ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ដាក់ឱសានវាទ សម្រុកចូលវាយលុកទីក្រុង Rafah
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃចន្ទទី១៩ខែកុម្ភៈ, សមាជិកខុទ្ទកាល័យសង្រ្គាមអ៊ីស្រាអែលលោក Benny Gantz បានព្រមានថា បើក្រុមហាម៉ាស មិនដោះលែងចំណាប់ខ្មាំងទាំងអស់ត្រឹមថ្ងៃទី១០ខែមីនាទេនោះ ការវាយលុកនៅទីក្រុង Rafah នឹងចាប់ផ្តើមហើយ។

ការព្រមាននេះ ត្រូវបានគេមើលឃើញថាជាលើកដំបូងហើយ ដែលអ៊ីស្រាអែលបញ្ជាក់ច្បាស់ៗ ពីពេលវេលាដែលកងទ័ពរបស់ខ្លួន នឹងសម្រុកចូលទៅក្នុងទីក្រុងមានមនុស្សរស់នៅច្រើន នាភាគខាងត្បូងជ្រោយហ្គាហ្សា។
លោក Gantz ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ បាននិយាយថា “ពិភពលោកត្រូវតែដឹង ហើយមេដឹកនាំក្រុមហាម៉ាសក៏ត្រូវតែដឹងដែរ ប្រសិនបើដល់ថ្ងៃបុណ្យរ៉ាម៉ាឌន ចំណាប់ខ្មាំងរបស់យើងមិននៅផ្ទះទេនោះ ការប្រយុទ្ធនឹងបន្តគ្រប់ទីកន្លែង រួមទាំង Rafah ដែរ។ អ៊ីស្រាអែលនឹងធ្វើសកម្មភាពតាមដំណាក់កាល ដោយជួយសម្រួលដល់ការជម្លៀសជនស៊ីវិល ហើយបើកកិច្ចសន្ទនាជាមួយដៃគូអាមេរិកនិងអេហ្ស៊ីប ដើម្បីកាត់បន្ថយចំនួនជនស៊ីវិលដែលបាត់បង់ជីវិត”។

ទោះបីជាយ៉ាងណាក៏ដោយ មានការប្រឆាំងជាសកលចំពោះប្រតិបត្តិការនៅ Rafah ព្រោះថា ទីនោះមានប្រជាជនប៉ាឡេស្ទីនប្រហែល ១.៥លាននាក់កំពុងស្នាក់អាស្រ័យ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាហើយប្តេជ្ញាទៀតថា នឹងបើកការវាយប្រហារជើងគោកនៅ Rafah ដើម្បីកម្ចាត់ខ្មាន់កាំភ្លើងក្រុមហាម៉ាស ឲ្យខ្ទេច។
ខណៈនៅសល់ពេលប៉ុន្មានសប្តាហ៍ទៀត មុនពេលពិធីបុណ្យរ៉ាម៉ាឌនចូលមកដល់, របាយការណ៍ពីទីក្រុង Rafah បានឲ្យដឹងថា មានមនុស្សជាច្រើននាក់កំពុងព្យាយាមចាកចេញ ដោយធ្វើដំណើរឆ្ពោះទៅទិសខាងលិចសំដៅឆ្នេរសមុទ្រ ប៉ុន្តែមនុស្សមួយភាគទៀតនៅកំពុងរង់ចាំមួយកន្លែង ព្រោះពួកគេមិនដឹងថាត្រូវធ្វើអ្វីជាបន្ត។

មុននេះ ទីភ្នាក់ងារសុខភាពសាធារណៈ របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា មន្ទីរពេទ្យដ៏សំខាន់មួយនៅហ្គាហ្សា គឺឈប់ដំណើរការទាំងស្រុងហើយ ក្រោយការវាយឆ្មក់របស់អ៊ីស្រាអែល។
យ៉ាងណា អង្គការសុខភាពពិភពលោក (WHO) ថា ខ្លួនមិនត្រូវបានគេអនុញ្ញាតឲ្យចូលមន្ទីរពេទ្យ Nasser នៅ Khan Yunis ភាគខាងជើងទីក្រុង Rafah ដើម្បីវាយតម្លៃស្ថានភាពឡើយ។
សូមបញ្ជាក់ជាថ្មី ក្រុមហាម៉ាស បានចូលលុកលុយប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សប្រហែល១២០០នាក់ និងជាង២៤០នាក់ ទៀត ត្រូវចាប់ជាចំណាប់ខ្មាំង។ ក្រោយមក អ៊ីស្រាអែល ក៏បើកយុទ្ធនាការសងសឹកនៅហ្គាហ្សាវិញ ដោយសម្លាប់មនុស្សចំនួន ២៨៦៦៣នាក់ ខណៈ៦៨៣៩៥នាក់ផ្សេងទៀត រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Netanyahu៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺដូចផ្តល់រង្វាន់ធំ ឲ្យភេរវករ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


