ព័ត៌មានអន្ដរជាតិ
ប៉ូលិស ទាហានមីយ៉ាន់ម៉ាស្លាប់ជាច្រើននាក់ក្នុងការប្រយុទ្ធគ្នាម្សិលមិញ
កម្លាំងសន្តិសុខមីយ៉ាន់ម៉ាជាច្រើននាក់ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យម្សិលមិញ។ នេះជាការលើកឡើងរបស់ក្រុមឧទ្ទាម បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅភាគខាងកើតប្រទេសដែលរងគ្រោះដោយរដ្ឋប្រហារ។
ប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងភាពវឹកវរចាប់តាំងពីដើមខែកុម្ភៈ នៅពេលយោធាប្រើកម្លាំងហិង្សាបណ្តាលឲ្យស្លាប់បង្ក្រាបលើក្រុមតវ៉ា។ តួលេខស្លាប់ជនស៊ីវិលហោចណាស់៨១៥នាក់រហូតដល់ពេលនេះ បើយោងតាមក្រុមឃ្លាំមើលក្នុងស្រុក។

ហិង្សាបានជំរុញឲ្យប្រជាជនដែលមានចលនាប្រឆាំងរបបយោធាបាននាំគ្នាបង្កើតក្រុមហៅថា «កម្លាំងការពារប្រជាជន (PDF) នៅតំបន់របស់ពួកគេ ដើម្បីតស៊ូនឹងកម្លាំងសន្តិសុខដោយប្រើប្រាស់អាវុធកែច្នៃ។
មានការប៉ះទង្គិចគ្នានៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ាកាលពីចុងសប្តាហ៍កន្លងទៅនេះ ជាពិសេសនៅតំបន់ Demoso ក្នុងរដ្ឋ Kayah និងរដ្ឋ Shan។
សមាជិកកម្លាំងការពារប្រជាជនឈ្មោះ Thet Wai ដែលមិនបញ្ចេញឈ្មោះពិតបាននិយាយថា យ៉ាងហោចណាស់មន្ត្រីប៉ូលិស២០នាក់បានស្លាប់នៅថ្ងៃអាទិត្យ ហើយភាគីរបស់គាត់បានកាន់កាប់ប៉ុស្តិ៍ប៉ូលិសមួយនៅតំបន់ Moebyel រដ្ឋ Shan ភាគកើតរដ្ឋធានី Naypyidaw។

តាមសារព័ត៌មានក្នុងស្រុកផ្សាយថា ប៉ុស្តិ៍ប៉ូលិសត្រូវបានដុតបំផ្លាញ ហើយកម្លាំងឧទ្ទាមក៏បានចាប់ខ្លួនកម្លាំងសន្តិសុខ៤នាក់។
Thet Wai អាយុ២៩ឆ្នាំនិយាយថា ៖«ខ្ញុំគិតថា ថ្ងៃនេះជាថ្ងៃជោគជ័យមួយ។ ប៉ុន្តែខ្ញុំនៅតែព្រួយបារម្ភ ពីព្រោះយើងនៅតែឃើញមានការវាយប្រហារផ្លូវអាកាស និងរថក្រោះថ្ងៃនេះ។ ពួកគេមានអាវុធល្អជាងយើង»។
លោកថា យោធាមីយ៉ាន់ម៉ាបានបើកការប្រហារតាមផ្លូវអាកាសនៅពេលល្ងាចនៅតំបន់ Demoso ដែលជាទីប្រជុំជនក្នុងរដ្ឋ Kayah ចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងត្បូង។

សកម្មប្រយុទ្ធស៊ីវិលម្នាក់ទៀតនៅ Demoso បាននិយាយថា ហោចណាស់ ទាហានមីយ៉ាន់ម៉ា១៣នាក់ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យ ខណៈកម្លាំងរបស់គាត់៤នាក់បានរបួស។
លោកនិយាយថា ៖«យើងមានបំណងដណ្តើមកាន់កាប់ប៉ុស្តិ៍ប៉ូលិសរបស់ពួកគេ តែពួកគេបានវាយប្រហារតាមផ្លូវអាកាស ហើយយើងមិនអាចរារាំងឡានដឹកនាំទិញរបស់ពួកគេចូលទីប្រជុំជនបាន។ យើងក៏បានដកកម្លាំងរបស់យើងចេញពីការប្រយុទ្ធ»។
ការប្រយុទ្ធគ្នាបានបន្តចូលដល់យប់ថ្ងៃអាទិត្យ។ នេះបើយោងតាមមេដឹកនាំជាន់ខ្ពស់របស់គណបក្សរីកចម្រើនជាតិ Karenni ជាក្រុមប្រដាប់អាវុធភាគតិចដែលរឹងមាំនៅរដ្ឋ Kayah។

លោកបានបញ្ជាក់ថា យោធាបានកំពុងប្រើរថក្រោះ ឧទ្ធម្ភាគចក្រ និងការបាញ់គ្រាប់ផ្លោងនៅតំបន់ Demoso និង Loikaw រដ្ឋ Kayah។
បើយោងតាមវិបសាយក្នុងស្រុក Irrawaddy បានផ្សាយថា ទាហានមីយ៉ាន់ម៉ាប្រហែលជា៤០នាក់ត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចរវាង កម្លាំងការពារប្រជាជន និងទ័ព Karenni Army ជាមួយកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យ។
ទន្ទឹមជាមួយគ្នានេះ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ដែលបានបណ្តេញលោកស្រី អ៊ុងសាន ស៊ូជី ចេញពីអំណាចតាមរយៈរដ្ឋប្រហារ បានផ្តល់បទសម្ភាសរយៈពេល២ម៉ោងទៅទូរទស្សន៍ Phoenix របស់ហុងកុងដែលមានកម្មវិធីពេញមិនទាន់ចាក់ផ្សាយនៅឡើយ។
នៅក្នុងអត្ថបទខ្លីមួយដែលបានចេញផ្សាយនៅថ្ងៃអាទិត្យ លោកបានផ្តល់ការធានាចំពោះវិនិយោគិនចិន បន្ទាប់ពីកើតមានការវាយប្រហារលើរោងចក្រនៅរដ្ឋធានីពាណិជ្ជកម្ម Rangoon។

លោកមានប្រសាសន៍ថា ៖«ប្រជាជនយើងអត់ស្អប់ចិនទេ។ វាបានកើតឡើងដោយហេតុផលនយោបាយ»។
លោកស្រី អ៊ុងសាន ស៊ូជី មិនទាន់ត្រូវបានគេឃើញលេចមុខជាសាធារណៈឡើយ ចាប់តាំងពីលោកស្រីត្រូវបានឃុំខ្លួននៅក្នុងផ្ទះ។ លោកស្រីត្រូវបានគេរំពឹងថា នឹងឡើងតុលាការនៅថ្ងៃចន្ទនេះដែលជាសវនារលើកដំបូង បន្ទាប់ពីពន្យាពេលជាច្រើនច្រើនសប្តាហ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


