Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជិត២០០នាក់ កំពុងធ្វើចត្តាឡីស័កនៅឥណ្ឌា ដោយសារវីរុសនីប៉ាហ៍

បានផុស

នៅ

កាលពីថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦ ប្រទេសឥណ្ឌា បានបញ្ជាក់ច្បាស់ពីការរកឃើញអ្នកឆ្លងវីរុសនីប៉ាហ៍ ចំនួន២ករណី ខណៈ១៩០នាក់ទៀត កំពុងធ្វើចត្តាឡីស័ក រង់ចាំលទ្ធផលធ្វើតេស្ត។

(រូបភាព៖ Libra)

ការរកឃើញនេះត្រូវបានបញ្ជាក់ដោយមន្ទីរពេទ្យ Darjeeling ក្នុងរដ្ឋ West Bengal ខណៈអ្នកជំងឺទាំងពីរ បានចេញរោគសញ្ញាតាំងតែពីខែធ្នូមកម្ល៉េះ។

SBS News បានដកស្រង់សម្តីវេជ្ជបណ្ឌិត Subarna Goswami នៅមន្ទីរពេទ្យខាងលើ ដែលនិយាយថា ក្រៅពីអ្នកទាំងពីរ គេកំពុងតាមដានមនុស្សជាច្រើននាក់ទៀតដែលពាក់ព័ន្ធជាមួយគ្នា ហើយជិត២០០នាក់ កំពុងធ្វើចត្តាឡីស័ក។

(រូបថត៖ Reuters)

លោកបន្តថា៖ «ការឆ្លងវីរុសនីប៉ាហ៍ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះមានហេតុផលបីយ៉ាងចំពោះបញ្ហានេះ។ ទីមួយ គឺគ្មានវិធីព្យាបាលជាក់លាក់ឲ្យជាសះស្បើយនោះទេ ហើយក៏គ្មានថ្នាំណាមួយដែលមានប្រសិទ្ធភាពឲ្យប្រាកដដែរ។ ទីពីរ មិនទាន់មានវ៉ាក់សាំងឬថ្នាំបង្ការសម្រាប់ជំងឺនេះឡើយ ហើយទីបី គឺ អត្រាឈឺនិងស្លាប់របស់វា គឺខ្ពស់ខ្លាំងណាស់រហូតដល់៧៥%ឯណោះ»។

សូមជម្រាបជាថ្មី បើយោងតាមក្រសួងសុខាភិបាលកម្ពុជា វីរុសនីប៉ាហ៍ ឆ្លងតាមរយៈ៖

  • សត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុស ហើយចម្លងវីរុសទៅសត្វជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ រួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វដូចជា នោមនៃសត្វទាំងនេះ ឈាម លាមកឬទឹក។ 
  • ការទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វ ប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍ចូលក្នុងនោះ។
  • មនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍
  • ការប៉ះពាល់ផ្ទាល់ ឬតាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនីប៉ាហ៍ ដូចជា ឈាម ទឹកនោម ទឹកមាត់ ទឹកសំបោរ ឬតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ឬច្រមុះ ។

ចំពោះរោគសញ្ញារួមមាន៖

  • បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា រហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវ និង រលាកខួរក្បាលធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល និងអាចស្លាប់។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូត ដល់ចាប់ផ្តើមមានរោគសញ្ញា គឺ មានចន្លោះពី ៤ថ្ងៃ ទៅ ១៤ ថ្ងៃ តែអាចរហូតដល់ ៤៥ ថ្ងៃ រោគ សញ្ញារួមមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ។ នៅពេល ដែលខួរក្បាលហើម ធ្វើឲ្យ វិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ សន្លប់ក្នុងអំឡុង ២៤-៤៨ ម៉ោង ដែលជារោគសញ្ញាទាក់ទងនិងប្រព័ន្ធប្រសាទ។
  • បុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវ តែងមានផលវិបាកប្រព័ន្ធប្រសាទរយៈពេលយូរ បន្ទាប់ពីជាសះស្បើយ ក្នុងនោះ ២០% នៃអ្នកជំងឺមានជំងឺប្រកាច់ ហើយបុគ្គលមួយចំនួនតូចឈឺ ឡើងវិញ ឬវិវត្តន៍ទៅជាមានជំងឺរលាកខួរក្បាលជាថ្មី៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម