ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានថា អ៊ីរ៉ង់ ជិតអស់ពេលហើយ!
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានខ្លាំងៗថា ប្រទេសអ៊ីរ៉ង់ ជិតអស់ពេលហើយក្នុងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦ ប្រមុខសេតវិមានសរសេរថា ក្រុមនាវាចម្បាំងអាមេរិកដែលលោកបានបញ្ជាឲ្យទៅកាន់តំបន់មជ្ឈិមបូព៌ា ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln គឺត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈនិងអាចបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ទាំងល្បឿននិងកម្លាំង ប្រសិនបើចាំបាច់។
លោក ត្រាំ សរសេរបន្តថា៖ «សង្ឃឹមថា អ៊ីរ៉ង់នឹងប្រញាប់មកកាន់តុចរចា ហើយនិយាយគ្នាលើកិច្ចព្រមព្រៀងមួយដែលត្រឹមត្រូវនិងយុត្តិធម៌ គឺមិនមានអាវុធនុយក្លេអ៊ែរ ដែលជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់គ្រប់ភាគី»។
ដោយសំដៅទៅការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំមុន, ប្រធានាធិបតីអាមេរិកគំរាមថា៖ «ការវាយប្រហារលើកក្រោយនឹងកាន់តែធ្ងន់ជាងនេះទៅទៀត! កុំបណ្តោយឲ្យរឿងនោះកើតឡើងជាថ្មីឲ្យសោះ»។

ការព្រមានរបស់លោកត្រាំកើតឡើងក្រោយពេល មេដឹកនាំរូបនេះប្រកាសថា កងនាវាចម្បាំងបន្ថែមទៀតកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលលោកហៅថាជា «កងទ័ពជើងទឹកដ៏អស្ចារ្យ» មានបំណងដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ ឲ្យចូលមកចរចាលើកិច្ចព្រមព្រៀងការទូតថ្មី។
ការបង្កើនកម្លាំងជើងទឹកនេះ គឺផ្តោតសំខាន់លើក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលបានធ្វើដំណើរមកដល់មហាសមុទ្រឥណ្ឌា ស្ថិតក្នុងតំបន់ទទួលខុសត្រូវរបស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។ យោងតាមរបាយការណ៍យោធា ក្រុមនាវាចម្បាំងនេះរួមមាននាវាពិឃាដ និងយន្តហោះចម្បាំង ដែលត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ឆ្លើយតបទៅនឹងស្ថានភាពអាសន្នផ្សេងៗ។
កាលពីថ្ងៃអង្គារ CENTCOM បានបញ្ជាក់ថា ខ្លួនកំពុងចាប់ផ្តើមធ្វើសមយុទ្ធត្រៀមលក្ខណៈរយៈពេលច្រើនថ្ងៃ ដើម្បីពង្រឹងសមត្ថភាពក្នុងការដាក់ពង្រាយបុគ្គលិក និងគ្រឿងយុទ្ធោបករណ៍ឲ្យបានឆាប់រហ័សនៅទូទាំងតំបន់។ សមយុទ្ធទាំងនេះមានគោលបំណងបង្ហាញពីវត្តមាន «ដែលគួរឲ្យទុកចិត្ត និងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធ» ដើម្បីទប់ស្កាត់ការឈ្លានពានដែលអាចកើតមាន និងផ្តល់ទំនុកចិត្តដល់ដៃគូក្នុងតំបន់ បន្ទាប់ពីមានកិច្ចពិភាក្សាការពារជាតិកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំយោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


