Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ប្រកាស​ចេញ​មុខ​ជួយ​សម្របសម្រួលក្នុងវិវាទទំនប់ទឹកទន្លេនីលរវាងអេហ្ស៊ីប និងអេត្យូពី

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ផ្តល់ការសម្របសម្រួលជាថ្មីរវាងប្រទេសអេហ្ស៊ីប និងអេត្យូពី ដើម្បីដោះស្រាយវិវាទដ៏រ៉ាំរ៉ៃជុំវិញការបែងចែកទឹកទន្លេនីល។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះ​ផ្សាយ​នា​ថ្ងៃ​ទី​១៧​ខែ​មករា​ឆ្នាំ​២០២៦ ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ឲ្យ​ដឹង​ថា នៅក្នុងលិខិតផ្ញើជូនប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi និងត្រូវបានបង្ហោះលើបណ្តាញសង្គមផងដែរ​នោះ លោកត្រាំ​បានបង្ហាញឆន្ទៈក្នុងការដោះស្រាយបញ្ហានេះ​ឲ្យ​ដាច់ស្រឡះតែម្តង។ កាយវិការការទូតនេះ បានកើតឡើងបន្ទាប់ពីទីក្រុង Addis Ababa បានសម្ពោធដាក់​ឲ្យ​ប្រើប្រាស់ទំនប់វារីអគ្គិសនី Grand Ethiopian Renaissance (GERD) កាលពីថ្ងៃទី៩​ខែកញ្ញា​ឆ្នាំ​២០២៥​ ដែលជាទង្វើបង្ក​ឲ្យមានភាពតានតឹងខ្លាំងជាមួយទីក្រុងគែរ។

ប្រទេសអេត្យូពីបានចាត់ទុកគម្រោងដែលមានតម្លៃ​៥ពាន់លានដុល្លារនេះថាជាកត្តាសំខាន់សម្រាប់មហិច្ឆតាសេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលមានប្រជាជនរស់នៅជាង ១២០​លាននាក់។ ទោះជាយ៉ាងណាក៏ដោយ អេហ្ស៊ីប​ដែលស្ថិតនៅផ្នែកខាងក្រោមនៃទន្លេ បានអះអាងថា ការសាងសង់ទំនប់នេះបានរំលោភលើសន្ធិសញ្ញាអន្តរជាតិ និងអាចបង្ក​ឲ្យ​មានទាំងគ្រោះរាំងស្ងួត និងទឹកជំនន់។ ទោះបីជាអេត្យូពីបានបដិសេធការចោទប្រកាន់ទាំងនេះក៏ដោយ ក៏លោកត្រាំ កន្លងមកធ្លាប់បានបង្ហាញការគាំទ្រចំពោះក្តីបារម្ភរបស់ទីក្រុងគែរ។

ការផ្តល់ជូនរបស់​លោក​ត្រាំ​លើក​នេះ សរបញ្ជាក់​ឲ្យ​ឃើញពីការត្រឡប់មកវិញនៃតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ដ៏ស្មុគស្មាញនេះ បន្ទាប់ពីលោក​ត្រាំ​បានពង្រឹងទំនាក់ទំនងជាមួយលោក Sisi ក្នុងកិច្ចពិភាក្សាពាក់ព័ន្ធនឹងជម្លោះនៅហ្គាហ្សានាពេលថ្មីៗនេះ៕

(រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម