើរ​។ ទី​ក្រុង​ប៉េ​កាំង​ក៏​បាន​ចាត់​ទុក​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ជា​មធ្យោ​បាយ​សម្រាប់​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​លើ​ទំនាក់​ទំនង​ជា​មួយ​សហ​ភាព​អឺរ៉ុបផងដែរ​។​

លោក ស៊ី បានប្រាប់ លោក ម៉ាទីន ​ថាប្រទេស​ចិន​និង​សហ​ភាព​អឺ​រ៉ុប​គួរ​បង្កើត​ទំនាក់​ទំនង​ក្នុង​​រយៈពេលវែង ប្រកាន់​យក​វិធី​សាស្រ្ត​ដែល​មាន​គោល​បំណងច្បាស់​លាស់​​ និង​សម​ហេតុ​ផល ​ចំពោះ​ភាព​ខុស​គ្នា​របស់​យើង​ទាំង​ពីរ​ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​រក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឈ្នះ​-ឈ្នះ។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​រដ្ឋ​ Xinhua.

លោក ស៊ី បាន​និយាយ​ថា៖ «​សង្ឃឹម​ថា​អៀរ​ឡង់​នឹង​ដើរ​តួ​នាទី​ស្ថាប​នា​ក្នុង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ភាព​វៃឆ្លាត​ និង​ស្ថិរ​ភាព​នៃ​ទំនាក់​ទំនង​ចិន-សហភាពអឺរ៉ុប»។ ដោយ​សំដៅ​លើ​អៀរ​ឡង់​ដែល​ទទួល​តំណែង​ជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុម​ប្រឹក្សា​សហ​ភាព​អឺរ៉ុប​នៅ​ពាក់​កណ្តាល​ចុង​ឆ្នាំ​នេះ​។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ Xinhua បាន​ឱ្យ​ដឹង​ថា​ ចិន​ចាប់​អារម្មណ៍​ក្នុង​ការ​សហ​ការ​ជា​មួយ​អៀរ​ឡង់​ក្នុង​វិស័យ​ដូចជា បញ្ញា​សិប្ប​និមិត្ត សេដ្ឋ​កិច្ច​ឌី​ជី​ថល ឱសថ ក៏​ដូច​ជា​ទេសចរណ៍ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​អៀរ​ឡង់​គឺ​ជា​ប្រទេស​នាំ​ចេញ​ផលិត​ផល​ទឹក​ដោះ​គោ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ជាមួយការ​ដឹក​ជញ្ជូនតាម​កសិដ្ឋានច្រើន​ជាង ៩០ភាគរយនៃ​ទិន្ន​ផល​សរុប​ ដែល​មាន​តម្លៃ​ប្រហែល​ ៦ប៊ីលាន​អឺរ៉ូ​ (៧.០២ប៊ីលាន​ដុល្លារ​)៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម