Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ធានា អាចរ៉ាប់រងជួយសម្ព័ន្ធមិត្តបាន ទោះសង្គ្រាម២ កំពុងផ្ទុះឡើងក្នុងពេលតែមួយ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃចន្ទទី១៦ខែតុលាថា ប្រាកដណាស់ ទីក្រុងវ៉ាស៊ីនតោន អាចមានលទ្ធភាពគាំទ្រសង្រ្គាមនៅលើសមរភូមិពីរដាច់ដោយឡែកពីគ្នា។ លោកស្រីអះអាងថា ទ្រព្យសម្បត្តិរបស់ខ្លួន ស្ថិតក្នុងស្ថានភាពល្អ ដើម្បីបន្តគាំទ្រផលប្រយោជន៍សហរដ្ឋអាមេរិកនៅក្រៅប្រទេសដូចជានៅអ៊ុយក្រែន និងចំពេលមានភាពតានតឹង កំពុងបន្តនៅតំបន់មជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី Janet Yellen (រូបថត៖ SKY)

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sky News របស់ចក្រភពអង់គ្លេស លោកស្រីលើកឡើងថា “អាមេរិកពិតជាអាចមានលទ្ធភាពឈរជាមួយអ៊ីស្រាអែល និងដើម្បីគាំទ្រដល់តម្រូវការយោធារបស់អ៊ីស្រាអែល ហើយយើងក៏អាច និងត្រូវតែគាំទ្រអ៊ុយក្រែនក្នុងការតស៊ូប្រឆាំងនឹង រុស្ស៊ីដែរ។ ទស្សនវិស័យហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក គឺគ្រប់គ្រាន់ដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួននៅបរទេស”។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីព្រមានថា ផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះធំជាងនេះក្នុងតំបន់មជ្ឈិមបូព៌ា គឺមិនទាន់ដឹងនៅឡើយ ជាពិសេសចំពេលទីផ្សារប្រេង និងឧស្ម័នធម្មជាតិសកល ដែលបានបង្កឲ្យមានវិបត្តិតម្លៃនៃការរស់នៅរួចទៅហើយ។

(រូបថត៖ AFP)

អតីតប្រធាននៃទុនបម្រុងជាតិរបស់សហរដ្ឋអាមេរិករូបនេះ ក៏បានអំពាវនាវផងដែរឲ្យគណបក្សសាធារណរដ្ឋ ពន្លឿនការតែងតាំងប្រធានរដ្ឋសភាថ្មី ដើម្បីធានាថា ជំនួយហិរញ្ញវត្ថុអាចបញ្ជូនទៅក្រៅប្រទេសបាន។ លោកស្រី Yellen បន្តទៀតថា “យើងចាំបាច់ត្រូវបង្កើតមូលនិធិទាំងសម្រាប់អ៊ីស្រាអែល និងសម្រាប់អ៊ុយក្រែន។ រឿងនេះ នៅតែជាអាទិភាពរបស់រដ្ឋបាលលោក បៃដិន”។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានអនុម័តរួចហើយនូវជំនួយយ៉ាងហោចណាស់ ១១៣ ពាន់លានដុល្លារដល់អ៊ុយក្រែន។ យ៉ាងណាក្តី CNN បានរាយការណ៍កាលពីសប្តាហ៍មុនថា យោធាអាមេរិក បានអំពាវនាវឲ្យបណ្តាក្រុមហ៊ុនផ្នែកការពារជាតិ ត្រូវបង្កើនការផលិត ដើម្បីកាត់បន្ថយកង្វះខាតក្នុងស្តុក ដោយសារអាវុធត្រូវបានផ្ទេរទៅអ៊ុយក្រែន ដើម្បីធានាថា វាអាចផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែលបានដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក ធានា អាចរ៉ាប់រងជួយសម្ព័ន្ធមិត្តបាន ទោះសង្គ្រាម២ កំពុងផ្ទុះឡើងក្នុងពេលតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម