ព័ត៌មានអន្ដរជាតិ
អនុរដ្ឋមន្ត្រីរុស្ស៊ី ចោទអឺរ៉ុបថា ធ្វើឲ្យការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនជាប់គាំង
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS កាលថ្ងៃទី ១៩ខែកុម្ភៈ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះតួនាទីរបស់ប្រទេសលោកខាងលិចនៅក្នុងវិបត្តិរុស្ស៊ីនិងអ៊ុយក្រែននាពេលបច្ចុប្បន្ន។ លោកបញ្ជាក់ថា អឺរ៉ុបមិនមានសុច្ឆន្ទៈក្នុងការបញ្ចប់ជម្លោះនោះទេ ប៉ុន្តែគ្រាន់តែចង់ឲ្យការប្រយុទ្ធបន្តឲ្យបានយូរ ដោយអូសបន្លាយតាមដែលអាចធ្វើទៅបាន។

អ្នកការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះ បានវាយតម្លៃថា រហូតមកដល់ពេលនេះ ទីក្រុងមូស្គូមិនទាន់បានឃើញការចូលរួមចំណែកស្ថាបនាជាក់ស្តែងណាមួយពីបណ្តាប្រទេសនៅអឺរ៉ុបនៅឡើយទេ។ ផ្ទុយទៅវិញ ជំហរដ៏រឹងត្អឹង និងលំអៀងរបស់បស្ចឹមប្រទេស បានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាទាំងអស់ជាប់គាំង។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានទាញចំណាប់អារម្មណ៍ថា ប្រសិនបើក្រឡេកមើលចលនាជាក់ស្តែងនៅលើឆាកអន្តរជាតិ គេអាចមើលឃើញថា អឺរ៉ុបកំពុងធ្វើអ្វីគ្រប់យ៉ាង ប្រឆាំងនឹងបំណងប្រាថ្នាចង់ស្តារសន្តិភាពនៅអ៊ុយក្រែនឡើងវិញ។ គោលនយោបាយពិតប្រាកដរបស់ពួកគេ គឺធ្វើឲ្យជម្លោះកាន់តែអូសបន្លាយ ដើម្បីទប់ស្កាត់ ឬធ្វើឲ្យវាកាន់តែលំបាកតាមដែលអាចធ្វើទៅបានក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព។
លោក Grushko បានចង្អុលបង្ហាញបន្ថែមទៀតថា សកម្មភាពរារាំងទាំងនេះរួមមានការផ្តល់កញ្ចប់ជំនួយយ៉ាងច្រើនជាបន្តបន្ទាប់ទាក់ទងនឹងនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាពិសេសជំនួយយោធាដល់រដ្ឋាភិបាលអ៊ុយក្រែន។ ទីក្រុងមូស្គូបានចាត់ទុកជាយូរមកហើយថា ការបញ្ជូនអាវុធ និងគ្រាប់រំសេវជាបន្តបន្ទាប់របស់លោកខាងលិចទៅកាន់អ៊ុយក្រែន ជាមូលហេតុចម្បងនៃភ្លើងជម្លោះដែលបន្តឆាបឆេះយ៉ាងសាហាវនិងកាន់តែអូសបន្លាយ។
លើសពីនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានបដិសេធដាច់អហង្ការថា ចំពោះលក្ខខណ្ឌជាមុនដែលលោកខាងលិចបានកំណត់សម្រាប់កិច្ចព្រមព្រៀងសន្តិភាព។ លោកថា សំណើពីអឺរ៉ុបគឺឯកតោភាគី ហើយមិនអើពើទាំងស្រុងចំពោះរុស្ស៊ី។ គ្មាននរណាម្នាក់នៅអឺរ៉ុបនិយាយអំពីរូបមន្តសន្តិភាពដែលរួមបញ្ចូលការប្តេជ្ញាចិត្តដើម្បីធានាសន្តិសុខរឹងមាំ និងអាចទុកចិត្តបានសម្រាប់ប្រទេសរុស្ស៊ីនោះទេ។ ដូច្នេះវាត្រូវតែបញ្ជាក់ជាថ្មីថា នេះគឺជាលក្ខខណ្ឌស្នូល និងសំខាន់សម្រាប់ដំណោះស្រាយណាមួយដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
ការចោទប្រកាន់ពីក្រសួងការបរទេសរុស្ស៊ី ត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលកិច្ចខិតខំប្រឹងប្រែងចរចាការទូត ជាពិសេសការពិភាក្សាជុំចុងក្រោយនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស នៅតែជាប់គាំងនៅឡើយ ខណៈដែលអ៊ុយក្រែន និងលោកខាងលិចបដិសេធយ៉ាងដាច់អហង្ការ ចំពោះការទាមទាររបស់ពួកគេសម្រាប់ការធ្វើសម្បទានណាមួយនោះ ចំណែកឯទីក្រុងមូស្គូវិញក៏មិនថយក្រោយក្នុងការទាមទាររបស់ខ្លួន សម្រាប់កន្លែងសន្តិសុខជាយុទ្ធសាស្ត្រដែរ ដែលធ្វើឲ្យរូបភាពសន្តិភាពទាំងមូលនៅតែអាប់អួរយ៉ាងខ្លាំង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កាណាដា និងអូស្ត្រាលី ជំរុញវិស័យការពារជាតិខ្លួនឯង ដោយលែងពឹងផ្អែកអាមេរិក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


