Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីនប្រកាសអាសន្នថាមពលជាតិ​ ដោយ​សារ​តែ​ជម្លោះមជ្ឈិមបូព៌ា

បានផុស

នៅ

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូណៀ (Ferdinand Marcos Jr) កាលពីថ្ងៃអង្គារ បានប្រកាសពី​ «អាសន្នថាមពលជាតិ» ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពល ដែលបង្កពី​សង្គ្រាមរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ​ដោយនិយាយថា ការផ្គត់ផ្គង់ថាមពលរបស់​ហ្វីលីពីន​កំពុង​ខិត​កាន់តែជិតគ្រោះថ្នាក់។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera លោក ​ម៉ាកូស ថ្លែងយ៉ាងដូច្នេះថា៖ «ការប្រកាស​អាសន្ន​ថាមពលជាតិ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាល​អនុវត្តវិធានការឆ្លើយតប និងសម្របសម្រួលក្រោមច្បាប់ដែលមានស្រាប់ ដើម្បីដោះស្រាយហានិភ័យដែលបង្កឡើង​ពីការរំខាន​ផ្នែក​ផ្គត់ផ្គង់ថាមពលសកល និងសេដ្ឋកិច្ចក្នុងស្រុក»។

លោក​បន្ថែមថា ជាផ្នែកមួយនៃការឆ្លើយតបក្នុងគ្រាអាសន្ន គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវ​ការផ្គត់ផ្គង់ ការចែកចាយ និង​ការអាចរកបាននៃប្រេងឥន្ធនៈ អាហារ ថ្នាំពេទ្យ ផលិតផលកសិកម្ម និងទំនិញចាំបាច់ផ្សេងទៀតប្រកបដោយសណ្តាប់ធ្នាប់។

​គួរគូសបញ្ជាក់ថា ​សេចក្ដីប្រកាសអាសន្ន ដែលនឹងនៅតែមានសុពលភាពរយៈពេល ១ ឆ្នាំ អនុញ្ញាតឱ្យរដ្ឋាភិបាលទិញប្រេងឥន្ធនៈ និងផលិតផលប្រេងកាត ដើម្បីធានាបាននូវការផ្គត់ផ្គង់ទាន់ពេលវេលា និងគ្រប់គ្រាន់ ហើយប្រសិនបើចាំបាច់ អាចបង់ប្រាក់​ជាមុន​សម្រាប់​កិច្ចសន្យាទិញពីអ្នកផ្គត់ផ្គង់។​

សេចក្ដីប្រកាសក៏បើកអំណាចឱ្យ​អាជ្ញាធរ​​ចាត់វិធានការប្រឆាំងនឹងការស្តុកទុក ការកេងចំណេញ និង​ក្រឡុក​ការផ្គត់ផ្គង់ផលិតផលប្រេងកាតផងដែរ។

គួរគូសបញ្ជាក់ថា ជម្លោះនៅមជ្ឈិមបូព៌ាបាន​បង្កវិបត្តិថាមពល​ជុំវិញពិភព​លោក ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកខ្លាំងលើប្រភពផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា​​ ដឹកកាត់តាមច្រកសមុទ្រហ័រមូហ្ស ដែល​ត្រូវជាប់គាំង។ បណ្ដាប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ រួមទាំងហ្វីលីពីន កំពុងព្រួយបារម្ភពីកង្វះខាតផ្នែកផ្គត់ផ្គង់ ក៏ដូចជាការហក់ឡើងនៃតម្លៃប្រេង។

​កាលពីថ្ងៃអង្គារដូចគ្នា​ រដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន លោកស្រី Sharon Garin បានប្រាប់សន្និសីទសារព័ត៌មាន​ថា ប្រទេសនេះនៅតែមានការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រហែល ៤៥ ថ្ងៃ ដោយផ្អែកលើកម្រិតប្រើប្រាស់បច្ចុប្បន្ន។

លោកស្រី​បន្តថា រដ្ឋាភិបាលកំពុងធ្វើការដើម្បីទិញប្រេងចំនួន ១ លានបារ៉ែលពីប្រទេសនានាក្នុង និងក្រៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្កើតស្តុកប្រេងបម្រុងរបស់ខ្លួន ប៉ុន្តែទំនងជាមានភាពមិនប្រាកដប្រជាក្នុងការ​ទទួល​បាន​។

គេមើលឃើងថា ការប្រកាសអាសន្នថាមពលរបស់ហ្វីលីពីន​ ធ្វើឡើងខណៈ​ដែលក្រុមកម្មករដឹកជញ្ជូន អ្នកធ្វើដំណើរ និងក្រុមអ្នកប្រើប្រាស់ហ្វីលីពីន មានគម្រោងធ្វើកូដកម្មរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ​និង «ការបរាជ័យរបស់រដ្ឋបាលលោក ​ម៉ាកូស» ក្នុងការឆ្លើយតប​ឱ្យបានឆាប់រហ័សទៅនឹង​វិបត្តិថាមពល រួមទាំងការមិនទម្លាក់ពន្ធលើថាមពល។

​សហព័ន្ធសមាគមដឹកជញ្ជូនសាធារណៈហ្វីលីពីន ហៅថា Piston ​ បាន​ហៅ​ការប្រកាសអាសន្នថាមពលជាតិថាជា ​វិធីសាស្រ្តលឿនស្លន់ ដែលមិនអើពើ​ពីឬសគល់នៃវិបត្តិថាមពល។ Piston បាន​​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​​​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «ប្រសិនបើ​រដ្ឋាភិបាល​ពិតជា​មាន​បំណង​ការពារ​កម្មករ​ដឹកជញ្ជូន និង​អ្នកធ្វើដំណើរ​ពី​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​​មែននោះ នោះរដ្ឋាភិបាល​​នឹង​ផ្អាក​ពន្ធ​អាករ និង​ពន្ធ​តម្លៃ​បន្ថែម​លើ​ផលិតផល​ប្រេងឥន្ធនៈ​ជាបន្ទាន់ ដើម្បី​បញ្ចុះ​តម្លៃ​ភ្លាមៗ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម