Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បញ្ជូនជំនាញការយោធាទៅមជ្ឈិមបូព៌ា ដើម្បីជួយទប់ទល់ការវាយប្រហារពីដ្រូនអ៊ីរ៉ង់

បានផុស

នៅ

ដ្បិតប្រទេសខ្លួនឯងក៏កំពុងមានសង្គ្រាមជាមួយរុស្ស៊ីដែរនោះ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអះអាងថា ប្រទេសរបស់លោកកំពុងបញ្ជូនក្រុមជំនាញការផ្នែកយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីផ្តល់ប្រឹក្សានិងរៀបចំផែនការ ទប់ទល់នឹងការវាយប្រហារដោយមីស៊ីលក៏ដូចជាដ្រូនពីសំណាក់អ៊ីរ៉ង់ ព្រោះដ្រូនរបស់អ៊ីរ៉ង់ គឺជាប្រភេទ «Shaheds» ដូចគ្នាទៅនឹងដ្រូនដែលរុស្ស៊ី យកមកវាយប្រហារអ៊ុយក្រែន។

(រូប៖ Reuters)

សារព័ត៌មាន The Hill បានដកស្រង់សំណេររបស់លោកហ្សេលេនស្គី បង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃពុធទី៤ខែមីនា ដែលសរសេរថា លោកបានចាត់តាំងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិអ៊ុយក្រែន ឲ្យបង្ហាញជម្រើសនានាសម្រាប់ជួយដល់បណ្តាប្រទេសដែលពាក់ព័ន្ធ និងផ្តល់ជំនួយតាមវិធីដែលមិនធ្វើឲ្យការការពារខ្លួនរបស់អ៊ុយក្រែនចុះខ្សោយ។

លោកបន្តថា៖ «ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលគ្រប់ប្រភេទជាង៨០០គ្រាប់ និងដ្រូនវាយប្រហារជាង ១ ៤០០គ្រឿង។ គឺដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់នេះហើយ ដែលជាការគំរាមកំហែងចម្បងដល់ការធ្វើនាវាចរណ៍ដោយសេរី បណ្តាលឲ្យតម្លៃប្រេង ផលិតផលប្រេង និងហ្គាសនៅលើពិភពលោកបាត់បង់ស្ថិរភាព។

(រូប៖ Reuters)

លោកកំពុងពិភាក្សាជាមួយដៃគូនានាក្នុងតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិក និងបាននិយាយរួចហើយជាមួយមេដឹកនាំនៃប្រទេសមួយចំនួនដែលនៅជិតខាងអ៊ីរ៉ង់ ដូចជាអារ៉ាប់រួម កាតា ហ្សកដានី និងបារ៉ែន  ខណៈផែនការពិភាក្សាជាមួយគុយវ៉ែត និងប្រទេសដទៃទៀតក្នុងតំបន់ក៏ត្រូវបានរៀបចំទុកផងដែរ។

សូមជម្រាបថា យោងតាមស្ថិតិនៃការវាយប្រហាររបស់អ៊ីរ៉ង់គិតចាប់ពីថ្ងៃទី២៨ កុម្ភៈ ដល់៥ មីនា ទីក្រុងតេហេរ៉ង់ បានបាញ់មីស៊ីលគ្រប់ប្រភេទជាង ៨០០គ្រាប់ក្នុងសង្គ្រាមជាមួយអាមេរិក-អ៊ីស្រាអែល។

(រូប៖ Reuters)

ក្នុងនោះរួមមានមីស៊ីលបាលីស្ទីក និងមីស៊ីលគ្រូស ដែលបាញ់ចេញពីទឹកដីអ៊ីរ៉ង់ផ្ទាល់ និងពីមូលដ្ឋានកងទ័ពស្រមោលរបស់ពួកគេ។

ដោយឡែក បើនិយាយពីដ្រូនវិញ អ៊ីរ៉ង់បានបាញ់បង្ហោះដ្រូនជាង ១ ៤០០ គ្រឿង ភាគច្រើនជាប្រភេទដ្រូនអត្តឃាត Shahed-131 និង Shahed-136 ដែលត្រូវគេស្គាល់ថាជា «ដ្រូនកាមីកាសេ»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម