Connect with us

ព័ត៌មានអន្ដរជាតិ

​រឿង​ដ៏​កម្សត់ ម្តាយ​ដឹក​កូន​ប្រុស​តាម​កង់​៣​ទៅ​ពេទ្យ​៣​កន្លែង​ស្លាប់​តាម​ផ្លូវនៅឥណ្ឌា

បានផុស

នៅ

ស្ត្រី​ជា​ម្តាយ​ដែល​កំពុង​អង្គុយ​នៅ​លើ​កង់​បី​ជា​មួយ​នឹង​សព​កូន​ប្រុស​អាយុ​២៩​ឆ្នាំ​​ដែល​បាន​ស្លាប់​នៅ​តាម​ផ្លូវ បន្ទាប់​ពី​បាន​ដឹក​ទៅ​រក​មន្ទីរ​ពេទ្យ​៣​កន្លែង​​ ប៉ុន្តែ​​មន្ទីរ​ពេទ្យ​មិន​ទទួល​បាន​កំពុង​ធ្វើ​​ឲ្យ​ពិភព​លោក​រំជួល​ចិត្តយ៉ាង​ខ្លាំង។

រូប​ភាព​បាន​បង្ហាញ​ពី​ស្ត្រី​ឈ្មោះ Chandrakala Singh ដែល​កំពុង​នឿយ​ហត់​អស់កម្លាំង​ និង​ទុក្ខ​ក្រៀម​ក្រំ​កំពុង​អង្គុយ​ជា​មួយ​សព​កូន​ប្រុស​ឈ្មោះ Vineet Singh នៅ​​តាម​​ផ្លូវ​​ក្នុង​ទីក្រុង​ Varanasi ភាគ​ខាង​ជើង​​រដ្ឋ Uttar Pradesh។

រូប​ថត​ដែល​កំពុង​ធ្វើ​​ឲ្យ​ពិភព​លោក​នេះ​​រំជើប​រំជួល​នេះ​គឺ​មាន​រឿង​រ៉ាវ​ពី​ក្រោយ​ដ៏​កម្សត់​ដែល​​​កូវីដ-១៩​បាន​កំពុង​វាយ​ប្រហារ​លើ​ប្រព័ន្ធ​សុខាភិបាល​នៅ​ប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​ដួល​រលំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jai Singh ត្រូវ​ជា​ពូ​របស់​បុរស​អាយុ​២៩​ឆ្នាំ​បាន​ប្រាប់​ថា ៖«នៅ​ព្រឹក​ថ្ងៃ​ចន្ទ អ្នក​ស្រី Singh បាន​ធ្វើ​ដំណើរ​ជា​មួយ​កូន​ប្រុស​ទៅ​កាន់​មន្ទីរ​ពេទ្យ​ Banaras Hindu University (BHU)តាម​ការណាត់​របស់​ឌុកទ័រ​ ដោយ​​​ត្រូវ​ប្រើ​ពេល​តែមួយ​ម៉ោង​ប៉ុណ្ណោះពី​ផ្ទះ​»។

លោក​ថា ៖«ក្មួយ Vineet មានបញ្ហា​​តម្រង​នោម​ និង​បាន​ជួប​លោក​វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរ​ពេទ្យ BHU។​ លោក​វេជ្ជបណ្ឌិត​​នោះ​បាន​ណាត់​ឲ្យ​ជួប​នៅ​ព្រឹក​ថ្ងៃចន្ទ​សម្តាហ៍​​នេះ​»។

ប៉ុន្តែ​នៅ​ពេលម្តាយ និង​កូន​ប្រុស​បាន​ទៅ​ដល់មន្ទីរ​ពេទ្យ ខាង​ពេទ្យ​ប្រាប់​ពួក​គាត់​ថា លោក​វេជ្ជបណ្ឌិត​មិន​នៅ​ និង​បាន​ប្រាប់​ឲ្យ​ពួកគាត់​ទៅកន្លែង​របួស​ដែល​នៅ​ទី​នោះ​គេ​ទទួល​ករណី​បន្ទាន់។

ស្ត្រី​ជា​ម្តាយ​និយាយ​ថា នៅ​ពេល​​​ទៅ​ដល់​​កន្លែង​របួស កូន​ប្រុស​របស់​គាត់បាន​ដួល​ទៅ​ហើយ ប៉ុន្តែ​​​​បុគ្គលិក​ពេទ្យ​បដិសេធ​ទទួល​ព្យាបាល។

គាត់​បន្ត​ថា ៖«គ្រូ​ពេទ្យ​ប្រាប់​ថា កូន​ប្រុស​ខ្ញុំ​ឆ្លង​កូវីដ-១៩។ សូម​យក​​​ចេញ​ពី​ទី​នេះ​ទៅ។ កូន​ប្រុស​របស់​ខ្ញុំ​បាន​កំពុង​មាន​ដង្ហើម​ដង្ហក់។ យើង​ត្រូវ​ដាក់​អ៊ុកស៊ីសែន និង​រថយន្ត​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ខាង​ពេទ្យ​អត់​ជួយ​យើង​ទេ»។

ស្ត្រី​ជា​ម្តាយ​បាន​ដាក់​កូន​ប្រុស​នៅ​លើ​កង់បី និង​ដឹក​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ​​​នៅ​ជិត​នោះ ប៉ុន្តែ​នៅ​ពេទ្យ​ឯកជន​នោះ​ក៏​មិន​ទទួល​ព្យាយាបាល​ទៀត។ គាត់​ក៏​បាន​ព្យាយាម​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​ផ្សេង​ទៀត។

នៅ​តាម​ផ្លូវ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទី​៣  Vineet បាន​ដាច់​ខ្យល់​នៅ​លើ​ជើង​របស់​ម្តាយ​ដែល​អាយុ​ច្រើន និង​មើល​ទៅនឿយ​ហត់​កម្លាំង។

នៅ​ពេលស្ត្រី​ជា​ម្តាយ​កំពុង​ក្រៀម​ក្រំ​​ដ៏​ក្រៃ​លែង និង​ត្រូវ​ការ​អ្នក​ដទៃ​ជួយ​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត។ គាត់​ត្រូវ​បាន​ជន​អាក្រក់​​ឆក​​​យក​ទ្រព្យ​សម្បត្តិ​ថែម​ទៀត​ក្នុង​នោះ ឯកសារ​ព្យាបាល​របស់​កូន​ប្រុស និង​ទូរសព្ទ​របស់​គាត់​ត្រូវ​បាន​ជន​អាក្រក់​លួច​យក​ទៅ​បាត់។

រូប​ភាព ដែល​ចេញផ្សាយ​ដំបូង​ដោយសារព័ត៌មាន​ក្នុង​ស្រុក​ជា​​ភាសា​ឥណ្ឌា​ Dainik Jagran បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា និងរាល​ដាល​​ទូទាំង​ពិភព​លោក។

លោក Shravan Bharadwaj អ្នក​សារព័ត៌មាន​ដែល​បាន​សរសេរ​រឿង​នេះ​បាន​ប្រាប់​ BBC ថា នៅ​តាម​ផ្លូវ​ដែល Vineet បាន​ស្លាប់​​មាន​មន្ទីរ​ឯកជន​ជា​ច្រើន ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ជួយ​ម្តាយ​ក៏​កម្សត់​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា គេ​មិន​ច្បាស់​ទេ​ថា​ Vineet បាន​ស្លាប់​ដោយ​សារ​កូវីដ-១៩ ឬ​យ៉ាង​ណា​ ពី​ព្រោះ​ក្រុម​គ្រួសារ​និយាយ​ថា ​គាត់​គ្មាន​រោគ​សញ្ញា​ដែល​បង្ហាញ​ពី​កូវីដ-១៩​ឡើយ ប៉ុន្តែ​តាម​ឯកសារ​ណាត់​​ជា​មួយ​គ្រូ​ពេទ្យ​គឺ​ព្យាបាល​តម្រង​នោម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម