Connect with us

ព័ត៌មានអន្ដរជាតិ

មិត្តភាពកាន់តែស្អិតរមួត៖ លោកគីម ជុងអ៊ុន ផ្ញើសារអបអរមេដឹកនាំ​ឡាវ​ជាប់ឆ្នោត​ម្ដង​ទៀត

បានផុស

នៅ

បន្ទាប់ពីទទួលបានដំណឹងថា ប្រធានាធិបតីឡាវ លោក ថងលុន ស៊ីសុលីត ត្រូវបានបោះឆ្នោត​ឲ្យ​បន្តដឹកនាំប្រទេសក្នុងអាណត្តិថ្មី មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រញាប់ផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅបំផុត។ នេះ​បើ​យោង​តាមការ​ចុះផ្សាយរបស់​ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េ​ KCNA នា​ថ្ងៃទី​៧​ខែ​មេសា​ឆ្នាំ​២០២៦។

លោក ថងលុន ស៊ីសុលីត និង​លោក គីម ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម ជុងអ៊ុន ចាត់ទុកការជាប់ឆ្នោតសាជាថ្មីរបស់មេដឹកនាំឡាវរូបនេះថា ជាសញ្ញាបង្ហាញពីការជឿជាក់យ៉ាងជ្រាលជ្រៅ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បក្សរដ្ឋាភិបាល និងប្រជាជនឡាវទាំងមូលចំពោះរូបលោក។

ក្នុងសារលិខិតដែល​ផ្ញើ​កាល​ពី​ថ្ងៃទី​១​មេសា​នោះដែរ លោក គីម ជុងអ៊ុន ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនទៅមុខថែមទៀត។ លោកចង់​ឲ្យ​កិច្ចសហប្រតិបត្តិការនេះដើរទៅមុខស្របតាមស្មារតីដែលមេដឹកនាំទាំងពីរធ្លាប់បានព្រមព្រៀងគ្នាកាលពីជំនួបនៅទីក្រុងព្យុងយ៉ាង កាលពីខែតុលាឆ្នាំមុន។ គួររំលឹកផងដែរថា កាលពីពេលនោះ មេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាដើម្បីរឹតចំណងមិត្តភាព​ឲ្យ​កាន់តែរឹងមាំ ក្នុងឱកាសខួប​៨០ឆ្នាំនៃការបង្កើតគណបក្សពលករកូរ៉េ។

ការបន្តតំណែងរបស់លោក ថងលុន ស៊ីសុលីត ក្នុងសម័យប្រជុំដំបូងនៃសភាថ្មីរបស់ឡាវនេះ ហាក់ដូចជាការបើកទំព័រថ្មីមួយទៀតសម្រាប់កិច្ចសហការរវាងកូរ៉េខាងជើង និងឡាវ ឲ្យ​កាន់តែស៊ីជម្រៅជាងមុន។ លោក គីម ជុងអ៊ុន បានបញ្ជាក់យ៉ាងច្បាស់ថា លោកជឿជាក់លើចំណងមិត្តភាពដ៏យូរអង្វែងនេះ ហើយត្រៀមខ្លួនជានិច្ចក្នុងការបន្តកសាងទំនាក់ទំនង​ឲ្យ​កាន់តែល្អប្រសើរឡើង ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម