ព័ត៌មានអន្ដរជាតិ
ម៉ាល់ឌីវ ត្រៀមហាមឃាត់អ្នកកាន់លិខិតឆ្លងដែនអ៊ីស្រាអ៊ែល មិនឲ្យចូលដែនកោះរបស់ខ្លួន
រដ្ឋាភិបាលម៉ាល់ឌីវ នឹងធ្វើការហាមឃាត់ជនជាតិអ៊ីស្រាអ៊ែលមិនឲ្យចូលប្រជុំកោះមហាសមុទ្រឥណ្ឌារបស់ខ្លួន ដែលល្បីល្បាញខាងមានឆ្នេរខ្សាច់ស និងរមណីយដ្ឋានប្រណិតៗ ខណៈដែលកំហឹងសាធារណៈនៅក្នុងប្រទេស ជាពិសេសជនជាតិឥស្លាម បានកើនឡើងលើសលុប ចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera កាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅ បានឲ្យដឹងថា លោក Mohamed Muizzu ប្រធានាធិបតីម៉ាល់ឌីវ បានសម្រេចចិត្តដាក់បម្រាមលើលិខិតឆ្លងដែនអ៊ីស្រាអ៊ែលហើយ តែសេចក្ដីលម្អិតដែលថានៅពេលណាច្បាប់នេះនឹងចូលជាធរមាននៅពុំទាន់ដឹងច្បាស់នៅឡើយទេ។ ច្បាប់ថ្មីនេះ ធ្វើឡើងក្រោយមានការដាក់សម្ពាធពីសមាជិករដ្ឋាភិបាលរបស់លោក Muizzu ព្រមទាំងគណបក្សប្រឆាំង ឲ្យហាមឃាត់អ៊ីស្រាអ៊ែល សម្រាប់បង្ហាញជាសញ្ញាតវ៉ានឹងសង្គ្រាមកំពុងកើតឡើងនៅតំបន់ហ្គាហ្សា ដែលបានឆក់យកជីវិតជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៦ ៤៣៩នាក់ និង ៨២ ៦២៧នាក់រងរបួស គិតចាប់តាំងពីជម្លោះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
បន្ថែមពីលើការត្រៀមអនុម័តច្បាប់ថ្មី លោក Muizzu ក៏បានប្រកាសពីយុទ្ធនាការរៃអង្គាសប្រាក់ជាតិមួយហៅថា “Maldivians in Solidarity with Palestine” ផងដែរ។

ជាការឆ្លើយតបនឹងការហាមប្រាមនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអ៊ែល បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនដែលបច្ចុប្បន្នកំពុងនៅក្នុងប្រទេសម៉ាល់ឌីវ ឲ្យចាកចេញ។ ក្នុងសេចក្ដីប្រកាស បានរៀបរាប់ថា “សម្រាប់ពលរដ្ឋអ៊ីស្រាអ៊ែលនៅក្នុងប្រទេស (ម៉ាល់ឌីវ) សូមពិចារណាធ្វើការចាកចេញ ពីព្រោះបើសិនពួកគេធ្លាក់ចូលក្នុងគ្រោះថ្នាក់ដោយហេតុផលណាមួយ នោះវានឹងពិបាកសម្រាប់យើងនៅក្នុងការជួយ”។
សូមរំឭកថា ម៉ាល់ឌីវធ្លាប់បានដកបម្រាមពីមុនលើអ្នកទេសចរអ៊ីស្រាអ៊ែលម្ដងរួចហើយកាលពីអំឡុងទសវត្សឆ្នាំ១៩៩០ ហើយបានចាប់ផ្ដើមស្ដារទំនាក់ទំនងឡើងវិញនៅក្នុងឆ្នាំ២០១០។ យ៉ាងណាមិញ បំណងចង់ផ្សះផ្សាចំណងការទូតរវាងប្រទេសទាំង២ ត្រូវបានបង្អាក់ ក្រោយការផ្ដួលរំលំប្រធានាធិបតីម៉ាល់ឌីវ លោក Mohamed Nasheed កាលពីខែកុម្ភៈ ឆ្នាំ២០១២។
សូមបញ្ជាក់ថា ក្រៅតែពីម៉ាល់ឌីវ អ្នកកាន់លិខិតឆ្លងដែនអ៊ីស្រាអ៊ែល ក៏ត្រូវបានប្រទេសមួយចំនួនទៀតដាក់បម្រាមផងដែរ មានដូចជា អាល់ហ្សេរី បង់ក្លាដែស ព្រុយណេ អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត លីបង់ លីប៊ី ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត ស៊ីរី និងយេម៉ែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


