ព័ត៌មានអន្ដរជាតិ
ប្រវត្តិនាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា ថ្ងៃនេះ
លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បេក្ខភាពមកពីគណបក្សភឿថៃ ត្រូវបានសមាជិកសភាសម្រេចបោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសជាផ្លូវការ កាលពីថ្ងៃអង្គារ ទី២២ ខែសីហា ដំណាលគ្នានឹងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងនាមជានាយករដ្ឋមន្ត្រីដំបូងគេរបស់ប្រទេស ក្នុងរយៈពេលជិតមួយទសវត្សរ៍ដោយគ្មានប្រវត្តិខាងយោធា និងកាន់កិច្ចការនយោបាយ ជីវប្រវត្តិរបស់ឧកញ៉ាអចលនទ្រព្យរូបនេះ កំពុងតែក្លាយជាប្រធានបទរបស់ប្រជាជនទូទាំងប្រទេស ស្របពេលដែលលោកក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ថៃ។
លោក សេដ្ឋា ថាវីស៊ីន មានឈ្មោះហៅក្រៅថា នីត កើតនៅក្រុងបាងកក នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦៣ បច្ចុប្បន្នមានអាយុ ៦០ ឆ្នាំ ។ លោកបានសិក្សានៅសាលា Demonstration School of Srinakarinwirot University Prasarnmit ហើយបានបន្តទៅសិក្សានៅសហរដ្ឋអាមេរិក ដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Massachusetts និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងរដ្ឋបាល និងធុរកិច្ចពីសកលវិទ្យាល័យ Claremont Graduate University ផងដែរ ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ ១៩៨៦ លោកបានត្រឡប់មកធ្វើការប្រទេសថៃនៅក្រុមហ៊ុន Procter & Gamble ដែលជាក្រុមហ៊ុនដ៏ធំមួយសម្រាប់ការផលិត និងចែកចាយទំនិញប្រើប្រាស់លឿនរហ័ស (FMCG) មុនចេញទៅធ្វើជំនួញអចលនទ្រព្យជាមួយបងប្អូនជីដូនមួយលោក Apichart Chutrakul ក្នុងក្រុមហ៊ុន Sansamran Co., Ltd. ឬ Sansiri នាឆ្នាំ ១៩៩០ ។
លោកសេដ្ឋា បានបម្រើការជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន ហើយកំឡុងពេលកាន់តំណែងជាប្រធានក្រុមហ៊ុន Sansiri លោកបានធ្វើឲ្យក្រុមហ៊ុនមួយនេះរីកចម្រើនទៅជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេរបស់ប្រទេសថៃ ។ លើសពីនេះ លោកក៏បានជំរុញឲ្យក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានមួយនេះ ធ្វើយ៉ាងណាឆ្លើយតបប្រកបដោយគុណភាពទៅតម្រូវការគ្រប់ក្រុមអតិថិជនទាំងអស់ ។
ក្រោយមកនៅដើមខែមេសា ឆ្នាំ ២០២៣ លោកបានប្រកាសលាលែងពីតំណែងទាំងអស់នៅក្រុមហ៊ុន Sansiri ហើយផ្ទេរហ៊ុនទៅឲ្យកូនស្រីបង្កើតដោយគ្មានការទាក់ទើរ ដើម្បីបង្ហាញភាពស្មោះត្រង់របស់ខ្លួន ត្រៀមខ្លួនធ្វើការនយោបាយក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីគណបក្សភឿថៃ ។ ទោះទើបតែឈានចូលនយោបាយក៏ដោយ លោកសេដ្ឋា ត្រូវបានគេស្គាល់រួចទៅហើយ តាមរយៈការបញ្ចេញទស្សនៈផ្ទាល់ខ្លួនចំពោះនយោបាយសកលលោក និងបញ្ហាសង្គម ។ ជាពិសេសតាមរយៈការពង្រីកសមត្ថភាព ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចធ្វើឲ្យការងើបឡើងវិញដោយបណ្តោះអាសន្នពីជំងឺរាតត្បាតកូវីដ-១៩ ។
ត្បិតថាមិនមានបទពិសោធន៍ផ្នែកនយោបាយ និងកើតក្នុងគ្រួសារអ្នកជំនួញក្ដី ប៉ុន្តែលោកសេដ្ឋា នៅតែបានដើរតួនាទីយ៉ាងសំខាន់ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែឧសភាកន្លងទៅ ទោះគណបក្សភឿមិនបានទទួលសំឡេងគាំទ្រច្រើនដូចការរំពឹងទុកក៏ដោយ ។
យ៉ាងណាមិញលោក សេដ្ឋា បង្ហើបថា លោកគ្មានសុបិនចង់ចូលប្រឡូកក្នុងឆាកនយោបាយពីមុនមកទេ ប៉ុន្តែអ្វីដែលចាប់ផ្តើមជំរុញឲ្យលោកចាប់អារម្មណ៍នឹងនយោបាយកាន់តែខ្លាំង គឺចាប់តាំងពីរដ្ឋប្រហារ ២ លើកចុងក្រោយនេះ ។ លោកយល់ឃើញថា ការដណ្តើមអំណាចគឺខុស និងមិនអាចទទួលយកបាន បូករួមទាំងបញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយកាន់តែពុះកញ្ជ្រោលខ្លាំងឡើងក្នុងរយៈពេល ៦ ទៅ ៩ ឆ្នាំចុងក្រោយនេះ រួមទាំងការរីករាលដាលនៃកូវីដផងដែរ ។
លោកយល់ឃើញថា រដ្ឋាភិបាលបច្ចុប្បន្នមិនអាចធ្វើឲ្យប្រជាពលរដ្ឋមានជីវិតរស់នៅសុខស្រួល ក៏ដូចមានសិទ្ធិសេរីភាពបានឡើយ ដូច្នេះហើយ ទើបលោកសម្រេចចិត្តចូលជាសមាជិកគណបក្សភឿថៃ ដោយសារជឿថា ភឿថៃជ្រើសរើសយកប្រជាជនជាផ្នែកដ៏សំខាន់របស់បក្ស ។
ចំណែកជីវិតគ្រួសារវិញ លោក សេដ្ឋា ថាវីស៊ីន បានរៀបការជាមួយលោកស្រី Pakpilai Thavisin ជាវេជ្ជបណ្ឌិតឯកទេសផ្នែកសម្រស់ផ្នែកស្បែកនៅមន្ទីរពេទ្យឯកជនមួយកន្លែង និងមានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ដែលបច្ចុប្បន្នេះ អ្នកទាំង ៣ សុទ្ធតែពេញវ័យកំលោះក្រមុំអស់ទៅហើយ ។
គួរបញ្ជាក់ដែរថា លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពុជានាថ្ងៃទី២៨ ខែកញ្ញា តបតាមការអញ្ជើញរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តការណ៍អន្តរជាតិ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី ថៃ ផ្ដោតលើការឆបោកឆ្លងដែនតាមអនឡាញ

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព៦ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន