ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជាក់ថា គុណភាពទឹកទន្លេមេគង្គ នៅតែមានសុវត្ថិភាព ក្រោយហេតុការណ៍ធ្លាយអាស៊ីត
ក្រោយមានក្តីព្រួយបារម្ភចំពោះទឹកទន្លេមេគង្គថាមានគ្រោះថ្នាក់ បន្ទាប់ពីការធ្លាយអាស៊ីតចូលស្ទឹង ណាម ខាន់ ចាក់ចូលទន្លេនៅប្រទេសឡាវ ពេលនេះ មន្ត្រីថៃ បានចេញមកបញ្ជាក់ថា គុណភាពទឹកនៅតាមដងទន្លេមេគង្គហូរពីឡាវមកថៃ គឺមានសុវត្ថិភាពនៅឡើយ ប៉ុន្តែខ្លួនកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត រហូតដល់ថ្ងៃសុក្រ។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី៩ខែមេសា។

ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ, រថយន្តមួយគ្រឿងដឹកអាស៊ីត៣០តោន បានក្រឡាប់ចាក់សារធាតុគីមី ចូលទៅក្នុងស្ទឹងដែលជាដៃទន្លេមេគង្គ ហូរមកចាក់មកប្រទេសថៃ ជាហេតុបណ្តាលឲ្យថៃ ប្រកាសអាសន្នក្នុងខេត្តចំនួន៧តាមដងទន្លេ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការទន្លេមេគង្គជាតិថៃ លោក Somsak Thepsutin គូសបញ្ជាក់ថា លោកបានណែនាំដល់ការិយាល័យធនធានទឹកជាតិ ឲ្យត្រួតពិនិត្យទន្លេចំពោះការបំពុលណាមួយ ខណៈលោកបារម្ភថា សារធាតុគីមីដែលលេចធ្លាយនេះ នឹងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ស្របពេលជាមួយគ្នានោះ លោកសង្កត់ធ្ងន់ថា គណៈកម្មាធិការជាតិទន្លេមេគង្គរបស់ថៃ បាននិងកំពុងសហការយ៉ាងសកម្ម ជាមួយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) និងរដ្ឋាភិបាលឡាវ ដើម្បីដោះស្រាយបញ្ហានេះ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរថៃ ប្រកាសថា ពេលនេះ ប្រជាពលរដ្ឋនៅតែអាចហែលទឹក និងស្ទូចត្រីក្នុងទន្លេមេគង្គ ហើយយកទឹកពីទន្លេនេះ ទៅលេងក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីបានដដែល។

ទាក់ទិនបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ក៏បានចេញមកបញ្ជាក់ដែរថា ខ្លួន និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់ដែលអាចកើតមាន ហើយនឹងជូនដំណឹងបន្ថែម ក្នុងករណីចំបាច់។
ស្ទឹងណាម ខាន់ គឺជាដៃ ទន្លេមេគង្គ ហូរចាក់ចូលទន្លេត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១ ៣៧០គីឡូម៉ែត្រ។
តាមការជូនដំណឹងពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សារធាតុគីមីដែលកំពប់នោះ គឺអាស៊ីតស៊ុលផូរិច តែមិនហូរចូលក្នុងទឹកទាំង៣០តោនទេ ហើយករណីនេះទៀតសោត នាយកដ្ឋានបរិស្ថានឡាវ បានសហការជាមួយការិយាល័យក្រុងហ្លួងប្រាបាង អនុវត្តវិធានការត្រួតពិនិត្យដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើរួចទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រសួងធនធានទឹក៖ ករណីធ្លាយសារធាតុគីមីចូលដៃទន្លេមេគង្គឡាវ មិនប៉ះពាល់ដល់ទឹកទន្លេមេគង្គកម្ពុជាឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


