Connect with us

ព័ត៌មានអន្ដរជាតិ

ចិន មិនខ្លាចប្រឈមមុខជាមួយអាមេរិកឡើយ ហើយនឹងប្រយុទ្ធដល់ទីបញ្ចប់

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅថ្ងៃចន្ទទី២០ខែធ្នូនេះថា ប្រទេសចិននឹងមិនខ្លាចការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែនឹងស្វាគមន៍កិច្ចសហប្រតិបត្តិការ ប្រសិនបើវាមានផលប្រយោជន៍ទៅវិញទៅមក។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi

លោកបាននិយាយនៅក្នុងសុន្ទរកថា ដែលបង្ហោះលើគេហទំព័រក្រសួងការបរទេសថា បញ្ហានៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន គឺបានធ្លាក់ចុះដោយសារការវិនិច្ឆ័យខុសជាយុទ្ធសាស្រ្ត ពីសំណាក់ភាគីអាមេរិក។

លោក​​បន្ត​ថា “​ប្រសិន​បើ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា នោះ​ប្រទេស​ចិន​នឹង​មិន​ភ័យ​ខ្លាច​ឡើយ ហើយ​នឹង​ប្រយុទ្ធ​ដល់​ទីបញ្ចប់។ មិនមានគ្រោះថ្នាក់ទេ នៅក្នុងការប្រកួតប្រជែង ប៉ុន្តែវាគួរតែ មានភាពវិជ្ជមាន”​។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារការខ្វែងគំនិតគ្នាជាច្រើន រួមទាំងប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩ ពាណិជ្ជកម្ម សិទ្ធិមនុស្ស និងសម្ពាធខ្លាំងឡើងរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់ ផងដែរ។

ក្នុងការហៅទូរសព្ទរយៈពេលជាង៣ម៉ោងកាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់លើសមភាគីរបស់គាត់គឺលោក Xi Jinping ស្តីអំពីបញ្ហាសិទ្ធិមនុស្ស ខណៈដែលលោក Xi បានព្រមានថា ប្រទេសចិននឹងឆ្លើយតបទៅនឹងអ្វីដែលហៅថា ការបង្កហេតុលើកោះតៃវ៉ាន់។

ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ ដើម្បីហាមឃាត់ការនាំចូលពីតំបន់ ស៊ីនជាំង របស់ប្រទេសចិន ជុំវិញការព្រួយបារម្ភអំពីពលកម្មដោយបង្ខំ ដែលនោះជាការឆ្លើយតបចុងក្រោយរបស់សហរដ្ឋអាមេរិកចំពោះទង្វើរបស់ទីក្រុងប៉េកាំង ធ្វើដាក់ជនជាតិភាគតិច អ៊ុយហ្គ័រ មូស្លីមនៅទីនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ចិន​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​នៅ​ស៊ីនជាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចិន ព្រមានវាយបក អាមេរិក ចំពោះការដាក់ទណ្ឌកម្ម “មិនប្រុងប្រយ័ត្ន”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម