Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ុយក្រែន​និងរុស្ស៊ី​​ឯកភាព​​​បន្ត​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ​​ ខណៈការចរចាលើក​នេះ«វិជ្ជមាន»​

បានផុស

នៅ

​​ដោយ​មិនបង្អង់​រង់​ចាំយូរ​ ការ​ចរចា​​​ស្វែង​រកដំណោះស្រាយ​ក្នុងជម្លោះ​​រុស្ស៊ី​និង​អ៊ុយក្រែន​​ក្នុងក្របខ័ណ្ឌ​ត្រី​ភាគី មាន​​សហរដ្ឋអាមេរិកជា​អ្នកសម្របសម្រួល​នោះ នឹង​បន្តធ្វើនៅ​សប្តាហ៍​ក្រោយ ​យោង​តាមអ្នកនាំពាក្យ​វិមានក្រឹមឡាំង ខណៈ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​​ចរចា​កម្រិតខ្ពស់លើក​ដំបូង​​មិនត្រូវ​បាន​ផ្សព្វផ្សាយ​​ឲ្យដឹង​រហូតដល់​ពេលនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រតិភូ​អ៊ុយក្រែន​ (ស្តាំ) កំពុង​អង្គុយ​ក្នុងបើកជំនួប​ចរចា​ជាមួយ​​សមភាគី​រុស្ស៊ី​ ដោយ​មាន​ការបដិសណ្ឋារ​​​ពី​ថ្នាក់​​នាំអារ៉ាប់រួម​​​។​ Reuters

​​​តាមការ​ចេញផ្សាយ​​របស់សារ​​​ព័ត៌មាន​អ៊ុយក្រែន Kyiv Post និង UNN ​​អ្នក​នាំពាក្យ​​​វិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) ​បាន​​ប្រកាសថា ​​កិច្ច​ប្រជុំ​​​​​​​នៃ​​ការ​ចរចា​ត្រីភាគី​រវាង​​ប្រតិភូ​​មក​ពី​អ៊ុយក្រែន​និង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ ​ត្រូវបាន​គ្រោង​ឡើង​នៅ​​សប្តាហ៍​ក្រោយ។

​ទោះ​បី​ជា​កា​រ​​ប្រកាស​បែបនេះ​ក៏ដោយ អ្នកនាំពាក្យ​​​​រដ្ឋាភិបាល​រុស្ស៊ី​រូប​នេះ​ មិនបាន​​បញ្ជាក់​​នូវ​កាល​បរិច្ឆេទ​ជាក់​លាក់​សម្រាប់​កិច្ច​ប្រជុំ​នោះទេ​។​

​លោក ប៉េស្កូវ ត្រូវ​បាន​ស្រង់សម្តី​​​ ដោយ ​​UNN ដូច​បាននិយាយថា៖ «នេះ​ជា​កិច្ច​ការ​​ស្មុគស្មាញ​មួយ បញ្ហា​ស្មុគស្មាញ​ដែល​មាន​នៅ​ក្នុង​របៀបវារៈ។ ប៉ុន្តែ​ការពិត​​ខ្លាំងនៅត្រង់ថា ​ទំនាក់ទំនង​ទាំងនេះ​បាន​ចាប់ផ្តើម​ក្នុង​លក្ខណៈ​ស្ថាបនា​អាច​វាយតម្លៃ​បាន​ជា​វិជ្ជមាន។ ប៉ុន្តែ​នៅ​មាន​ការងារ​កាន់តែ​​ស្មុគស្មាញ​នៅ​ខាងមុខ»។

យោងតាមលោក Peskov ផ្នែកទឹកដី​តាម«រូបមន្ត Anchorage» គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសរុស្ស៊ី។ លោកបានកត់សម្គាល់ថា វិមានក្រឹមឡាំងនឹងមិនពិភាក្សាជាសាធារណៈអំពីបទប្បញ្ញត្តិនីមួយៗនៃ «រូបមន្ត Anchorage» នោះទេ។

«រូបមន្ត Anchorage» ​គឺ​​សំដៅ​​ដល់​ការ​ចរចាលើក​ដំបូង​​​​​​​រវាង​​​ប្រធានាធិបតី​​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន និង​ប្រធានាធិបតីសហរដ្ឋអា​មេរិក​ លោក ដូណាល់ ត្រាំ ​កាល​ថ្ងៃទី​​​១៥​ខែ​សីហា​ឆ្នាំ​២០២៥ នៅរដ្ឋអាឡាស្កា។

​យោ​ងកា​រផ្សាយ​របស់ Newsweek រុស្ស៊ីកំពុងទាមទារឱ្យអ៊ុយក្រែនប្រគល់ការគ្រប់គ្រងតំបន់ Donbas ភាគខាងកើតរបស់អ៊ុយក្រែន​ទាំងអស់ ដែលរួមមានតំបន់ខេត្ត Donetsk និង Luhansk។ ប្រហែល៨០​ភាគរយនៃតំបន់ Donbas ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។ ប៉ុន្តែអ៊ុយក្រែននៅតែគ្រប់គ្រងទីក្រុងដែលមាន​រ​​បាំងការ​ពារ​មាំ​ពីរនៅ Donetsk គឺ Kramatorsk និង Sloviansk ហើយអ្នកវិភាគនិយាយថា វាអាចចំណាយពេលរាប់​ឆ្នាំ​​ទៀត​សម្រាប់រុស្ស៊ីដើម្បីដណ្តើម​កាន់​កាប់​តំបន់​​នោះ​ពេញលេញ​​។

​យោង​តាមការ​ផ្សាយ​របស់ CNN ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ​បាន​​លើក​ឡើង​ថា ការ​ពិភាក្សា​​ត្រីភាគី​លើក​ដំបូង​​ប្រកប​ដោយ​ការ​ស្ថាបនា ដែល​មានន័យថា ពួក​គេ​មើល​ឃើ​ញ​ការ​រីកចម្រើន​​ទៅមុខក្នុងការ​ចរចា​រកដំណោះស្រាយ​ទៅ​បញ្ចប់សង្គ្រាម ដែល​បាន​​ចំណាយ​ពេលជិត​​៤​ឆ្នាំ​ទៅហើយ​នោះ​៕​​

រ៉ាន់ រើយ​​

​ការ​វាយប្រហារ​ដោយ​រុស្ស៊ី​នៅ​យប់ថ្ងៃ​សុក្រ​​ទី​២៣​ខែមករា​ ដែលជាថ្ងៃទី​១​នៃ​ការ​ចរចា​កម្រិតខ្ពស់​។ FB/ប្រធានាធិបតី​អ៊ុយក្រែន​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម