Connect with us

ព័ត៌មានអន្ដរជាតិ

២អាណត្តិ! ត្រាំ គំរាម វាយប្រហារប្រទេសចំនួន ១៥, ក្នុងនោះមាន ៧ប្រទេស ត្រាំ វាយមែនទែន

បានផុស

នៅ

ការវិលមកកាន់អំណាច ជាមេដឹកនាំប្រទេសមហាអំណាចផុតលេខលើពិភពលោក នៅអាណត្តិទី២នេះ លោក ដូណាល់ ត្រាំ បានធ្វើព្យុះភ្លៀង ខ្លាំងជាងអាណត្តិទី១ ទៅទៀត ដោយប្រធានាធិបតីអាមេរិក បានគំរាម និងវាយប្រហារប្រទេសជាច្រើន រួចមកហើយ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

អូម៉ង់ បានក្លាយជាប្រទេសចុងក្រោយ ដែលត្រូវលោកត្រាំ គំរាមបើកការវាយប្រហារយោធា ដោយព្រមានថា អាមេរិក នឹងវាយ​កម្ទេចប្រទេសនេះ បើហ៊ានលូកដៃគ្រប់គ្រងច្រកសមុទ្រ Hormuz។

យោងតាមរបាយការណ៍របស់ CNN ចេញកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦, បើបូករួមទាំងអូម៉ង់នេះទៀត លោកត្រាំ បានគំរាមវាយប្រហារលើប្រទេសចំនួន ១៥ហើយ បើគិតសរុបទាំងពីរអាណត្តិ នៃការកាន់តំណែងរបស់លោក ក្នុងនាមប្រមុខរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន។

ប្រទេសទាំង ១៥ មានដូចជា កាណាដា, កូឡុំប៊ី, គុយបា, ដាណឺម៉ាក, ម៉ិកស៊ិក, កូរ៉េខាងជើង, ប៉ាណាម៉ា, អូម៉ង់, អ៊ីរ៉ង់, អ៊ីរ៉ាក់, នីហ្សេរីយ៉ា, សូម៉ាលី, ស៊ីរី, វេណេស៊ុយអេឡា និងយេម៉ែន។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងចំណោមប្រទេសទាំង១៥ នោះ មាន៧ប្រទេស ដែលលោក ត្រាំ ពិតជាហ៊ានវាយប្រហារមែន ដូចជា៖ អ៊ីរ៉ង់, អ៊ីរ៉ាក់, នីហ្សេរីយ៉ា, សូម៉ាលី, ស៊ីរី, វេណេស៊ុយអេឡា និងយេម៉ែន។ 

នេះបានន័យថា លោកត្រាំ បានគំរាមវាយប្រហារ បំភ័យ ឬវាយប្រហារមែនទែន លើប្រទេសប្រហែល ១ ក្នុងចំណោម ១៣ ប្រទេស នៅលើពិភពលោក ហើយប្រទេសទាំងនោះ មានប្រជាជនសរុបរួមគ្នា ស្មើនឹង ១ ក្នុងចំណោម ១១ នាក់ នៃមនុស្សជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ អាណត្តិទី២ របស់លោកត្រាំ នឹងចប់នៅឆ្នាំ២០២៩ ឯណោះ ដូច្នេះហើយ គេមិនដឹងថា តើលោកត្រាំនឹងគំរាមប្រទេសណាខ្លះទៀត ឬធ្វើអ្វីបន្ទាប់ទៀត?

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម