ព័ត៌មានអន្ដរជាតិ
ប្រទេសនៅអាស៊ីអាគ្នេយ៍ ចាប់ផ្តើមអនុវត្តវិធានការកូវីដឡើងវិញ ដើម្បីទប់ស្កាត់ជំងឺនីប៉ាហ៍
ពិភពលោកកំពុងបារម្ភខ្លាំងអំពីវីរុសនីប៉ាហ៍ ខណៈឥណ្ឌាបានបញ្ជាក់ពីករណីឆ្លងលើមនុស្ស២នាក់ និងជិត២០០នាក់ទៀត កំពុងធ្វើចត្តាឡីស័ក។

ខុសពីកូវីដ-១៩ ដែលមានអត្រាស្លាប់ទាប, វីរុសនីប៉ាហ៍ មានអត្រាស្លាប់ចន្លោះ ៤០-៧៥% ដែលនេះមានន័យថា មនុស្ស១០នាក់ដែលឆ្លង អាចនឹងស្លាប់រហូតដល់ ៧ នាក់ទៅហើយ។
ជំងឺនីប៉ាហ៍ ឆ្លងពីសត្វប្រចៀវទៅសត្វផ្សេងៗដូចជាជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ រួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វដូចជា នោមនៃសត្វទាំងនេះ ឈាម លាមកឬទឹក។

ដោយសារតែគ្មានវ៉ាក់សាំងនិងថ្នាំព្យាបាលជាក់លាក់ ទើបធ្វើឲ្យគេបារម្ភថា វាអាចនឹងក្លាយជាជំងឺរាតត្បាតដូចកូវីដ-១៩ ហើយប្រទេសនៅអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ កំពុងចាត់វិធានការដូចសម័យកូវីដដើម្បីបង្ការវីរុសនីប៉ាហ៍។
កម្ពុជា
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងករណីមានការសង្ស័យលើអ្នកដំណើរ មន្ត្រីត្រូវអនុវត្តតាមនីតិវិធីស្តង់ដា ក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសារធាណៈនៅច្រកចេញចូលប្រទេស ដោយត្រូវមានការសហការគ្នាឲ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ អាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ មន្ទីរពេទ្យជាតិនិងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីខេត្ត។
ជាជំហានបន្ទាប់ ត្រូវមានលំហាត់សមយុទ្ធត្រៀមពេលករណីសង្ស័យមកដល់ គិតតាំងការរកឃើញ ការដាក់ឲ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ថៃ
ថៃបានរឹតបន្តឹងការស្កេនកម្ដៅនិងពិនិត្យរោគសញ្ញា នៅព្រលានយន្តហោះសុវណ្ណភូមិ ដនមឿង និងភូកេត។ ថៃក៏ត្រៀមមន្ទីរពេទ្យធំៗដូចជា Rajavithi និង Lerdsin ឲ្យរៀបចំបន្ទប់ចត្តាឡីស័កនិងគ្រូពេទ្យជំនាញផងដែរ។
ម៉ាឡេស៊ី
ក្រៅពីពង្រឹងវិធានការសុខភាពនៅតាមអាកាសយានដ្ឋាន ម៉ាឡេស៊ីក៏បង្កើនការត្រួតពិនិត្យអនាម័យនៅតាមកសិដ្ឋានផងដែរ ព្រោះសត្វជ្រូកគឺជាភ្នាក់ងារចម្លងរោគដែលឆ្លងពីសត្វមកមនុស្ស។ លើសពីនេះ ម៉ាឡេស៊ី បានពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចូលសត្វរស់ ឬផលិតផលសាច់ពីតំបន់ដែលមានហានិភ័យ។
ម៉ាឡេស៊ីក៏អនុវត្តវិធានការរាយការណ៍រោគសញ្ញាតាមរយៈកម្មវិធីទូរស័ព្ទ (ស្រដៀងនឹង MySejahtera កាលសម័យកូវីដ) សម្រាប់អ្នកធ្វើដំណើរផងដែរ។
សិង្ហបុរី
សិង្ហបុរីបានប្រើប្រាស់ប្រព័ន្ធទិន្នន័យសុខាភិបាលដើម្បីតាមដានអ្នកធ្វើដំណើរដែលមានរោគសញ្ញាគ្រុនក្តៅខុសធម្មតា។ សិង្ហបុរីក៏សហការជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីចែករំលែកព័ត៌មានបច្ចេកទេស និងវិធីសាស្ត្រធ្វើតេស្តរហ័សផងដែរ។
សិង្ហបុរីក៏ស្កេនកម្ដៅអ្នកដំណើរ និងការចេញសេចក្តីណែនាំដល់គ្រូពេទ្យឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះអ្នកជំងឺដែលមានរោគសញ្ញាផ្លូវដង្ហើម និងរលាកខួរក្បាលផងដែរ។
វៀតណាម និងឥណ្ឌូណេស៊ី
ប្រទេសទាំងពីរបានបង្កើនការឃ្លាំមើលជំងឺផ្លូវដង្ហើមដែលមិនមានប្រភពច្បាស់លាស់ និងណែនាំដល់មន្ទីរពេទ្យនានាឲ្យរាយការណ៍ជាបន្ទាន់នូវករណីដែលមានរោគសញ្ញាស្រដៀងនឹងជំងឺរលាកខួរក្បាល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


