ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រកឃើញផ្លូវរូងក្រោមដីថ្មីរបស់ក្រុមហាម៉ាស ប្រវែង ៥៥ ម៉ែត្រ
កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានអះអាងរកឃើញផ្លូវរូងក្រោមដីមួយកន្លែងទៀតនៅក្រោមមន្ទីរពេទ្យដែលកំពុងខ្ទេចខ្ទាំ Al-Shifa ភាគខាងជើងតំបន់ហ្គាហ្សា ដោយសារតែការទម្លាក់គ្រាប់បែកមិនប្រណីដៃពីសំណាក់កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ក្នុងរយៈពេលជិតមួយសប្ដាហ៍កន្លងមកនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា កងទ័ពបានរកឃើញផ្លូវរូងក្រោមដីប្រវែង ៥៥ ម៉ែត្រ និងជម្រៅ ១០ ម៉ែត្រ នៅក្រោមកន្លែងព្យាបាលដ៏ធំបំផុតរបស់តំបន់ហ្គាហ្សា ដែលកំពុងស្ថិតនៅក្នុងការឡោមព័ទ្ធដោយទាហានអ៊ីស្រាអែលអស់រយៈពេលជាច្រើនថ្ងៃ ។
យោធាបាននិយាយថា “ការរកឃើញនេះបង្ហាញយ៉ាងច្បាស់ពី អគារជាច្រើននៅក្នុងបរិវេណមន្ទីរពេទ្យត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស ធ្វើជាទីតាំងសម្រាប់ការពារហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពភេរវកម្ម ហើយនេះគឺជាព័ស្តុតាងបន្ថែមទៀតនៃការប្រព្រឹត្តអំពើឃោរឃៅរបស់ក្រុមហាម៉ាស ជាពិសេសគឺការប្រើប្រាស់ពលរដ្ឋនៅតំបន់ហ្គាហ្សាស្ទ្រីបធ្វើជាខែលការពារមនុស្ស” ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានប្រាប់អ្នកយកព័ត៌មានថា ច្រកចូលនៃផ្លូវរូងក្រោមដីត្រូវបានរកឃើញ បន្ទាប់ពីគ្រឿងចក្រឈូសឆាយរបស់យោធាកំពុងធ្វើសកម្មភាពបុកផ្ដួលជញ្ជាំងនៅខាងក្រៅអគារមន្ទីរពេទ្យ ហើយថែមទាំងប្រទះឃើញជណ្តើររង្វង់ដែកនៅក្នុងផ្លូវរូងដែលមានជម្រៅ ១០ ម៉ែត្រនោះផងដែរ ។
លោក Hagari បាននិយាយថា “វាជាជណ្តើរដែកដ៏ធំមួយ ហើយនៅពេលយើងដើរចុះទៅ រូងនោះមានប្រវែង ៥៥ ម៉ែត្រ ខណៈកងទ័ពក៏បានប្រទះឃើញរថយន្តមួយគ្រឿងផ្ទុកទៅដោយអាវុធជាច្រើន រួមមានគ្រឿងផ្ទុះ និងកាំភ្លើងប្រភេទ Kalashnikov ជាពិសេសរូងនោះក៏មានទ្វារការពារគ្រឿងផ្ទុះដ៏រឹងមាំមួយ ហើយថែមទាំងមានរន្ធចុះសម្រាប់បាញផងដែរ ។ ទោះជាយ៉ាងណា កងទ័ពមិនទាន់ហ៊ានបើកទ្វារនោះនៅឡើយទេ ដោយសារតែខ្លាចជាប់អន្ទាក់” ។
អ៊ីស្រាអែលបានចាត់ទុកមន្ទីរពេទ្យ Al-Shifa ជាចំណុចស្នូលនៃប្រតិបត្តិការវាយលុករបស់ខ្លួន ចាប់តាំងពីកងទ័ពបានវាយឆ្មក់ចូលបរិវេណរបស់មន្ទីរពេទ្យកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយលើកហេតុផលថា ក្រុមហាម៉ាសមានមជ្ឈមណ្ឌលបញ្ជាការ និងមូលដ្ឋានយោធា ក៏ដូចជាលាក់ចំណាប់ខ្មាំងដែលពួកគេចាប់ឃុំខ្លួននៅក្រោមមន្ទីរពេទ្យធំប្រចាំតំបន់ហ្គាហ្សាមួយនេះ ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១៣,០០០ នាក់ រួមទាំងកុមារ និងស្ត្រីជាង ៩,០០០ នាក់ត្រូវបានសម្លាប់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សលើស ៣០,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ គ្រាប់ផ្លោងជាច្រើនបាញ់រះចេញពី លីបង់ ហោះទៅកាន់ អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


