Connect with us

ព័ត៌មានអន្ដរជាតិ

Microsoft រើស​យក​ប្រទេស​អាស៊ាន​ចំនួន​៣ ដាក់​ទុន​វិនិយោគ​ខ្ទង់​៥​ពាន់​លាន​ដុល្លារ

បានផុស

នៅ

ប្រទេស​អាស៊ាន​ចំនួន​៣ មាន​ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ នឹង​​ក្លាយ​ជា​​គោលដៅ​បោះ​ទុន​វិនិយោគ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Microsoft។ ទុនវិនិយោគ​​សរុប​ទៅ​លើ​ប្រទេស​ទាំង​៣ មាន​ជាង ៤,៩​ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​​យោង​តាម​​ការ​​ចុះ​ផ្សាយ​របស់​សារព័ត៌មាន AP កាល​ពី​​ថ្ងៃ​ទី​១ ខែ​ឧសភា ក្រុមហ៊ុន Microsoft បាន​សម្រេច​​ដាក់​ទុន​នៅ​ឥណ្ឌូណេស៊ី​​ចំនួន ១,៧​ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយៈពេល​៤​ឆ្នាំ​ខាង​មុខ សម្រាប់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​​ទាក់ទិន​នឹង​បច្ចេកវិទ្យា Ai និង​បច្ចេកវិទ្យា​ខ្លោដ (Cloud Computing)។ ទំហំ​ទឹក​ប្រាក់​នេះ គឺ​ជា​តួ​​លេខ​​វិនិយោគ​​ទោល​ដ៏​ធំ​បំផុត​​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី របស់​ក្រុមហ៊ុន Microsoft ក្នុង​រយៈពេល​២៩​ឆ្នាំ​កន្លង​មក​នេះ។

លោក Satya Nadella នាយក​ប្រតិបត្តិ Microsoft បាន​និយាយ​​​ថា ជំនាន់​ថ្មី​នៃ​បច្ចេកវិទ្យា Ai កំពុង​​កែប្រែ​ទម្លាប់​មនុស្ស​រស់នៅ និង​ធ្វើ​ការ​នៅ​គ្រប់​កន្លែង​ទាំង​អស់​ជុំវិញ​ពិភពលោក មិន​ថា​តែ​នៅ​ឥណ្ឌូណេស៊ី​នោះ​ទេ។ លោក​បន្ត​ថា ការ​វិនិយោគ​នៅ​ឥណ្ឌូណេស៊ី នឹង​ជួយ​ពង្រីក​វិសាលភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូចជា​ជំនាញ ព្រម​ទាំង​ការ​គាំទ្រ​ដល់​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅ​​ឥណ្ឌូណេស៊ី​ឲ្យ​ឈាន​ដល់​​សករាជ​ថ្មី​មួយ។

​​បន្ថែម​​ពី​ការ​វិនិយោគ​នៅ​ឥណ្ឌូណេស៊ី ក្រុមហ៊ុន Microsoft ក៏​បាន​​បោះ​ទុន​ចំនួន ២,២​​ពាន់​លាន​ដុល្លារ​​ផង​ដែរ​​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ទៅ​លើ​គម្រោង​ដូចគ្នា។ លោក Nadella បាន​ប្រាប់​ថា គម្រោង​នេះ​នៅ​ម៉ាឡេស៊ី នឹង​ជួយ​បង្កើន​ការ​អប់រំ​ផ្នែក​បច្ចេកវិទ្យា​ដល់​មនុស្ស​ចំនួន ២០​ម៉ឺន​នាក់។ “ការ​បណ្ដាក់​ទុន​របស់​ពួក​យើង​​នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​​និង​ជំនាញ​ឌីជីថល នឹង​ជួយ​ឲ្យ​​​ពាណិជ្ជកម្ម សហគមន៍ និង​ក្រុម​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​​នៅ​ម៉ាឡេស៊ី តាម​ទាន់​បច្ចេកវិទ្យា​ចុង​ក្រោយ ដើម្បី​ជំរុញ​​ភាព​ច្នៃប្រឌិត និង​កំណើន​សេដ្ឋកិច្ច​​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស” នេះ​ជា​​ការ​លើក​ឡើង​របស់​ Microsoft។

ដោយឡែក​នៅ​ថៃ​ឯណោះ​វិញ ក៏​មាន​ការ​ប្រកាស​ពី​ក្រុមហ៊ុន Microsoft ដែរ ពាក់ព័ន្ធ​នឹង​​គម្រោង​​មជ្ឈមណ្ឌល​ទិន្នន័យ​​ជា​លើក​ដំបូង​​នៅ​ក្នុង​ប្រទេស។ Microsoft នឹង​​សង់​មជ្ឈមណ្ឌល​ទិន្នន័យ​សម្រាប់​​កម្មវិធី Azure ដែល​ជា​​បច្ចេកវិទ្យា​ខ្លោដ​របស់​ខ្លួន។ ទំហំ​វិនិយោគ​​នេះ មិន​ទាន់​មាន​ការ​បង្ហាញ​តួ​លេខ​ច្បាស់​លាស់​ទេ តែ​បើ​តាម​ប្រភព​ពី Microsoft ហើយ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​​ថា Microsoft គ្រោង​នឹង​ដាក់​លុយ ១​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​វា​ជា​គម្រោង​១​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ទិន្នន័យ​ទាំង​៣០០​របស់ Microsoft នៅ​ពាស​ពេញ​ពិភពលោក។

សូម​​បញ្ជាក់​ថា Microsoft បាន​សម្លឹង​ឃើញ​​អាស៊ីអាគ្នេយ៍​គឺ​ជា​ទីផ្សារ​កំពុង​លូតលាស់ និង​ជា​ទីតាំង​ដែល​មាន​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា Ai។ វត្តមាន Ai នៅ​ក្នុង​អាស៊ីអាគ្នេយ៍​ នឹង​ជួយ​រុញ​ច្រាន​ឲ្យ​កំណើន​សេដ្ឋកិច្ច​​មាន​ភាព​ល្អ​ប្រសើរ​ខ្លាំង។ បើ​យោង​តាម​ក្រុមហ៊ុន​ប្រឹក្សា​សកល Kearney បាន​ស្រាវជ្រាវ​​ថា បច្ចេកវិទ្យា​​បញ្ញា​សប្បនិម្មិត Ai អាច​​បង្កើត​ចំណូល​បាន ១​ទ្រីលាន​ដុល្លារ​ឲ្យ​ទៅ​ GDP អាស៊ី​អាគ្នេយ៍ ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ។ ក្នុង​នោះ ឥណ្ឌូណេស៊ី នឹងទទួល​ផល​បាន ៣៦៦​ពាន់​លាន​ដុល្លារ, ម៉ាឡេស៊ី បាន ១១៥​ពាន់​លាន​ដុល្លារ និង​ថៃ បាន ១១៧​ពាន់​លាន​ដុល្លារ៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម