Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ និង ណេតាន់យ៉ាហ៊ូ ឯកភាពគ្នាថា ​នឹង​មិនចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ឡើយ​ បើ អ៊ីរ៉ង់នៅ​រឹងទទឹង​រឿងនុយក្លេអ៊ែរ​

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងកាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ថា លោក និងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នា ថា រាល់កិច្ចព្រមព្រៀងចុងក្រោយណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែលុបបំបាត់ចោលទាំងស្រុងនូវការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយទីក្រុងតេហេរ៉ង់។

លោក ត្រាំ ចង្អុលម្រាមដៃ ទៅកាន់ លោក ណេតាន់យ៉ាហ៊ូ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ (រូបភាព៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណេតាន់យ៉ាហ៊ូ បាន​បង្ហោះ​សារ​លើបណ្តាញសង្គម Telegram បញ្ជាក់ថា លក្ខខណ្ឌនេះតម្រូវឲ្យមានការរំលាយចោលនូវរោងចក្រចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការផ្ទេរចេញនូវរាល់សារធាតុនុយក្លេអ៊ែរដែលបានចម្រាញ់រួចទាំងអស់ ចេញពីទឹកដីរបស់ប្រទេសនេះ។ យោងតាមការចេញផ្សាយ​របស់​ CNN

​សេចក្តី​រាយការណ៍​នោះ ក៏បានស្រង់សម្តី​ប្រភពពីមន្ត្រីអ៊ីស្រាអែលមួយរូបថ្លែង​ថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ស្តីពីកិច្ចព្រមព្រៀងដែលកំពុងលេចរូបរាងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ លោក ណេតាន់យ៉ាហ៊ូ  បានប្រាប់លោក ត្រាំ ថា អ៊ីស្រាអែលនឹងនៅតែរក្សាសេរីភាពក្នុងការចាត់វិធានការប្រឆាំងនឹងការគំរាមកំហែងនានានៅក្នុងប្រទេសលីបង់។

យោងតាមប្រភពដដែល អាមេរិកកំពុងផ្តល់ព័ត៌មានថ្មីៗជាបន្តបន្ទាប់ដល់អ៊ីស្រាអែល អំពីដំណើរការចរចាជាមួយអ៊ីរ៉ង់។ប្រភពនោះបានបញ្ជាក់ទៀតថា «ប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹង​រក្សា​​គោល​ជំហរ​យ៉ាងរឹងមាំនៅក្នុងការចរចាលើការទាមទារដ៏ម៉ឺងម៉ាត់របស់លោក សម្រាប់ការរំលាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដកហូត​សារធាតុអ៊ុយរ៉ាញ៉ូម​ចម្រាញ់ទាំងអស់ចេញពីទឹកដីរបស់ខ្លួន ហើយលោកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយឡើយ ប្រសិនបើលក្ខខណ្ឌទាំងនេះមិន​​​​សម្រេច​​»។

លោក ត្រាំ ថែមទាំងធានាអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ បានឈានដល់ការចរចា​​​ជិត​ចប់ ​«ស្ទើរតែទាំងស្រុង» លើ​អនុស្សរណៈនៃការយោគយល់គ្នា (MOU) នៃកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាច្រកផ្លូវដឹកជញ្ជូនដ៏សំខាន់មួយ ដែលត្រូវបានបិទចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីខែកុម្ភៈ។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថាតើកិច្ចព្រងព្រៀងនោះបានវិវឌ្ឍន៍ទៅដល់ណាហើយទេ។ ស្របពេលដែលទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានរាយការណ៍កាលពីព្រឹកព្រលឹមថ្ងៃ​អាទិត្យ​ម្សិលមិញថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យអ៊ីរ៉ង់ជាអ្នកគ្រប់គ្រងច្រក Hormuz ហើយការអះអាងរបស់លោក ត្រាំ ជុំវិញរឿងច្រកសមុទ្រនេះ គឺ «មិនស្របទៅនឹងការពិតនោះឡើយ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

អ៊ីរ៉ង់ ប្រាប់ប៉ាគីស្ថាន ថា លីបង់ត្រូវតែរួមបញ្ចូលក្នុងកិច្ចព្រមព្រៀងសន្តិភាព​ខ្វះមិនបាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម