ព័ត៌មានអន្ដរជាតិ
ហ្វាំងឡង់ ប្រគល់ខ្លាឃ្មុំផេនដា២ក្បាលឲ្យចិនវិញ ព្រោះថ្លៃមើលថែខ្ពស់ខ្លាំងពេក
សួនសត្វមួយកន្លែងក្នុងប្រទេសហ្វាំងឡង់ បានសម្រេចចិត្តក្នុងការប្រគល់ខ្លាឃ្មុំផេនដាយក្សពីរក្បាលទៅប្រទេសចិនវិញ ព្រោះតែបញ្ហាកើនឡើងអតិផរណា និងការចំណាយថែទាំខ្ពស់ខ្លាំងពេក។ ការបញ្ជូននេះ ធ្វើឡើងលឿនជាងការគ្រោងទុកដល់ទៅ៨ឆ្នាំឯណោះ ដែលភាគីនៃប្រទេសទាំង២ធ្លាប់បានធ្វើកិច្ចព្រមព្រៀងរួមគ្នា។

ខ្លាឃ្មុំផេនដាដែលមានឈ្មោះថា Lumi និង Pyry ត្រូវបាននាំយកទៅប្រទេសហ្វាំងឡង់ក្នុងខែមករាឆ្នាំ២០១៨ ប៉ុន្មានខែបន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទៅធ្វើទស្សនកិច្ចនៅហ្វាំងឡង់ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាស្តីពីការការពារសត្វព្រៃ។
បើយោងតាមសួនសត្វ Ahtari កិច្ចព្រមព្រៀងរបស់ហ្វាំងឡង់គឺសម្រាប់ការស្នាក់នៅរយៈពេល១៥ឆ្នាំនៃសត្វខ្លាឃ្មុំផេនដា។ លោក Risto Sivonen ប្រធានសួនសត្វឯកជន Ahtari បានប្រាប់ថា ក្រុមហ៊ុនបានវិនិយោគជាង ៨លានអឺរ៉ូ (ប្រមាណ ៨,៩២លានដុល្លារ) សម្រាប់កន្លែងដែលខ្លាឃ្មុំផេនដារស់នៅ ហើយថ្លៃចំណាយប្រចាំឆ្នាំមានចំនួន ១,៥លានអឺរ៉ូ សម្រាប់ការមើលថែទាំពួកវា រួមទាំងថ្លៃអភិរក្សដែលបង់ទៅឲ្យប្រទេសចិនផងដែរ។
ចាប់តាំងឆ្នាំ១៩៤៩ សាធារណរដ្ឋប្រជាមានិតចិនបានបញ្ជូនខ្លាឃ្មុំផេនដាទៅកាន់សួនសត្វបរទេស ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនងបរទេស និងលើកកម្ពស់មុខមាត់អន្តរជាតិរបស់ខ្លួន។
សួនសត្វ Ahtari ធ្លាប់បង្ហាញក្ដីសង្ឃឹមថា ខ្លាឃ្មុំផេនដានឹងទាក់ទាញអ្នកទស្សនានៅក្នុងប្រទេសហ្វាំងឡង់ ប៉ុន្តែកាលពីឆ្នាំមុនបានប្រកាសថា ខ្លូនបានបង្កើនបំណុលទៅវិញ នេះក៏ដោយសារតែជំងឺរាតត្បាតបានទប់ស្កាត់ការធ្វើដំណើរ ហើយថាខ្លួនកំពុងពិភាក្សាអំពីការបញ្ជូនខ្លាឃ្មុំផេនដាត្រឡប់ទៅប្រទេសចិនវិញ។
សួនសត្វនោះបានបន្ថែមថា ការកើនឡើងអតិផរណាបានបន្ថែមទៅលើថ្លៃចំណាយ ហើយរដ្ឋាភិបាលរបស់ប្រទេសហ្វាំងឡង់ក្នុងឆ្នាំ២០២៣ បានច្រានចោលសំណើសម្រាប់ការផ្តល់មូលនិធិរបស់រដ្ឋ។ លោក Sivonen បានប្រាប់ថា ការចរចារដើម្បីប្រគល់ខ្លាឃ្មុំផេនដាទៅចិនវិញមានរយៈពេលដល់ទៅ៣ឆ្នាំទម្រាំសម្រេចបាន។
អ្នកនាំពាក្យក្រសួងការបរទេសហ្វាំងឡង់ បាននិយាយថា ការបញ្ជូនខ្លាឃ្មុំផេនដាគឺជាការសម្រេចចិត្តអាជីវកម្មដែលធ្វើឡើងដោយសួនសត្វ ដោយមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលហ្វាំងឡង់ឡើយ ហើយមិនគួរប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំង២នោះទេ។
ស្ថានទូតចិននៅហ្វាំងឡង់ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាមានការខិតខំប្រឹងប្រែងដោយប្រទេសចិនដើម្បីជួយដល់សួនសត្វក៏ដោយ ប្រទេសទាំង២នៅទីបញ្ចប់បានសម្រេចរួមគ្នាបន្ទាប់ពីការពិគ្រោះយោបល់ជាមិត្តភាពក្នុងការប្រគល់សត្វខ្លាឃ្មុំផេនដាត្រឡប់មកវិញ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


