Connect with us

ព័ត៌មានអន្ដរជាតិ

​ត្រាំ​ ប្រកាស​កញ្ចប់​ទឹកប្រាក់ដំបូង​​៥​ពាន់​លានដុល្លារដើម្បី​ស្ថាបនា​​ហ្គាហ្សា​ឡើងវិញ​

បានផុស

នៅ

​នៅ​មុន​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​​សន្តិភាព​​លើក​ដំ​​បូង​​នៅ​សហរដ្ឋអាមេរិក​​ ដោយ​មានការ​ចូលរួម​ពី​បណ្តា​​ប្រមុខ​រដ្ឋ​​ជាច្រើន​ដែល​បានដាក់​ពាក្យ​​ចូល​​ជាសមាជិក​​​​​​​​ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​​ឲ្យ​ដឹង​មុន​​​ជាស្រេចថា ​​​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិភាព​​​បាន​សន្យា​​​​ទឹកប្រាក់​​៥​ពាន់​លានដុល្លារ​សំដៅ​កសាង​​តំបន់ហ្គាហ្សា​​ដែល​ខ្ទិច​ខ្ទំ​ដោយសារ​សង្គ្រាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ពិធីចុះ​ហត្ថលេខា​ដំបូង​នៅទីក្រុងដាវ៉ូស។ Reuters

​​​យោង​តាមការ​ផ្សាយ​របស់​សារព័ត៌មាន​ AP ​​​​​​​​​​​​​​ក្រុមប្រឹក្សា​សន្តិភាព​មិនត្រឹមតែ​សន្យា​​​ទម្លាក់​ថវិកា​​រាប់​ពាន់​លាន​ដុល្លារ​នោះទេ ប៉ុន្តែ​​​​ថែម​ទាំង​​​​កងកម្លាំង​រក្សាសន្តិភាព​​រាប់​ពាន់​នាក់​ផង​ដែរ​ ដើម្បី​ស្ថិរភាព​អន្តរជាតិ​​ និង​កងកម្លាំងប៉ូលិស​​​​សម្រាប់​ដែន​ដី​នោះ។​

​​​​​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​សន្តិភាព​នឹង​ប្រព្រឹត្តទៅ​ជាលើក​ដំបូង​​ក្នុងសប្តាហ៍​នេះ ហើយ ការ​ប្រកាស​​​​​ជាផ្លូវ​ការ​​​​ចំពោះ​​​ការ​សន្យា​​​​​នានា​​នឹ​ងធ្វើឡើង​នៅ​​ថ្ងៃ​ព្រហស្បតិ៍​​។ ទោះបី​ជាបែបណា​ ​មិន​មាន​សេចក្តី​រាយការណ៍​បញ្ជាក់​​ឲ្យ​ច្បាស់ថា ទឹកប្រាក់​​ដែល​នឹង​ទម្លាក់​ទៅតំបន់់​​​ហ្គាហ្សា​​​នោះ​នឹង​ធ្វើ​​ឡើង​ក្នុងរូបភាព​​ ​ជំនួយ​ឥតសំណង ឬ​កម្ចី ឬ​ក៏​ក្នុងរូប​ភាព​វិនិយោគ​​ទេ។

​ប្រធានាធិបតី​ ត្រាំ បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គ​ម​ផ្ទាល់ខ្លួន​ថា៖ «ក្រុមប្រឹក្សាសន្តិភាពនឹងបង្ហាញថាជាស្ថាប័នអន្តរជាតិដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយវាជាកិត្តិយសរបស់ខ្ញុំក្នុងការបម្រើការជាប្រធានរបស់ស្ថាប័​​ន​មួយនេះ​​»។

​​​រហូត​មក​ដល់​ពេលនេះ មានតែ​ប្រទេស​ឥណ្ឌូណេស៊ី​មួយ​គត់​ដែល​ធ្លាប់បាន​ប្រកាស​ឲ្យ​ដឹង​អំពីការ​​​ផ្តល់​​នូវក​ងកម្លាំង​សន្តិសុខ​​រហូតដល់​៨០០០​នាក់ សម្រាប់​​បេសកកម្ម​រក្សា​សន្តិភាព​​នៅ​តំបន់ហ្គាហ្សា​។ នេះ​​យោង​​​​ការ​ផ្សាយ​របស់បណ្តាញ​ការ​ផ្សាយ​អន្តរជាតិ​ជាច្រើន។​

​​​សារ​ព័ត៌មាន Jerusalem Post ដោយ​ដកស្រង់​​​​​ពី​របាយការណ៍​​​មួយ​ បាន​​​ផ្សាយថា ​ឥណ្ឌូណេស៊ី​​​នឹ​ងចាប់ផ្តើម​ដាក់​ពង្រាយ​កង​កម្លាំង​រក្សា​សន្តិភាព​​នៅ​ក្នុង​ខែ​មេសា​។ ​ការ​​ពង្រាយ​កងកម្លាំង​នៅហ្គាហ្សា​​​​នឹង​ចាប់ផ្តើមដំបូងនៅ​ក្នុងខែមេសា​ខាងមុខ ​នឹង​មានចំនួន​១០០០​នាក់ ហើយ​នឹង​ឡើង​ដល់​ចំនួន​ពេញលេញ​នៅ​ក្នុងខែមិថុនា មាន​ចំនួន​សរុប​៨០០០នាក់​។​

​ក្រុមប្រឹក្សា​សន្តិភាព​​​ដែលផ្តួច​ផ្តើម​ឡើង​ដោយ​សហរដ្ឋអាមេរិក​​​ បាន​ចុះ​ហត្ថលេខា​​ផ្តើមដំណើរ​ការ​ដំបូង​កាលពីថ្ងៃទី​២២ខែ​​​មករា​​ អំឡុង​ពេលនៃ​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ប្រទេសស្វីស​។ អំឡុង​ពេលនៃការចុះ​ហត្ថលេខាលើក​ដំបូងនោះ ប្រទេស​ជិត​​២០ បាន​​ចូលរួម​ជាលើក​ដំបូង​ ហើយ ក្រោយ​មកទៀត​ប្រទេស​មួយចំនួនទៀត ក៏បាន​ប្រកាស​ចូលរួម​​ជាមួយស្ថាប័ន​នេះ​៕

រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម