Connect with us

ព័ត៌មានអន្ដរជាតិ

ផ្តើម​ពី​សិស្ស​តវ៉ា​ក្លាយ​ជា​វីរជន​ បុរស​វ័យ​ក្មេង​ Boric​ ជា​បេក្ខភាព​ប្រធានាធិបតី​ឈីលី​លេចធ្លោ

បានផុស

នៅ

ប្រហែល​ជា​១០​ឆ្នាំ​មុន​ លោក Gabriel Boric គ្រាន់​តែ​ជា​​អ្នក​ដឹក​នាំ​សិស្សានុសិស្ស​ម្នាក់​នៅ​​ប្រទេស​ឈីលី​ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​​រឿង​​​ប្រព័ន្ធ​អប់រំឯកជន​​​ដែល​មាន​សិស្ស​រាប់​ពាន់​នាក់​ចូល​រួម​នៅ Santiago។

ឥឡូវ​នេះ​សមាជិក​សភា​អាយុ​៣៥​ឆ្នាំ​បាន​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​មហា​ជន​ដែល​ត្រូវ​បានគេ​សង្ឃឹម​នឹង​​ជា​គូ​ប្រជែង​ដ៏​មាន​ឥទ្ធិពល​ទល់​នឹង​បេក្ខភាព​ស្តាំ​និយម​លោក Jose Antonio Kast សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ជុំ​ទី២។

លោក Gabriel Boric
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ លោក Boric ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​វ័យ​ក្មេង​បំផុត និង​ឆ្វេង​និយម​បំផុត​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នា​​សម័យ​កាល​ទំនើប​របស់​ឈីលី។

លោក Boric បាន​កំពុង​ដឹក​នាំ​ក្រុម​សម្ព័ន្ធ​ចម្រុះធំ​មួយ​រាប់​ទាំង​គណបក្ស​កុម្មុយនិស្ត និង​​បាន​​ឈ្នះ​ពាន​គំរូ​សុខមាលភាព​រដ្ឋ​ដែល​សន្យាដោះ​ស្រាយ​វិសមភាព​សង្គម។ កាល​ពី​ខែ​មុន នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​១ លោក​ទទួល​បាន​សំឡេង​គាំទ្រ​ជិត​២៦​%។

ទន្ទឹម​ជា​មួយ​គ្នា​នេះ លោក Kast ដែលជា​អ្នក​ការពារ​ដ៏​រឹង​មាំ​​​របស់​​សម័យ​កាល​​​អតីត​មេ​ដឹក​នាំ​ផ្តាច់​ការ​ឧត្តម​សេនីយ៍ Augusto Pinochet ទទួល​បាន​សំឡេង​គាំទ្រ​២៨​%។ របៀប​វារៈ​របស់​អតីត​សមាជិក​សភា​​វ័យ​៥៥​ឆ្នាំនេះ​រាប់​បញ្ចូល​ទាំង​ការ​កាត់​ពន្ធ​សម្រាប់​ក្រុម​ហ៊ុន ​ការកសាង​របាំង​ភាគ​ខាង​ជើង​ឈីលី​ដើម្បី​ការពារ​ជន​អន្តោប្រវេសន៍​​ចូល​ខុស​ច្បាប់ និង​ការ​លុប​បំបាត់​ការ​រំលូត​កូន​​ជា​គោល​សំខាន់​ៗ។

ការ​បោះ​ឆ្នោត​​​នៅ​​ថ្ងៃ​អាទិត្យ​ឥឡូវ​នេះស្ថិត​នៅ​លើ​គែម​​កាំបិត​ហើយ ពី​ព្រោះ​លទ្ធផល​ប្រកៀក​ប្រកើយ​គ្នា​​ ​ពឹង​លើ​សមត្ថភាព​ពិត​ៗ​របស់​បេក្ខ​ជន​ទាំង​ពីរ​ដើម្បី​ទាក់ទាញ​សំឡេង​អ្នក​គាំទ្រ។​

សម្រាប់អ្នក​រិះ​គន់​ថា បុរស​វ័យ​ក្មេង​ Boric ជា​បុគ្គល​ជ្រុល​និយម និង​ខ្វះ​បទ​ពិសោធ។ ប៉ុន្តែការ​រិះ​គន់​ទាំង​នោះ​កំពុង​ក្លាយ​ជា​គុណ​សម្បត្តិ​ជំរុញ​ឲ្យ​​លោក​កាន់​​ល្បី​ក្នុង​ចំណោម​យុវជន​ឈីលី ដែល​ភាគ​ច្រើន​ស្គាល់​លោកកំឡុង​ពេល​​ពីរ​ឆ្នាំ​ចុង​ក្រោយ​នៃ​វិបត្តិ​សង្គម។

លោក Jose Antonio Kast និង លោក Gabriel Boric

ក្នុង​ខែ​តុលា ឆ្នាំ​២០១៩ ការ​តវ៉ា​ដ៏​ធំ​សម្បើម​មួយ​បាន​កើត​ឡើង​ក្នុង​ប្រទេស​នៅ​ពេល​មនុស្ស​រាប់​ម៉ឺន​នាក់​ទាម​ទារ​ឲ្យ​មាន​ប្រាក់​សោធននិវត្តរ៍​​ប្រសើរ​ឡើង កំណែ​ទម្រង់​វិស័យ​អប់រំ និងការ​បញ្ចប់​​​ប្រព័ន្ធ​សេដ្ឋកិច្ច​​ដែល​ពួក​គេ​​ជឿ​ថា អនុគ្រោះ​ដល់​ក្រុម​អ្នក​មាន​។

ភ្លាម​ៗ​នោះ លោក Boric បាន​ក្លាយ​ជា​តំណាង​ដែល​មាន​​វោហាសាស្ត្រ​​ដ៏​មាន​ឥទ្ធិពល​ និង​ទាក់​ទាញ​អ្នក​គាំទ្រ​​ក្នុង​ចលនា​សង្គម ព្រម​ទាំង​ធ្វើ​ឲ្យ​ភាព​ដឹក​នាំ​របស់​លោក​ត្រូវ​បាន​​ប្រឆាំង​ដោយ​ក្រុម​សម្ព័ន្ធ​ចម្រុះ​កណ្តាល-ស្តាំ​និយម​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​ឆ្នាំ​១៩៩០​ដល់​២០១០។

ចលនា​នោះ​បាន​នាំ​ឲ្យ​ប្រធានាធិបតី​ផុត​អាណត្តិលោក Sebastian Pinera យល់​ព្រម​​លើ​ប្រជា​មតិ​មួយ​ដើម្បី​ផ្លាស់​ប្តូរ​វិសោធកម្ម​​​រដ្ឋ​ធម្មនុញ្ញដែល​​បន្សល់​ទុក​​​ពី​របប​ផ្តាច់​ការ​ហូរឈាម​របស់​លោក Pinochet។ កាល​ពី​ឆ្នាំ​មុន ពលលរដ្ឋ​ឈីលី​ភ្លូក​ទឹក-ដី​បោះ​ឆ្នោត​គាំទ្រ​លើ​សេចក្តី​ព្រាង​​ផ្លាស់​ប្តូរ​នេះ។ ផែន​ការ​នោះ​ឥឡូវ​នេះ​បាន​ដំណើរ​ការ​ដែល​រដ្ឋ​ធម្មនុញ្ញ​ថ្មី​​នឹង​ត្រូវ​​​បោះ​ឆ្នោត​​នា​ពាក់​កណ្តាល​ឆ្នាំ​២០២២។

ទម្រង់​នយោបាយ​របស់លោក Boric កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហា​ជន ​ក្នុង​នោះ​មាន​ដូច​ជា ​សំណើរ​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​រួម​បញ្ចូល​កាន់​តែ​ច្រើន ការ​លុប​បំបាត់​បំណុល​របស់​សិស្ស បង្កើន​ពន្ធ​សម្រាប់​ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន និងការ​កែ​ប្រែ​ប្រព័ន្ធ​សោធន​​ឯកជន​របស់​រដ្ឋ​ដែល​​​បន្សល់​ទុក​ពី​របប​យោធា​របស់​លោក Pinochet។

អ្នក​ជំនាញ​យុទ្ធ​សាស្ត្រ​ និង​ទំនាក់​ទំនង​សង្គម លោក Eugenio Tironi ​និយាយ​ថា គោល​នយោបាយ​របស់​លោក Boric កំពុង​គូស​លើ​ប្រអប់​ទាំង​អស់​សម្រាប់​សហស្សវត្សរ៍។

លោក Gabriel Boric

លោក Tironi ​លើក​ឡើង​ថា ៖«ចក្ខុវិស័យ​របស់​លោក​ភ្ជាប់​ជា​មួយ​របៀប​វារៈ​ក្នុង​សតវត្សរ៍​នេះ​គឺ ការ​ប្រែ​ប្រួល​អាកាស​ធាតុ ស្ត្រីនិយម ​វិមជ្ឈការ​ សេដ្ឋកិច្ច​បៃតង​ ភាព​ចម្រុះ​ និង​លទ្ធិប្រជាធិបតេយ្យផ្ទាល់»។

លោក Pablo Argote អ្នក​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​សង្គម​នៅសាកល​វិទ្យាល័យ Columbia បានលើក​ឡើង​ថា លោក Boric  ទទួល​បាន​សំឡេង​គាំទ្រ​ខ្លាំង​ក្នុង​ចំណោម​​អ្នក​បោះ​ឆ្នោត​វ័យ​ចាប់​ពី​២០​ទៅ​​៣៥​ឆ្នាំ។

Argote ថា ៖«លោក​ Boric តំណាង​ឲ្យ​ការ​ផ្លាស់​ប្តូរ​ល្អ​ជាង​បេក្ខជន​ផ្សេង​ៗ​ទៀត។ នៅ​ក្នុង​នយោបាយ អាំងតង់ស៊ីតេ​នៃ​​​ចំណូលចិត្ត​សំខាន់​ណាស់​ ការ​ពិត​គឺ​មនុស្ស​មាន​អារម្មណ៍​ចូល​ចិត្ត​ខ្លាំង​អំពី​បេក្ខជន​​បែប​នេះ​ នោះ​គឺ​លោក Boric»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម