Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាងត្បូងនិង​រដ្ឋ​អាមេរិក​​ប្រកាស​​ធ្វើ​សមយុទ្ធយោធា​រួមគ្នា១០​ថ្ងៃ​​​នៅ​ខែ​ក្រោយ​

បានផុស

នៅ

មន្ត្រី​យោធា​អាមេរិកនិង​កូរ៉េខាង​ត្បូងនិយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​សមយុទ្ធយោធា​​រួម​គ្នាដ៏សំខាន់​​ដែល​មាន​ឈ្មោះ​ថា​ «Freedom Shield» ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៩ក្នុង​ខែ​មីនា​។ នេះ​បើយោង​តា​ម​រ៉យទ័រ​ នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ។

លោក Jang Do-young នាយកកិច្ចការសាធារណៈនៃអគ្គសេនាធិការចម្រុះ​យោធា​​​កូរ៉េខាងត្បូង និង លោក Ryan Donald (ស្តាំ) នាយកកិច្ចការសាធារណៈនៃបញ្ជាការអង្គការសហប្រជាជាតិ (UNC)។ រូប៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​​​យោធា​​នៃ​​ប្រទេស​ទាំង​ពីរ​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ​ថា សម​យុទ្ធ​ប្រចាំ​ឆ្នាំ​នេះ​មាន​លក្ខណៈការពារ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​យ៉ាងណា ការ​រៀបចំ​ឡើង​​មិន​​រារាំង​​​​សមយុទ្ធ​​ពី​​​ក្លាយជា​ចំណុច​​ប្រឈម​មុខ​​ក្តៅគគុក​ញឹក​ញាប់​ជា​មួយ​កូរ៉េ​ខាង​ជើង​ដែល​​​លើក​ឡើង​​ជាយូរមក​ហើយ​ថា ​សមយុទ្ធ​​ជា​​កា​រហាត់សម​​សម្រាប់​​​​«ឈ្លានពាន»។​

យោធា​កូរ៉េខាង​ត្បូង​និង​អាមេរិក លើក​ឡើង​ថា​សម​យុទ្ធ​នេះ​ ​នឹង​បម្រើ​ជា​ឱកាស​មួយ​ដើម្បី​គាំទ្រ​ដល់​ការ​រៀបចំ ​(ផ្នែកយោធា) ជា​បន្តបន្ទាប់​ សម្រាប់​ការ​ផ្ទេរ​ការ​គ្រប់​គ្រង​ប្រតិបត្តិការ​សម័យ​សង្គ្រាម​របស់​សហ​រដ្ឋ​អាមេរិក​ទៅ​ឱ្យ​កូរ៉េ​ខាង​ត្បូង​។​

មិន​តែ​ប៉ុណ្ណោះ សម​យុទ្ធ​កន្លង​មកមាន​ទាំង​ការ​ហ្វឹក​ហ្វឺន​ព​ហុ​ដែន និង​ប៉ុស្តិ៍​បញ្ជាការ ដែល​មានគោល​បំណង​គាំទ្រ​ដល់​ការ​ត្រៀម​ខ្លួន​នេះ​។

កូរ៉េ​ខាងត្បូងមាន​គោលបំណងបញ្ចប់​ការ​ផ្ទេរ​បញ្ជាការ​យោធា​ពី​សហ​រដ្ឋ​អាមេរិក មុន​ពេលអាណត្តិរបស់ប្រធានាធិបតី លី ជេ ម្យ៉ុង(Lee Jae Myung) បញ្ចប់​នៅ​ឆ្នាំ ២០៣០។

មន្ត្រី​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនិយាយថា សម​យុទ្ធ​ដោយ​សម្ព័ន្ធ​មិត្តនៅខែក្រោយ​នឹងរួមបញ្ចូល​សេណារីយ៉ូ​ទប់​ស្កាត់​ ទាក់ទង​នឹង​អាវុធ​នុយក្លេអ៊ែររបស់​កូរ៉េខាងជើងផង​ដែរ​។

យ៉ាងណា ប្រធានាធិបតី លោក លី បាន​ស្វែងរកការកែលម្អ​ទំនាក់​ទំនង​ដ៏តានតឹងជាមួយកូរ៉េខាងជើង ទោះ​បី​ជា​កិច្ចខិតខំប្រឹងប្រែង​ទាំង​នោះ​ ត្រូវបានទីក្រុងព្យុងយ៉ាង​បដិសេធ​រហូតមកដល់ពេលនេះ​ក៏​ដោយ​។

គួរ​ឱ្យ​ដឹង​ថា ប្រទេស​កូរ៉េខាងជើងបច្ចុប្បន្ន​កំពុងរៀបចំសមាជលើក​ទី​៩ របស់​គណបក្សពលករ​កំពុងកាន់អំណាច ដែល​ជា​​ព្រឹត្តិការណ៍​នយោបាយ​ដ៏ធំបំផុត​នៅក្នុងផែន​ការ​របស់​ពួក​គេ​ ដើម្បី​បង្ហាញ​ពី​សមត្ថ​ភាព​យោធា​ចុង​ក្រោយ​របស់​កូរ៉េ​ខាង​ជើង​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម