Connect with us

ព័ត៌មានអន្ដរជាតិ

និស្សិតថៃ តវ៉ាមួយយប់ទល់ភ្លឺ ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ខណៈបាតុកម្មផ្ទុះឡើង នៅកន្លែងផ្សេងៗ 

បានផុស

នៅ

ក្រុមនិស្សិតនៅខេត្ត មហាសារ៉ាខាម ប្រទេសថៃ បានចេញមកតវ៉ាតាំងពីយប់រហូតដល់ភ្លឺ ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារតែភាពមិនប្រក្រតីក្នុងដំណើរការរាប់សន្លឹកឆ្នោត ខណៈនៅខេត្ត ឈុនបុរី ឯណោះក៏ផ្ទុះបាតុកម្មស្រដៀងគ្នានេះដែរ។

(រូបថត៖  Thai Enquirer)

នៅ មហាសារ៉ាខាម, បើយោងតាមការផ្សាយរបស់ Thai Enquirer នៅថ្ងៃអង្គារទី១០ខែកុម្ភៈឆ្នាំ២០២៦ ក្រុមនិស្សិតបានទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងមណ្ឌលបោះឆ្នោតទី១ ខណៈមកដល់ម៉ោង៣ភ្លឺទៅហើយនោះ ពួកគេនៅតែជួបជុំ មិនព្រមបំបែកគ្នាឡើយ។

ពួកគេតវ៉ាថា មានភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត ដូច្នេះត្រូវតែរាប់ឡើងវិញប្រកបដោយតម្លាភាព។ ទន្ទឹមនោះពួកគេបង្ហាញនូវក្តីព្រួយបារម្ភចំពោះភាពមិនស៊ីគ្នារវាងការបូកសរុបលទ្ធផល នៅតាមមណ្ឌលបោះឆ្នោត និងលទ្ធផលផ្លូវការដែលចេញផ្សាយនៅពេលក្រោយ ការកែប្រែតួលេខចំនួនអ្នកមកបោះឆ្នោត និងការរកឃើញឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតត្រូវបានគេយកទៅបោះចោលក្នុងធុងសំរាមនៅឯកន្លែងរាប់សន្លឹកឆ្នោត។

(រូបថត៖  Thai Enquirer)

ចំណែកនៅ ឈុនបុរី, បើយោងតាមការផ្សាយរបស់ Khaosod ក្រុមអ្នកបោះឆ្នោត និងតំណាងគណបក្សនយោបាយក្នុងខេត្តនេះ បានលើកគ្នាមកឡោមព័ទ្ធទីតាំងរក្សាទុកហិបឆ្នោត ដើម្បីពិនិត្យមើលថា តើសន្លឹកឆ្នោតរបស់ពួកគេនៅរក្សាសុវត្ថិភាព និងមិនមានការកែឬក្លែងបន្លំដែរឬទេ ខណៈមានហេតុការណ៍ដាច់ចរន្តអគ្គិសនីក្នុងអំឡុងពេលរាប់ឆ្នោតនៅតាមមណ្ឌលមួយចំនួន ដូចជានៅតំបន់ Bang Saen ដែលភ្លើងបានដាច់អស់រយៈពេលជាង ៤០ នាទី។

(រូបថត៖ Khaosod)

ដោយសារបញ្ហាអគ្គិសនីនេះ, អ្នកបោះឆ្នោតនៅឈុនបុរី មិនអស់ចិត្តនឹងលទ្ធផលឡើយ ហើយសង្ស័យថា មានភាពមិនប្រក្រតី ដូច្នេះពួកគេទាមទារឲ្យមានការរាប់ឆ្នោតឡើងវិញដើម្បីតម្លាភាព។

យ៉ាងណា មកទល់ពេលនេះ មិនទាន់មានការរាប់ឆ្នោតឡើងវិញនៅឡើយទេ ដោយសារមន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រាប់ឲ្យក្រុមអ្នកតវ៉ាប្រមូលឯកសារព័ស្តុតាង ដើម្បីដាក់ពាក្យបណ្ដឹងផ្លូវការនៅថ្ងៃទី១០ខែកុម្ភៈ ដើម្បីឲ្យដំណើរការតាមផ្លូវច្បាប់អាចចាប់ផ្តើមបាន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម