ព្រឹត្តិការណ៍សំខាន់ៗដែលវីរុសកូរ៉ូណាធ្វើឲ្យពិភពលោកភ័យខ្លាចក្នុងឆ្នាំ ២០២០ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ព្រឹត្តិការណ៍សំខាន់ៗដែលវីរុសកូរ៉ូណាធ្វើឲ្យពិភពលោកភ័យខ្លាចក្នុងឆ្នាំ ២០២០

Published

on

នេះគឺជារឿងរ៉ាវនៃវីរុសកូរ៉ូណាដែលយើងមិនបានដឹងជិតមួយឆ្នាំកន្លងមកនេះ ហើយវាបានផ្លាស់ប្តូរ​របៀបរស់នៅរបស់យើង ។ ជំងឺកូវីដ ១៩ បានជះឥទ្ធិពលដល់ជីវិតមនុស្សរាប់ពាន់លាននាក់នៅ​គ្រប់ទីកន្លែង ហើយវាបានចាប់ផ្តើមនៅប្រទេសចិនក្នុងទីក្រុងអ៊ូហាន ។

កម្ពុជាថ្មី សូមនាំលោកអ្នកមកមើលអំពីរបៀបដែលវិបត្តិនេះបានកើតឡើង និងរបៀបដែលវារាលដាលពាសពេញ​ពិភពលោក ។

ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ  ២០១៩ ការិយាល័យរបស់ចិនរកឃើញរោគរលាកសួត

ជំងឺដ៏អាថ៌កំបាំងនេះត្រូវបានគេរាយការណ៍នៅភាគកណ្តាលប្រទេសចិននៅចុងឆ្នាំ ២០១៩ ។ អ្នកជំងឺសរុបចំនួន ៤៤ នាក់មានជំងឺរលាកសួតដោយមិនដឹងមូលហេតុត្រូវបានគេរាយការណ៍ទៅ​អង្គការសុខភាពពិភពលោក ។

នៅមន្ទីរពេទ្យក្នុងទីក្រុង អ៊ូហាន ពួកគេបានបដិសេធអ្នកជំងឺទាំងអស់លើកលែងតែអ្នកដែល​សង្ស័យថាមានផ្ទុកវីរុសនេះ ខណៈពួកគេកំពុងដោះស្រាយជាមួយនឹងការផ្ទុះវីរុសដំបូង ។

ទីផ្សារម្ហូបអាហារត្រូវបានគេចាត់ទុកថាជាប្រភពនៃការផ្ទុះឡើងនេះ ខណៈសត្វព្រៃខុសច្បាប់កំពុង​លក់នៅទីនោះ ។

ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ចិនបានរាយការណ៍អំពីករណីស្លាប់របស់ខ្លួនលើកដំបូង

បុរសអាយុ ៦១ ឆ្នាំម្នាក់បានក្លាយជាមនុស្សដំបូងគេដែលបានស្លាប់នៅក្នុងប្រទេសចិនដោយសារ​ជំងឺផ្លូវដង្ហើមដែលត្រូវបានគេជឿថាបណ្តាលមកពីវីរុសថ្មីពីក្រុមតែមួយជាមួយជំងឺសា (SARS) ។ បុរសនោះជាអ្នកទិញជាប្រចាំនៅផ្សារអាហារសមុទ្រ ។

ប៉ុន្តែវាមិនមែនកើតឡើងតែក្នុងទីក្រុង អ៊ូហាន និងក្នុងប្រទេសចិនប៉ុណ្ណោះទេ ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃករណីនៃវីរុសនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសដទៃទៀត ។

ថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ ប្រទេសថៃ ជប៉ុន កូរ៉េខាងត្បួង និងសហរដ្ឋអាមេរិក បញ្ជាក់ករណីឆ្លង

ស្ត្រីជនជាតិចិនម្នាក់ត្រូវបានធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃដែលជាការរកឃើញវីរុសដំបូងនៅខាងក្រៅប្រទេសចិន ខណៈអ្នកជំងឺនោះមកពីទីក្រុង អ៊ូហាន ដែលមានការផ្ទុះឡើងនៃវីរុស ។

នៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង អ្នកធ្វើដំណើរតម្រូវឲ្យពាក់ម៉ាស់ដើម្បីទៅធ្វើការដើម្បីបញ្ចៀស​ការពាក់ព័ន្ធជាមួយហ្វូងមនុស្ស នៅពេលដែលករណីនាំចូលដំបូងត្រូវបានគេរាយការណ៍ ។

ចំណែកករណីដំបូងគេដែលត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិកគឺជាបុរសម្នាក់អាយុ ៣០ ឆ្នាំជាមួយរោគសញ្ញានៃវីរុសនេះ បន្ទាប់ពីគាត់បានធ្វើដំណើរត្រឡប់មកពីប្រទេសចិន ។

ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ ​អ៊ូហានប្រកាសបិទទីក្រុង

នៅតាមដងផ្លូវនៃទីក្រុងអ៊ូហានមានវត្តមានមន្ត្រីជាន់ខ្ពស់ដើម្បីព្យាយាមទប់ស្កាត់វីរុស ។ ការធ្វើដំណើរ​ចេញពីទីក្រុងត្រូវបានរឹតត្បិត មុនពេលការបិទទីក្រុងទាំងមូល ។

ទីក្រុងអ៊ូហានបានក្លាយជាទីក្រុងដំបូងគេនៅលើពិភពលោកដែលត្រូវបានបិទ ។ ផ្លូវត្រូវបានបិទ រថភ្លើងត្រូវបានបញ្ឈប់ ហើយជើងហោះហើរត្រូវបានលុបចោល ។

ទីក្រុងមួយដែលមានប្រជាជនចំនួន ១១ លាននាក់ត្រូវបានដាក់នៅក្នុងការធ្វើចត្តាឡីស័ក ខណៈមនុស្សមួយចំនួនប្រញាប់ប្រញាល់ចាកចេញពីទីក្រុង ។

ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ WHO ប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ

ក្នុងចំណោមករណីថ្មីរាប់ពាន់ករណីនៅក្នុងប្រទេសចិន ការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ​ចំពោះការព្រួយបារម្ភជាអន្តរជាតិត្រូវបានប្រកាសជាផ្លូវការដោយ WHO ។

ការជម្លៀសប្រជាជនបរទេសរាប់រយនាក់ដោយស្ម័គ្រចិត្តចេញពីក្រុងអ៊ូហានត្រូវបានបង្កើនល្បឿនដោយប្រទេសផ្សេងៗគ្នា ។

ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ ករណីឆ្លងរាប់រយករណីលើនាវាទេសចរណ៍ Diamond Princess

នាវាទេសចរណ៍ Diamond Princess ត្រូវបានបង្ខំចិត្តចូលចតនៅទីក្រុង Yokohama ប្រទេសជប៉ុន ហើយស្នាក់នៅទីនោះ បន្ទាប់ពីបុរសម្នាក់ដែលចុះពីលើនាវានៅហុងកុងត្រូវបានគេរកឃើញថា​មានផ្ទុកវីរុសនេះ ។

មនុស្សជាង ៦០០ នាក់នៅលើនាវានោះក៏បានធ្វើតេស្តវិជ្ជមានផងដែរ ។ វាជាករណីដ៏ធំមួយក្នុង​ចំណោមករណីជាច្រើននៅក្រៅប្រទេសចិន ។

ការធ្វើដំណើរតាមផ្លូវអាកាសជាសកលត្រូវបានដាក់កម្រិត ។ ទោះយ៉ាងណាភ្ញៀវទេសចរ​ចិនដីគោកនឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាពនៅពេលពួកគេត្រឡប់មកវិញ ហើយជនជាតិបរទេស​ត្រូវបានបដិសេធមិនឲ្យចូលមកប្រទេសនេះផងដែរ ។

ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០ អ៊ីតាលីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន

ប្រទេសអ៊ីតាលីបានរកឃើញករណី ២ ដំបូងរបស់ខ្លួន ខណៈអ្នកទាំងពីរគឺភ្ញៀវទេសចរចិន ។

នាយករដ្ឋមន្រ្តីលោក Giuseppe Conte បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ ខែ ។ ហើយប្រទេសអ៊ីតាលីក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលរារាំងការហោះហើរ​ពីប្រទេសចិន ។

ក្រោយមកប្រទេសនេះមានចំនួនអ្នកឆ្លងខ្ពស់បំផុតទី ២ នៅខាងក្រៅប្រទេសចិន ។

ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ WHO ប្រកាសពីវីរុសកូរ៉ូណារាតត្បាតជាសកល

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការនូវការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា ។

ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ចំនួនករណីឆ្លងនៅក្រៅប្រទេសចិនបានកើនឡើង ១៣ ដងក្នុងរយៈពេលពីរសប្តាហ៍ ។

លោកបានអំពាវនាវឲ្យរដ្ឋាភិបាលផ្លាស់ប្តូរទិសដៅនៃការផ្ទុះឡើងនេះដោយចាត់វិធានការបន្ទាន់ និងខ្លាំងក្លា ។

ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ អឺរុបត្រូវបានប្រកាសជាចំណុចកណ្ដាលនៃការផ្ទុះថ្មីរបស់ពិភពលោក

ការឆ្លើយតបរបស់អឺរ៉ុបមានភាពស្ងប់ស្ងាត់ និងមានវិធានការណ៍ច្បាស់លាស់ ប៉ុន្តែគ្មាននរណា​ម្នាក់អាចព្យាករណ៍ពីការរឹតត្បិតដែលនឹងកើតឡើងនាពេលឆាប់ៗនេះទេ ។

រោគរាតត្បាតបានរីករាលដាលយ៉ាងឆាប់រហ័សដល់ប្រទេសដទៃទៀតដែលមានបារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងអង់គ្លេស ។

មេដឹកនាំសហភាពអ៊ឺរ៉ុបបានយល់ព្រមបិទព្រំដែននៅខាងក្រៅអឺរ៉ុបដើម្បីការពារការរីករាលដាលនៃវីរុសនេះ ។

ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ អាមេរិកជាកន្លែងផ្ទុះវីរុសធំបំផុតលើពិភពលោក

សូម្បីតែប្រទេសដែលមានអំណាចបំផុតនៅលើពិភពលោកដែលមានប្រព័ន្ធថែទាំសុខភាពទំនើបបំផុតក៏មិនអាចគេចផុតពីការឆ្លងវីរុសកូរ៉ូណាដែរ ។

សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតពីរោគរាតត្បាតនេះដោយយ៉ាងហោចណាស់មានករណីឆ្លងចំនួន ៨១,៣២១ ករណីត្រូវបានបញ្ជាក់ និងជាង ១,០០០ នាក់ស្លាប់ ។

ករណីឆ្លងបន្ថែមត្រូវបានរាយការណ៍ច្រើនជាងនៅប្រទេសចិន អ៊ីតាលី ឬប្រទេសដទៃទៀត​នៅពេលនោះ ។

ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២០ ករណីឆ្លងទូទាំងពិភពលោកឈានដល់ ១ លានករណី

វាចំណាយពេលត្រឹមតែ ៣ ខែប៉ុណ្ណោះដែលករណីឆ្លងឈានដល់ ១ លានករណីនៅក្នុង ១៧១ ប្រទេសនៅទូទាំងទ្វីបចំនួន ៦ ហើយបានសម្លាប់មនុស្សយ៉ាងតិច ៥១,០០០ នាក់ដោយសារវីរុសនេះ ។

នៅពេលដែលសេដ្ឋកិច្ចត្រូវបានប៉ះពាល់ដោយការបិទប្រទេសនៅជុំវិញពិភពលោកនោះភាពអត់ការងារធ្វើនៅលើពិភពលោកបានកើនឡើង ។ ប្រជាជនចំនួន ២០.៥ លាននាក់បានបាត់បង់ការងារនៅក្នុងខែមេសា ។ អ្នកវិភាគជាច្រើនជឿជាក់ថា វាអាចចំណាយពេលច្រើនឆ្នាំដើម្បីស្ដារឡើងវិញ ។

ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២០ ការស្លាប់នៅទូទាំងពិភពលោកកើនលើស ២០០,០០០ នាក់

នៅទូទាំងពិភពលោកវាជាព្រឹត្តិការណ៍មួយគួរឲ្យកត់សម្គាល់ ខណៈអ្នកឆ្លងវីរុសនេះត្រូវបានបញ្ជូន​ចូលព្យាបាលនៅមន្ទីរពេទ្យជាបន្តបន្ទាប់ ហើយបង្ខំឲ្យសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នបន្ថែម ។

ស្ទើរតែពេញខែមេសា ការរាតត្បាតនៃវីរុសកូរ៉ូណាបានសម្លាប់មនុស្សជាង ២០០,០០០ នាក់ ហើយមានអ្នកជំងឺច្រើនជាង ២.៨ លាននាក់នៅទូទាំងពិភពលោក ខណៈដែលចំនួនពិត​ប្រាកដគឺអាចខ្ពស់ជាងនេះ ។

ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ បណ្តាប្រទេសជាច្រើនចាប់ផ្តើមកាត់បន្ថយការរឹតត្បិតការបិទប្រទេស

បន្ទាប់ពីរយៈពេលជាច្រើនខែនៃការបិទសាលារៀន ហាងទំនិញ មជ្ឈមណ្ឌលកម្សាន្ត និងព្រះវិហារ ហើយមនុស្សត្រូវបានប្រាប់ឲ្យស្នាក់នៅក្នុងផ្ទះ ប្រទេសមួយចំនួនបានផ្លាស់ប្តូរជាបណ្តើរៗក្នុងការ​បន្ធូរបន្ថយការរឹតត្បិតការបិទប្រទេសរបស់ពួកគេ ។

ប្រទេសអេស្ប៉ាញ អ៊ីរ៉ង់ អ៊ីតាលី ដាណឺម៉ាក អ៊ីស្រាអែល អាល្លឺម៉ង់ នូវែលហ្សេឡង់ និងថៃបានចាប់ផ្តើមវិលមករកជីវិតធម្មតាវិញ បើទោះបីជាមានការកើនឡើងនូវចំនួនអ្នកឆ្លង​វីរុសនេះក៏ដោយ ដោយសារតែសម្ពាធកើនឡើងក្នុងការស្តារសេដ្ឋកិច្ច ។

ប៉ុន្តែការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់ពួកគេបានបន្ថែមហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីទប់ស្កាត់ជំងឺនេះ ។

ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ ការតវ៉ាធំៗធ្វើឲ្យមានការព្រួយបារម្ភអំពីការឆ្លងថ្មី

ហ្វូងមនុស្សយ៉ាងច្រើននៅទូទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតកំពុងជ្រើសរើស​យុត្តិធម៌សង្គមជាជាងការធ្វើគម្លាតសង្គម ។

មនុស្សរាប់ពាន់នាក់ចូលរួមធ្វើបាតុកម្មប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលីសប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតស្បែកខ្មៅ បន្ទាប់ពីការស្លាប់របស់លោក George Floyd នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស Minneapolis បានជំរុញឲ្យមានការព្រួយបារម្ភថាការប្រមូលផ្តុំទាំងនេះអាចនាំឲ្យមានការផ្ទុះឡើងថ្មី ។

ថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២០ អារ៉ាប៊ីសាអូឌីតបានដាក់កម្រិតយ៉ាងតឹងរឹងលើពិធីបុណ្យ Hajj នៅឆ្នាំនេះ

វិហារឥស្លាមដ៏ធំរបស់ទីក្រុម Mecca មានសភាពទទេស្អាត ។ អ្នកគោរពបូជា ២.៥ លាននាក់ធ្វើដំណើរមកទីនេះជារៀងរាល់ឆ្នាំ ប៉ុន្តែជំងឺកូវីដ ១៩ បានធ្វើឲ្យផែនការរបស់​មនុស្សគ្រប់គ្នាប្រែប្រួល ។

អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតមិនអាចទទួលយកហានិភ័យនៃការរីករាលដាលនៃជំងឺរាតត្បាតនេះនោះទេ ពួកគេបានរារាំងប្រជាជនទាំងអស់ដែលធ្វើដំណើរមកពីបរទេសក្នុងការចូលរួមពិធីបុណ្យនេះ ។

ពិធីបុណ្យ Hajj គឺជាពិធីបុណ្យ​ដ៏អស្ចារ្យបំផុតនៃការគោរពបូជាដ៏ធំនៅក្នុងភពផែនដី ។

ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២០ ប្រធានាធិបតីប្រេស៊ីលតេស្តវិជ្ជមានកូវីដ ១៩ ខណៈប្រជាជាតិមួយនេះក្លាយជាប្រទេសទី ២ ដែលរងគ្រោះខ្លាំងបំផុតនៅលើពិភពលោក

ប្រទេសនៅតំបន់អាមេរិកឡាទីនក៏ទទួលរងករណីឆ្លងជំងឺកូវីដ ១៩ ដ៏អាក្រក់បំផុតផងដែរ ។ នៅប្រទេសប្រេស៊ីលសេវាសុខភាពរៀបចំមិនបានល្អ ហើយបានវ៉ាដាច់ប្រទេសរុស្ស៊ីក្នុងករណី​ឆ្លងខ្ពស់បំផុតទីពីរនៅទូទាំងពិភពលោក ។

មេដឹកនាំរបស់ប្រទេសនេះមិនបានគេចផុតពីវីរុសនេះនោះទេ ខណៈលោកប្រធានាធិបតី Jair Bolsonaro បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា គាត់បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ បន្ទាប់ពីបាននិយាយមើលងាយម្តងហើយម្តងទៀតពីភាពធ្ងន់ធ្ងរនៃជំងឺនេះ ។

លោក Bolsonaro ក្លាយជាមេដឹកនាំពិភពលោកទី ២ បន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេសបានឆ្លងជំងឺនេះកាលពីខែមេសា ។

ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ ប្រទេសឥណ្ឌាមានករណីឆ្លងឡើងដល់មួយលានករណី

ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ ឡើងដល់មួយលានករណី ។ ជាមួយនឹងករណីឆ្លងថ្មីជិត ៣៥,០០០ ករណីត្រូវបានកត់ត្រាក្នុងមួយថ្ងៃ ប្រទេសឥណ្ឌាគឺជាប្រទេសដែលរងផល​ប៉ះពាល់អាក្រក់បំផុតទី ៣ នៅលើពិភពលោក ។

ប្រជាជននៅប្រទេសអាស៊ីខាងត្បូងមួយនេះមានប្រហែល ១.៣ ពាន់លាននាក់ ដូច្នេះអ្នកជំនាញបាននិយាយថា ករណីឆ្លងចំនួន ១ លាននាក់នៅទាបនៅឡើយ ប៉ុន្តែការឆ្លងកំពុងតែរីករាលដាលបន្ថែមទៀត ។

កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់វីរុសនេះត្រូវបានអាជ្ញាធរដាក់ការបិទប្រទេស ខណៈតំបន់ខ្លះបាន​ប្រាប់ប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ ។

ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ រុស្ស៊ីក្លាយជាប្រទេសដំបូងបង្អស់ក្នុងការអនុម័តវ៉ាក់សាំងកូវីដ ១៩

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និយាយថា ប្រទេសរុស្ស៊ីបានអនុម័ត​វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ទោះបីមិនទាន់បានបញ្ចប់ការសាកល្បងព្យាបាលដំណាក់កាលទី ៣ ក៏ដោយ ។

វ៉ាក់សាំងនោះមានឈ្មោះថា SputnikV ។ វ៉ាក់សាំងនេះត្រូវបានធ្វើតេស្តលើមនុស្សតែ ១៣៨ នាក់ប៉ុណ្ណោះដែលមួយក្នុងចំណោមនោះគឺជាកូនស្រីរបស់លោក ពូទីន តែម្ដង ។

វ៉ាក់សាំងនេះត្រូវបានគេដឹងថាផ្តល់ភាពស៊ាំប្រឆាំងនឹងជំងឺនេះរយៈពេលពីរឆ្នាំ ។ ប៉ុន្តែអ្នកជំនាញផ្នែក​វេជ្ជសាស្រ្តនិយាយថា វាលឿនពេកដើម្បីធានាសុវត្ថិភាព ។

ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ អ្នកស្លាប់ទូទាំងពិភពលោកកើនលើស ១ លាននាក់

នេះគឺជាអ្វីដែលជំងឺកូវីដ ១៩ បានធ្វើលើយើង ថង់ខ្ចប់សាកសពនៅពាសពេញដី និងវាលស្រែរបស់យើងជាមួយនឹងផ្នូរធំៗ ។ ការស្លាប់នេះបានរាលដាលពីទីក្រុង Sao Paolo ប្រទេសប្រេស៊ីលរហូតទៅព្រៃ Amazon និងរយៈពេលពីរបីខែមុនទៅដល់ទីក្រុងញូវយ៉ក ។

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងលើសពីមួយលាននាក់ ខណៈប្រទេសជាច្រើនមានការគ្រប់គ្រងមិនល្អ និងការធ្វើតេស្តតិចតួច ។

វីរុសនេះជាសង្គ្រាមលោកឆ្នាំ ២០២០ ប៉ុន្តែមិនដូចនៅសមរភូមិនោះទេ ជនរងគ្រោះភាគច្រើន​បានស្លាប់តែម្នាក់ឯង ។

ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តេស្តវិជ្ជមានជំងឺកូវីដ ១៩

ជាថ្មីម្តងទៀតពិភពលោកមានការភ្ញាក់ផ្អើលចំពោះព័ត៌មានអំពីប្រធានាធិបតី ដូណាល់ ត្រាំ ។ លោក ត្រាំ បានប្រកាសថា គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។

បន្ទាប់ពីនិយាយមើលងាយពីភាពធ្ងន់ធ្ងរនៃការគំរាមកំហែងនេះអស់រយៈពេលជាច្រើនខែក្រោយមកលោក ត្រាំ គឺជាមេដឹកនាំចុងក្រោយនៃពិភពលោកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា​មានវីរុសនេះរួមជាមួយស្ត្រីទីមួយលោកស្រី Melania Trump ។

ការធ្វើរោគវិនិច្ឆ័យរបស់គាត់មិនដល់មួយខែនោះទេមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ហើយបានធ្វើឲ្យមានភាពមិនប្រាកដប្រជាបន្ថែមទៀតនៅសប្តាហ៍ចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតចំពេលមានរោគរាតត្បាត ។

ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២០ វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ប្រកាសពីប្រសិទ្ធភាព ៩០ ភាគរយ

វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុនដៃគូ BioNtech របស់អាល្លឺម៉ង់បានបង្ហាញពីអត្រាប្រសិទ្ធភាព ៩០ ភាគរយនៅក្នុងការសាកល្បងរបស់អ្នកចូលរួមជាង ៤៣,០០០ នាក់ ។

In this photo illustration ampules seen in front of American multinational pharmaceutical corporation Pfizer and German biotechnology company Biontech logos. (Photo by Pavlo Gonchar / SOPA Images/Sipa USA)

ក្រុមហ៊ុននេះក៏បាននិយាយដែរថាមិនមានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរនោះទេ ហើយលទ្ធផល​នោះត្រូវបានវិភាគដោយគណៈកម្មាធិការឯករាជ្យ ។

នេះជាកាលបរិច្ឆេទជោគជ័យដំបូងពីការសាកល្បងព្យាបាលទ្រង់ទ្រាយធំ ហើយការចាក់វ៉ាក់សាំង​នឹងចាប់ផ្តើមនៅចុងខែធ្នូ ។

ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមហ៊ុនឱសថអាមេរិក Moderna និយាយថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាព ៩៤ ភាគរយ

វាជាដំណឹងល្អបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថ​អាមេរិក Moderna បង្ហាញថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព ៩៤ ភាគរយ ។

នេះគឺជាវ៉ាក់សាំងទី ២ នៅសហរដ្ឋអាមេរិកដែលមានអត្រាជោគជ័យខ្ពស់គួរឲ្យកត់សម្គាល់ ។ មនុស្សចំនួន ១៥,០០០ នាក់បានទទួលការចាក់វ៉ាក់សាំង ហើយក្នុងការចាក់នោះក៏បានធ្វើឡើង​លើមនុស្ស ១១ នាក់ដែលឆ្លងវីរុសនេះផងដែរ និងគ្មាននរណាម្នាក់មានជំងឺធ្ងន់ធ្ងរនោះទេ​ក្រោយការចាក់វ៉ាក់សាំងនេះ ខណៈវាអាចត្រូវបានដាក់ឲ្យប្រើប្រាក់មុនដំណាច់ឆ្នាំនេះ ។

ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០ អង់គ្លេសចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងជាប្រវត្តិសាស្ត្រ

នេះគឺជាពេលដែលពិភពលោកទាំងមូលកំពុងរង់ចាំ ។ ចក្រភពអង់គ្លេសគឺជាប្រទេសដំបូងគេ​ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer-Biontech ។

លោកយាយអាយុ ៩០ ឆ្នាំបានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលបានទទួល​ការចាក់វ៉ាក់សាំងដែលមិនមែនជាការសាកល្បងព្យាបាល ។

វាជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅអឺរ៉ុប និងផ្តល់នូវក្តី​សង្ឃឹមសម្រាប់ប្រជាជននាពេលអនាគត ។

សរុបមកក្នុងរយៈពេលមួយឆ្នាំ វីរុសនេះបានរាលដាលកាន់តែខ្លាំងឡើង ។ យើងបានឃើញ​ពីរបៀបដែលរដ្ឋាភិបាលនៅជុំវិញពិភពលោកមានប្រតិកម្មចំពោះវា ។

ឥឡូវនេះយើងកំពុងមើលឃើញពីរបៀបដែលមនុស្សត្រូវបានបង្ខំឲ្យផ្លាស់ប្តូរគ្រប់ផ្នែកនៃជីវិតរបស់ពួកគេ ។ នេះគឺជាស្ថានភាពដែលមានការវិវត្តយ៉ាងឆាប់រហ័ស ហើយគ្មាននរណាម្នាក់ដឹងថាតើ​នឹងមានអ្វីកើតឡើងបន្ទាប់នោះទេ ។

ប៉ុន្តែមានរឿងមួយច្បាស់ថាជំងឺកូវីដ ១៩ បានផ្លាស់ប្តូរឆ្នាំ ២០២០ ហួសពីការ​រំពឹងទុកសម្រាប់មនុស្សគ្រប់គ្នា និងនៅគ្រប់ទីកន្លែង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services