Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ីអាគ្នេយ៍និងបូព៌ា រឹបអូសថ្នាំញៀនមេតំហ្វេតាមីន បានច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត

បានផុស

នៅ

ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បានចេញរបាយការណ៍ថ្មីមួយកាលពីថ្ងៃពុធទី២៩ខែឧសភាថា តំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ កំពុងតែលង់ខ្លួនជាមួយគ្រឿងញៀន ជាក់ស្តែងកាលពីឆ្នាំមុន ថ្នាំញៀនមេតំហ្វេតាមីននិងថ្នាំសំយោគដទៃទៀត ត្រូវរឹបអូសបានក្នុងចំនួនកំណត់ត្រាតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AP)

តាមរបាយការណ៍ ប្រភពនៃថ្នាំញៀនទាំងនោះ គឺត្រូវបានជួញដូរឆ្លងដែន ចេញពីតំបន់ត្រីកោណមាស ដែលជាចំណុចព្រំដែនប្រសព្វ៣ប្រទេសរវាងថៃ មីយ៉ាន់ម៉ា និងឡាវ ហើយទីនោះ ត្រូវបានគេស្គាល់ច្បាស់ថា ល្បីល្បាញដោយសារការដាំដុះអាភៀន និងមានមន្ទីរពិសោធន៍ ព្រមទាំងរោងចក្រផលិតថ្នាំញៀនទៀតផង។

លោក Benedikt Hofmann តំណាងរងប្រចាំតំបន់របស់ UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានប្រាប់សារព័ត៌មាន The Associated Press ថា “យើងធ្លាប់រឹបអូសបានគ្រឿងញៀនទ្រង់ទ្រាយធំជាច្រើនលើកច្រើនសា ប៉ុន្តែការផលិតមេតំហ្វេតាមីន នៅតំបន់ត្រីកោណមាសនាពេលនេះ បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះក្នុងកំណត់ត្រា។ ឥឡូវ យើងឃើញថា មួយឆ្នាំៗ អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ បានបង្ហូរទឹកប្រាក់ជិត ៨០ពាន់លានដុល្លារ ចូលទៅជួយសេដ្ឋកិច្ចខុសច្បាប់របស់តំបន់នេះ”។

(រូបថត៖ AP)

របាយការណ៍ថ្មីនេះនិយាយថា ថ្នាំញៀនមេតំហ្វេតាមីនដែលរឹបអូសបាននៅអាស៊ីបូព៌ានិងអាគ្នេយ៍ បានកើនឡើងដល់១៩០តោនក្នុងឆ្នាំ២០២៣ ហើយប្រហែល ៨៩% ក្នុងចំណោមនោះ គឺចូលមកអាស៊ីអាគ្នេយ៍។ ថ្នាំញៀនមេតំហ្វេតាមីនដែលរឹបអូសបានចំនួន ១.១ពាន់លានគ្រាប់ មានទម្ងន់៩៨.៣តោន គឺជាចំនួនច្រើនបំផុតមិនធ្លាប់មានសោះសម្រាប់តំបន់នេះ ចំណែកថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ដែលរឹបអូសបាន គឺមានទម្ងន់៩០តោន។

សូម្បីតែការរឹបអូសឱសថសំយោគតូច ក៏បានឈានដល់កម្រិតកំណត់ត្រាដែរកាលពីឆ្នាំមុន ពោលគឺរឹបអូសបានជាង ២៦.៧លានគ្រាប់ ដែលភាគច្រើនមានប្រភពមកពីទ្វីបអឺរ៉ុប។

(រូបថត៖ AP)

លើសពីនេះ របាយការណ៍ក៏បានគូសបញ្ជាក់ពីការកើនឡើងនៃថ្នាំ Ketamine ផងដែរ ដែលជាប្រភេទថ្នាំស្ពឹកប្រើលើអ្នកជំងឺ ទទួលការវះកាត់ ប៉ុន្តែថ្មីៗ វាត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ ក៏ដូចជាសម្រាប់ការប្រើប្រាស់កម្សាន្តផងដែរ។

របាយការណ៍បញ្ជាក់ថា បណ្តាញដែលផលិតនិងចរាចរ Ketamine បានបង្វែរអាជីវកម្មនិងបណ្តាញផ្គត់ផ្គង់របស់ពួកគេ ដោយផ្លាស់ប្តូរពីផ្នែកផ្សេងទៀតនៃតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ ទៅកាន់តំបន់ត្រីកោណមាសនៃប្រទេសមីយ៉ាន់ម៉ាវិញ ហើយថ្មីៗនេះ បង្វែទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងអាងទន្លេមេគង្គក្រោម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កម្ពុជា-ឡាវ បន្តពង្រឹងកិច្ចការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើសឆ្លងដែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម