ព័ត៌មានអន្ដរជាតិ
កងទ័ព អ៊ីស្រាអែល ប្រទះផ្លូវរូងក្រោមដីថ្មីមួយទៀតរបស់ក្រុមហាម៉ាស បំពាក់ដោយម៉ាស៊ីនត្រជាក់
កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បានរកឃើញផ្លូវរូងក្រោមដីថ្មីមួយទៀតដែលមានទីតាំងនៅក្បែរមន្ទីរពេទ្យ Al Shifa ក្នុងតំបន់ហ្គាហ្សា ខណៈក្នុងនោះមានទាំងបន្ទប់ទឹក ផ្ទះបាយ និងបន្ទប់ប្រជុំបំពាក់ដោយម៉ាស៊ីនត្រជាក់ ហើយនេះក៏ជាតម្រុយបន្ថែមបញ្ជាក់ថា ក្រុមហាម៉ាសពិតជាមានទីបញ្ជាការនៅក្រោមមន្ទីរពេទ្យនោះប្រាកដមែន ។

កងទ័ពបានឲ្យដឹងទៀតថា ផ្លូវរូងក្រោមដីចុះត្រង់ដែលមានកម្ពស់ប្រហែល ២ ម៉ែត្រ គឺមានច្រកចូលនៅខាងក្រៅនៃបរិវេណមន្ទីរពេទ្យធំក្នុងតំបន់ហ្គាហ្សា ហើយទីតាំងមួយនេះក៏ធ្លាប់ចាប់បង្ខាំងជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់ ក៏ដូចជាធ្វើជាខែលការពារមនុស្សពីសង្គ្រាមគ្រាប់ផ្លោងផងដែរ ។
លោកវរសេនីយ៍ឯក Elad Tsuri មេបញ្ជាការកងពលតូចរថពាសដែកអ៊ីស្រាអែលដែលបានរកឃើញផ្លូវរូងក្រោមដីនេះបាននិយាយថា “មានវិធីជាច្រើនដែលពួកគេអាចរស់នៅក្នុងរូងក្រោមដីនោះបាន ពីព្រោះពួកគេប្រើប្រាស់មន្ទីរពេទ្យជាខែលការពារមនុស្ស ។ ម្យ៉ាងទៀតពួកគេអាចស្នាក់នៅក្នុងនោះបានយូរ គឺដោយសារតែមានបន្ទប់បំពាក់ទៅដោយម៉ាស៊ីនត្រជាក់នៅខាងក្នុង” ។

ទន្ទឹមនោះ នេះក៏ជាការរកឃើញផ្លូវរូងក្រោមដីថ្មីបន្ថែមទៀតផងដែរពីសំណាក់កងទ័ពអ៊ីស្រាអែល បន្ទាប់ពីទើបតែប្រទះផ្លូវរូងក្រោមដីមួយកន្លែងទៀតដែលមានប្រវែង ៥៥ ម៉ែត្រ និងជម្រៅ ១០ ម៉ែត្រនៅក្រោមកន្លែងព្យាបាលដ៏ធំបំផុតរបស់តំបន់ហ្គាហ្សា ដែលកំពុងស្ថិតនៅក្នុងការឡោមព័ទ្ធដោយទាហានអ៊ីស្រាអែលអស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ ។
អ៊ីស្រាអែលបានចាត់ទុកមន្ទីរពេទ្យ Al-Shifa ជាចំណុចស្នូលនៃប្រតិបត្តិការវាយលុករបស់ខ្លួន ចាប់តាំងពីកងទ័ពបានវាយឆ្មក់ចូលបរិវេណរបស់មន្ទីរពេទ្យកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយលើកហេតុផលថា ក្រុមហាម៉ាសមានមជ្ឈមណ្ឌលបញ្ជាការ និងមូលដ្ឋានយោធា ក៏ដូចជាលាក់ចំណាប់ខ្មាំងដែលពួកគេចាប់ឃុំខ្លួននៅក្រោមមន្ទីរពេទ្យធំប្រចាំតំបន់ហ្គាហ្សាមួយនេះ ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១៤,៨០០ នាក់ រួមទាំងកុមារ និងស្ត្រីជាង ១០,១៥០ នាក់ត្រូវបានសម្លាប់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សលើស ៣៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ អ៊ីស្រាអែល រកឃើញផ្លូវរូងក្រោមដីថ្មីរបស់ក្រុមហាម៉ាស ប្រវែង ៥៥ ម៉ែត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


