Connect with us

ព័ត៌មានអន្ដរជាតិ

តើការគំរាមកម្ទេចអូម៉ង់ របស់ ត្រាំ អាចបំបែកចំណងការទូត៥០ឆ្នាំ រវាងប្រទេសទាំងពីរ ឬទេ?

បានផុស

នៅ

កាលពីថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ ពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់ពាក្យសម្តីធ្ងន់ៗ ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន ដោយបានគំរាម «កម្ទេច» ប្រទេសអូម៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួន នៅតំបន់ឈូងសមុទ្រពែក្ស។ ការព្រមានដ៏គួរឱ្យតក់ស្លុតនេះ បានធ្វើឡើង ចំពេលដែលសហរដ្ឋអាមេរិក កំពុងដោះស្រាយវិបត្តិបិទផ្លូវទឹកនៅច្រកសមុទ្រ Hormuz ដែលជាដង្ហើមសេដ្ឋកិច្ចប្រេងដ៏សំខាន់របស់ពិភពលោក។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ ដូចជា The Guardian លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ៗថា ច្រកសមុទ្រ Hormuz គឺជាដែនទឹកអន្តរជាតិ ហើយគ្មានប្រទេសណាមួយ អាចគ្រប់គ្រងវាបានឡើយ។ លោកបានសង្កត់ធ្ងន់ថា «អូម៉ង់ ត្រូវតែធ្វើខ្លួនដូចអ្នកដទៃទៀត បើមិនដូច្នោះទេ យើងនឹងត្រូវកម្ទេចពួកគេចោល។ ពួកគេយល់ពីប្រការនេះ ហើយពួកគេនឹងមិនអីទេ»។

ដើមហេតុ​នៃកំហឹងរបស់មេដឹកនាំអាមេរិករូបនេះ បានផ្ទុះឡើង បន្ទាប់ពីមានរបាយការណ៍ថា ប្រទេសអូម៉ង់ បាននិងកំពុងលួចចរចាជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីបង្កើតយន្តការរួមគ្នាមួយ ក្នុងការប្រមូលកម្រៃជើងសារ ពីនាវាដឹកជញ្ជូនទាំងឡាយណា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ ច្រកសមុទ្រនេះ ត្រូវបានអ៊ីរ៉ង់បិទផ្លូវទឹកតាំងពីចុងខែកុម្ភៈមកម្ល៉េះ ដែលបង្កជាវិបត្តិថាមពលសកល ហើយការដែលអូម៉ង់ព្យាយាមសហការជាមួយអ៊ីរ៉ង់ ត្រូវបានអាមេរិកមើលឃើញថា ជាការដើរផ្ទុយពីផលប្រយោជន៍របស់ខ្លួន និងសម្ព័ន្ធមិត្ត។

ទោះបីជាមានការវិភាគដំបូងៗថា លោក ត្រាំ ប្រហែលជានិយាយច្រឡំរវាងពាក្យ «អ៊ីរ៉ង់» និង «អូម៉ង់» ក៏ដោយ ប៉ុន្តែយោងតាមការរាយការណ៍របស់ Gulf News ក្រសួងការបរទេសអាមេរិកក្រោយមក បានបង្ហោះវីដេអូ និងអត្ថបទដើមនៃការថ្លែងការណ៍នោះលើបណ្តាញសង្គម ដោយបញ្ជាក់យ៉ាងច្បាស់ចំឈ្មោះប្រទេសអូម៉ង់តែម្តង។ នេះសរបញ្ជាក់ឱ្យឃើញពីយុទ្ធសាស្ត្រការទូតបែបគំរាមកំហែង និងមិនអាចទាយទុកមុនបានរបស់លោក ត្រាំ នៅក្នុងអាណត្តិទីពីររបស់លោក។

ផលប៉ះពាល់លើទំនាក់ទំនងការទូត

តើពាក្យសម្តីនេះ អាចបំផ្លាញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែរឬទេ? ប្រវត្តិសាស្ត្របានបង្ហាញថា អូម៉ង់ និងសហរដ្ឋអាមេរិក មានទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធ អស់រយៈពេលជាង ៥០ឆ្នាំមកហើយ។ លើសពីនេះ អូម៉ង់តែងតែដើរតួជា «អ្នកសម្របសម្រួល ដោយសម្ងាត់» រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ នៅពេលមានភាពតានតឹងម្តងៗ។

តាមប្រភពព័ត៌មានពី The Jerusalem Post អ្នកវិភាគយល់ថា ការគំរាមកំហែងនេះ បានធ្វើឱ្យសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីភាពជឿជាក់លើសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ដោយសារតែសម្ពាធនយោបាយពីអាមេរិកខ្លាំងពេក តួនាទីជាអ្នកកណ្តាលសម្របសម្រួលរបស់អូម៉ង់ ត្រូវបានផ្ទេរទៅឱ្យប្រទេសប៉ាគីស្ថាន និងកាតាវិញហើយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះយល់ថា ទំនាក់ទំនងនេះ ប្រហែលជាមិនដល់ថ្នាក់កាត់ផ្តាច់ទាំងស្រុងនោះទេ។ លោក Mehran Kamrava សាស្ត្រាចារ្យផ្នែករដ្ឋាភិបាលនៅសាកលវិទ្យាល័យ Georgetown ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន China Daily បានពន្យល់ថា ពាក្យសម្តីដ៏គួរឱ្យរន្ធត់របស់លោក ត្រាំ មិនមែនតែងតែជាគោលនយោបាយផ្លូវការរបស់អាមេរិកនោះទេ វាគ្រាន់តែជាយុទ្ធសាស្ត្រសង្កត់ក្បាលយកប្រៀប ក្នុងការចរចាតែប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះដែរ ទស្សនាវដ្តី TIME បានរាយការណ៍ថា លោក ត្រាំ ក៏កំពុងដាក់សម្ពាធឱ្យអូម៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham (កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសអារ៉ាប់ និងអ៊ីស្រាអែល) ផងដែរ។ ដូច្នេះ ការគំរាមកំហែងនេះ អាចធ្វើឱ្យទំនាក់ទំនងការទូតរវាងអាមេរិក និងអូម៉ង់ ជួបភាពរកាំរកូស និងត្រជាក់ស្រេបមួយរយៈពេលធំ ប៉ុន្តែអូម៉ង់ ទំនងជានឹងត្រូវបង្ខំចិត្តដើរថយក្រោយមួយជំហាន ហើយធ្វើការសម្របសម្រួលជាមួយអាមេរិក ដើម្បីបញ្ចៀសជម្លោះយោធា ព្រោះអូម៉ង់ ក៏ជាប្រទេសដែលកំពុងមានមូលដ្ឋានទ័ពអាមេរិកឈរជើងផងដែរ៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម