Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​បញ្ជូន​យោធា​១០០នាក់ ទៅ​​​កាន់​អាហ្វ្រិក​ ដើម្បី​បណ្តុះ​បណ្តាល​​កម្ចាត់ក្រុមភេរវករ​​

បានផុស

នៅ

សហរដ្ឋអាមេរិក​បានបញ្ជូនកង​កម្លាំង​យោធា​ចំនួន ១០០នាក់ ទៅ​កាន់​ភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា ដើម្បីបណ្តុះបណ្តាល និង​ផ្តល់យោបល់​ដល់​កង​កម្លាំងក្នុងតំបន់ ខណៈ​មាន​ការ​គំរាម​កំហែង​កើន​ឡើង​ ពី​ក្រុម​ប្រដាប់​អាវុធ​ដូចជា Boko Haram ដែល​មាន​ទំនាក់​ទំនង​នឹង​ក្រុម​ ISIS។ (ក្រុម​ទាំង​នេះ​សំដៅ​លើ ពួក​ភេរវករ​​ ប្រើ​អំពើ​ហិង្សា​លើ​ប្រជាជន​នីហ្សេរីយ៉ា)។

កងកម្លាំងអាមេរិក។ Militarnyi.com
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Samaila Uba អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិនីហ្សេរីយ៉ា បាន​ឱ្យ​ដឹង​ថា ទាហាន​អាមេរិក​មក​ដល់​ប្រទេស​នី​ហ្សេ​រី​យ៉ាក្នុង​តំបន់​ភាគ​ឦសាន​នៃទីក្រុង Bauchi កាល​ពី​ថ្ងៃចន្ទ​។

លោក​បាន​និយាយថា៖«ពួកគេ​ (ទាហាន​) នឹង​ផ្តល់ការ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​និងចែក​រំលែក​ភាព​ប៉ិន​ប្រសព្វ​ ដើម្បី​ជួយ​កំណត់​គោលដៅ​​ កម្ចាត់​​អង្គ​ការ​ភេរវករ»​។

មិន​តែ​ប៉ុណ្ណោះ​ សហរដ្ឋអាមេរិក​ក៏បានបញ្ជូនឧបករណ៍​ពាក់​ព័ន្ធ ដើម្បី​គាំ​ទ្រ​បេសកកម្មនេះផង​ដែរ​។

លោក Uba បានសង្កត់ធ្ងន់​ថា៖«ទាហានអាមេរិកនឹងមិនដើរតួនាទី​ប្រយុទ្ធដោយផ្ទាល់នោះទេ ប៉ុន្តែ​នឹងចែករំលែកជំនាញ​បច្ចេកទេស​ ដើម្បី​ឱ្យ​កងកម្លាំងនីហ្សេរីយ៉ា​ជា​អ្នក​គ្រប់គ្រង​យ៉ាង​ពេញលេញ»។

អ្នក​នាំពាក្យ​យោធា​រូប​នេះ​បានបន្ត​ថា​៖ «កង​កម្លាំង​ប្រដាប់​អាវុធ​នៃ​ប្រទេសនីហ្សេរីយ៉ា នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង​ក្នុង​ការចូល​រួម​និង​កម្ចាត់​អង្គការភេរវករ ដែល​គំរាមកំហែង​ដល់​អធិបតេយ្យភាព​របស់​ប្រទេស សន្តិសុខជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ»។

គួរឱ្យ​​ដឹង​ថា​ កាល​​ពី​​ចុង​​សប្តាហ៍​​មុន ខ្មាន់​​កាំភ្លើង​ជិះ​ម៉ូតូ​​បាន​វាយ​ប្រហារ​​តាម​​ភូមិ​​ចំនួន ៣ នៅ​ភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា ដោយ​​បាន​​សម្លាប់​​មនុស្ស​យ៉ាង​តិច ៤៦ នាក់ និង​ចាប់​ពង្រត់​​មនុស្ស​​ជា​ច្រើន​នាក់​​ផ្សេង​ទៀត។

ការវាយប្រហារបង្ហូរឈាម​ច្រើន​បំផុត​បាន​កើត​ឡើង​ នៅ​ក្នុង​ភូមិ Konkoso ក្នុងរដ្ឋ Niger ដែល​មាន​មនុស្ស​យ៉ាង​ហោចណាស់ ៣៨ នាក់ ត្រូវ​បាន​បាញ់​សម្លាប់ និង​ត្រូវ​កាត់​បំពង់​ក។

លើស​ពី​នេះ ការដាក់ពង្រាយកង​កម្លាំង​​​សហរដ្ឋអាមេរិក ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បន្ធូរបន្ថយភាពតានតឹងរវាង​ទីក្រុងវ៉ាស៊ីនតោន និង​នីហ្សេ​រី​យ៉ា​កាលពីចុងឆ្នាំមុន​ ពេល​​ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានចោទប្រកាន់ប្រទេសនេះ​ថា​ ​មិនបានបញ្ឈប់ការសម្លាប់​ប្រឆាំង​នឹង​គ្រិស្ត​បរិស័ទ និងគំរាម​កំហែង​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា​។

យ៉ាងណា​ រដ្ឋាភិបាលនីហ្សេរីយ៉ា​បានច្រានចោលការចោទប្រកាន់របស់ ​លោក ដូណាល់ ត្រាំ​។ ចំណែក​អ្នកវិភាគនិយាយ​ថា មនុស្ស​គ្រប់​សាសនា មិនមែនតែគ្រិស្តបរិស័ទទេ គឺ​ជាជនរងគ្រោះនៃអំពើ​ហិង្សា​របស់​ក្រុម​ប្រដាប់​អាវុធ​ទាំង​អស់​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម