Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា បញ្ជូននាវាចម្បាំង៣គ្រឿងទៅសមុទ្រអារ៉ាប់ ក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេង

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២៦ខែធ្នូ ប្រទេសឥណ្ឌាបានបញ្ជូននាវាចម្បាំងចំនួន៣គ្រឿងទៅសមុទ្រអារ៉ាប់ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក វាយប្រហារកប៉ាល់ពាណិជ្ជករមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅឯឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនកាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាវាចម្បាំងឥណ្ឌា (រូបថត៖ Swarajyamag)

កប៉ាល់ MV Chem Pluto ដែលមាននាវិកជាជនជាតិឥណ្ឌា២១នាក់ និងវៀតណាមម្នាក់ ត្រូវរងការបាញ់ប្រហារ ក្នុងសមុទ្រនៅចម្ងាយប្រហែល ៣៧០គីឡូម៉ែត្រ ពីឆ្នេរនៃរដ្ឋ Gujarat ភាគខាងលិច។ ការ​វាយ​ប្រហារ ​បង្កជាអគ្គិភ័យឆាប​ឆេះ ប៉ុន្តែ ​ក្រុម​នាវិក​ពន្លត់​ទាន់​ពេល ហើយមិន​មាន​អ្នក​ណារង​របួស​ទេ។

យ៉ាងណា គ្មាន​ក្រុម​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ឡើយ ប៉ុន្តែសហរដ្ឋអាមេរិក ស្តីបន្ទោសចំៗទៅទីក្រុងតេហេរ៉ង់។ មិនទុកយូរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ក៏ចេញមុខបដិសេធហើយហៅការចោទប្រកាន់នេះថា “គ្មានមូលដ្ឋានទាល់តែសោះ”។

កប៉ាល់ MV Chem Pluto ជាកប៉ាល់ផ្ទុកប្រេងនិងសារធាតុគីមី ដោតទង់ជាតិលីបេរីយ៉ា គ្រប់គ្រ​ងដោយជប៉ុន និងហូឡង់ ខណៈក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey អះអាងថា កប៉ាល់នេះមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ប៉ុន្តែមិនបញ្ជាក់ព័ត៌មានលម្អិតឡើយ។

កប៉ាល់ MV Chem Pluto (រូបថត៖ BBC)

តាមការចុះផ្សាយរបស់សារព័ត៌មាន, កប៉ាល់នេះបានចេញដំណើរពីអារ៉ាប៊ីសាអូឌីត ហើយឆ្ពោះទៅកំពង់ផែ Mangalore នៅភាគខាងត្បូងប្រទេសឥណ្ឌា ពេលការវាយប្រហារកើតឡើង ហើយបន្ទាប់ពីកើតហេតុ នាវាឆ្មាំសមុទ្រឥណ្ឌាមួយគ្រឿង ក៏បានអមដំណើរ MV Chem Pluto ទៅកាន់ទីក្រុងបុមបៃកាលពីថ្ងៃចន្ទ។

ក្រោយមក កងទ័ពជើងទឹកឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍ថា “ព្រោះតែវិវាទនៃការវាយប្រហារនាពេលថ្មីៗក្នុងសមុទ្រអារ៉ាប់ កងនាវាចរឥណ្ឌា បានសម្រេចចិត្តដាក់ពង្រាយនាវាពិឃាដបំពាក់មីស៊ីល INS Mormugao INS Kochi និង INS Kolkata ទៅក្នុងតំបន់ផ្សេងៗដើម្បីកម្លាចសត្រូវ”។

នាវាចម្បាំងឥណ្ឌា (រូបថត៖ The Week)

កងទ័ពជើងទឹកបន្ថែមថា ខ្លួនក៏កំពុងបើកប្រតិបត្តិការហោះហើរយន្តហោះឈ្លបយកការណ៍ដែនសមុទ្ររយៈចម្ងាយឆ្ងាយជាប្រចាំផងដែរ ដើម្បីតាមដានស្ថានភាពឲ្យជាប់។

សូមបញ្ជាក់ ឥណ្ឌា ជាប្រទេសពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនប្រេងឥន្ធនៈពីមជ្ឈិមបូព៌ា ជាពិសេសពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ ដូច្នេះ ការរំខានណាមួយនៅក្នុងផ្លូវនេះ ច្បាស់បង្កបញ្ហាសម្រាប់ប្រទេសឥណ្ឌាជាក់ជាមិនខាន។

ហេតុការណ៍ខាងលើ ក៏កើតឡើងផងដែរ បន្ទាប់ពីទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយថា កប៉ាល់ពាណិជ្ជកម្មយ៉ាងតិច១៥គ្រឿង ត្រូវរងការវាយប្រហារដោយពួកសកម្មប្រយុទ្ធ ហ៊ូធី ក្នុងសមុទ្រក្រហម នារយៈពេលពីរខែកន្លងមកនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ នាវាចម្បាំងអាមេរិក រងការវាយប្រហារនៅ សមុទ្រក្រហម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម