Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញមនុស្សស្លាប់ច្រើនឡើងៗ ក្នុងគ្រោះរញ្ជួយដីនៅជប៉ុន 

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានជាតិក្យូដូបានដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ដែលនិយាយថា ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងជាបន្តបន្ទាប់ ដែលវាយប្រហារកណ្តាលប្រទេសជប៉ុន និងតំបន់ជុំវិញនោះ ពេលនេះបានកើនដល់៣០នាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AFP)

គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ នៅខេត្ត Ishikawa បានបំផ្លាញសំណង់អគារ កាត់ផ្តាច់អគ្គិសនីចំពោះមនុស្សរាប់ម៉ឺននាក់ និងជំរុញឲ្យប្រជាពលរដ្ឋ រត់ចេញពីតំបន់ឆ្នេរទៅរកទីទួលសុវត្ថិភាព។

ក្រៅពីអ្នកស្លាប់ មនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួននិងជាប់នៅក្រោមអគារបាក់បែក នៅក្នុងខេត្ត Niigata, Toyama, Fukui និង Gifu។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និយាយថា ក្រុមជួយសង្គ្រោះកំពុងធ្វើការយ៉ាងសស្រាក់សស្រាំទាំងថ្ងៃទាំងយប់ ខណៈរដ្ឋាភិបាលបានបញ្ជូនកម្លាំងបន្ថែម ទៅកាន់តំបន់ដែលរងផលប៉ះពាល់ ហើយនឹងផ្តល់ជំនួយជាបន្ត។

សូមបញ្ជាក់ជាថ្មី ការរញ្ជួយដីដ៏ខ្លាំងក្លានៅឧបទ្វីប Noto ក្នុងខេត្ត Ishikawa គឺមានជម្រៅរាក់ ជាហេតុនាំឲ្យវាមានកម្លាំងខ្លាំងក្លាហើយបង្កការបំផ្លិចបំផ្លាញធំធេង ហើយទីភ្នាក់ងារឧតុនិយមជប៉ុន បានដាក់ឈ្មោះរញ្ជួយដីនេះជាផ្លូវការថា គ្រោះរញ្ជួយដីឧបទ្វីប Noto ឆ្នាំ២០២៤។

(រូបថត៖ Getty)

មិនត្រឹមប៉ុណ្ណឹង ចាប់តាំងពីថ្ងៃចន្ទមក ប្រទេសជប៉ុន បានរងគ្រោះដោយការរញ្ជួយដីយ៉ាងតិច១៥៥លើក។ លើសពីនេះ វាក៏បង្កឲ្យមានរលកសមុទ្រកម្ពស់ប្រហែល ១ម៉ែត្រនៅតាមបណ្តោយឆ្នេរ ភាគខាងលិចដ៏វែងរបស់ជប៉ុន ក៏ដូចជានៅក្នុងប្រទេសជិតខាងកូរ៉េខាងត្បូង ផងដែរ។

ជប៉ុន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ប្រឈម​នឹង​គ្រោះ​រញ្ជួយ​ដី​ខ្លាំង​ជាង​គេ។ ការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បានវាយប្រហារភាគឦសានប្រទេសនេះ កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០១១ ដោយសម្លាប់មនុស្សជិត ២០០០០នាក់ និងបំផ្លិចបំផ្លាញទីក្រុងនានា ព្រមទាំងបង្កឲ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ាទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ទើបចូលឆ្នាំ២០២៤ ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ រកឃើញមនុស្សស្លាប់ជាបណ្តើរៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម