ព័ត៌មានអន្ដរជាតិ
ជនអនាមិក អ៊ុយក្រែន ផ្ញើសារគំរាមសម្លាប់រដ្ឋមន្ត្រីការបរទេស ហុងគ្រី
រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto ទទួលសារគំរាមសម្លាប់ មុនពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសអ៊ុយក្រែននាពេលខាងមុខ ។ នេះបើតាមការលើកឡើងដោយលោករដ្ឋមន្ត្រីខ្លួនឯងផ្ទាល់ និងចុះផ្សាយដោយគេហទំព័រព័ត៌មានហុងគ្រី Index កាលពីថ្ងៃទី២៣ ខែមករាកន្លងទៅ ។

លោក Szijjarto នឹងហោះទៅកាន់ទីក្រុង Uzhgorod នាថ្ងៃចន្ទ ទី២៩ ខែមករា ដើម្បីជួបសមភាគីអ៊ុយក្រែន លោក Dmitry Kuleba ស្របពេលដែលអ្នកការទូតហុងគ្រីរូបនេះបានបញ្ជាក់កាលពីសប្តាហ៍មុនថា លោកនឹងដឹកនាំ “គណៈប្រតិភូដ៏ខ្លឹមៗ” ដើម្បីពិភាក្សាអំពីស្ថានភាពពលរដ្ឋហុងគ្រីនៅទីក្រុង Uzhgorod និងជុំវិញតំបន់ Transcarpathia ដែលជាតំបន់រឹតបន្តឹងសិទ្ធិភាសានិយាយរបស់ពួកគេដោយរដ្ឋាភិបាលទីក្រុងកៀវក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងព្រុចសែលកាលពីថ្ងៃអង្គារ លោករដ្ឋមន្ត្រី Szijjarto បានលើកឡើងថា សារគំរាមសម្លាប់មួយច្បាប់ត្រូវបានផ្ញើទៅកាន់ស្ថានទូតរបស់ប្រទេសហុងគ្រីប្រចាំនៅអ៊ុយក្រែនកាលពីប៉ុន្មានថ្ងៃមុននេះ ហើយក្នុងសារនោះភ្ជាប់អក្សរធំៗថា “ស្វាគមន៍អ្នកជាមួយគ្រឿងផ្ទុះ” ។
ស្របពេលជាមួយគ្នានេះ គេហទំព័រព័ត៌មានហុងគ្រី Index ក៏បានបញ្ចេញខ្លឹមសារក្នុងលិខិតនោះផងដែរថា “ជនជាតិហុងគ្រី យើងស្អប់រដ្ឋាភិបាលរបស់អ្នកខ្លាំងណាស់ដែលនៅតែបន្តធ្វើអ្វីគ្រប់យ៉ាងដើម្បីទាញដៃឲ្យយើងចាញ់សង្គ្រាម ។ តើអ្នកគិតថា រដ្ឋមន្ត្រីរបស់អ្នកនឹងមករកយើង ក្រោយការវាយប្រហារលើអ៊ុយក្រែនមែនឬ?” ។

ក្នុងសំណេរនោះរ៉ាយរ៉ាប់ទៀតថា “យើងមិនគិតដូច្នេះទេ ហើយនៅថ្ងៃទី២៩ ខែមករា គណៈប្រតិភូរបស់លោក Szijjarto អាចនឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីគ្រឿងផ្ទុះ ។ រថពាសដែកមិនអាចបើកមកជួយសង្គ្រោះអ្នកទាន់ពេលវេលានោះទេ ។ យើងណែនាំអ្នករៀបចំពិធីបុណ្យសពឲ្យហើយទៅ ហើយចាប់ផ្តើមធ្វើមឈូសដាក់លោក Szijjarto ឲ្យសមនឹងកម្ពស់គាត់ផង ។
ទន្ទឹមនោះ គេហទំព័រអាមេរិក Yahoo ក៏បានចុះផ្សាយបន្ថែមថា សារនេះសរសេរជាភាសាអ៊ុយក្រែន និងផ្ញើទៅកាន់ស្ថានទូតហុងគ្រីប្រចាំនៅអ៊ុយក្រែនតាមរយៈអ៊ីមែល ខណៈមិនសំងំស្ងៀមឡើយលោក Szijjarto បានវាយបកថា អ្នកណាដែលហ៊ានសរសេរសារបែបនេះ គឺច្បាស់ណាស់មានចិត្តបង្អាក់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅថ្ងៃចន្ទសប្តាហ៍ក្រោយ មិនឲ្យកើតមានឡើង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋលេខាធិការក្រសួងការបរទេសហុងគ្រីលោក Tamas Menczer បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារថា “សារសម្លុតនេះនឹងមិនរារាំងលោក Szijjarto ពីការបំពេញដំណើរទស្សនកិច្ចនៅទីក្រុង Uzhgorod នោះទេ ហើយអ្នកដែលគិតថា លោក Szijjarto មានការភ័យខ្លាចនោះ គឺពួកគេស្គាល់រដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះស្ដើងពេកហើយ ហើយសម្ពាធ និងការគំរាមកំហែងទាំងនេះធ្វើឲ្យយើងកាន់តែរឹងមាំ” ។
គួរបញ្ជាក់ថា លោក Szijjarto និងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ក៏ដូចជាកិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ជាពិសេសមន្ត្រីទាំងពីរថែមទាំងបោះសម្ដីថា អ៊ុយក្រែនគ្មានភាគរយឈ្នះសមរភូមិប្រយុទ្ធជាមួយរុស្ស៊ីឡើយ ខណៈរដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែសក៏ជាអ្នកប្រឆាំងការដាក់ទណ្ឌកម្មលើរុស្ស៊ី និងបង្អាក់ជំនួយយោធារបស់សហភាពអឺរ៉ុបដល់អ៊ុយក្រែនផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Biden បញ្ចេញផែនការមេចុងក្រោយ បើសភា អាមេរិក នៅតែតឹងដៃ ដកជំនួយឲ្យ អ៊ុយក្រែន មិនរួច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


