ព័ត៌មានអន្ដរជាតិ
បទឈប់បាញ់៣ដំណាក់កាល របស់អាមេរិក សម្រាប់បិទបញ្ចប់សង្គ្រាមនៅហ្គាហ្សា មានអ្វីខ្លះ?
លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក កំពុងដាក់សម្ពាធលើមេដឹកនាំនៃគូបដិបក្ខជម្លោះក្នុងសង្គ្រាមអ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន ដើម្បីឲ្យឈានទៅដល់ការចុះកិច្ចព្រមព្រៀងលើគម្រោងបទឈប់បាញ់៣ដំណាក់កាល ដែលបង្កើតឡើងនិងប្រកាសដោយសេតវិមាន កាលពីចុងខែឧសភាកន្លងទៅ។

សហរដ្ឋអាមេរិក បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គាំទ្រគម្រោងបទឈប់បាញ់៣ដំណាក់កាល សម្រាប់ពន្លត់ភ្លើងសង្គ្រាមរយៈពេល៨ខែនៅតំបន់ហ្គាហ្សា ដោយក្នុងនោះមានគោលបំណងធំគឺ ដោះលែងរាល់ចំណាប់ខ្មាំងទាំងអស់ និងបញ្ជូនជំនួយក្នុងទ្រង់ទ្រាយធំ ដើម្បីស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅហ្គាហ្សា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា បទឈប់បាញ់៣ដំណាក់កាល របស់អាមេរិក មានដូចជា៖
ដំណាក់កាលទី១ : បទឈប់បាញ់រយៈពេល៦សប្ដាហ៍
ដំណាក់កាលដំបូងនេះ ទាមទារឲ្យមានការឈប់បាញ់ទាំងស្រុង និងពេញលេញ រយៈពេល៦សប្ដាហ៍។ ក្នុងនោះ ក៏មានការទាមទារឲ្យមានការដកកងកម្លាំងអ៊ីស្រាអ៊ែលទាំងអស់ចេញពីតំបន់ប្រជុំជនហ្គាហ្សា ព្រមទាំងការដោះលែងនៃចំណាប់ខ្មាំងមួយចំនួន ដូចជា ស្ត្រី មនុស្សចាស់ និងអ្នករងរបួស ហើយនិងប្រជាជនអាមេរិកមួយចំនួនផងដែរ ដែលជាថ្នូរក្នុងការដោះលែងប្រជាជនប៉ាឡេស្ទីន ដែលកំពុងជាប់ឃុំនៅអ៊ីស្រាអ៊ែល។
នៅដំណាក់កាលទី១ នេះ លោក ចូ បៃឌិន ថា ជំនួយមនុស្សធម៌នឹងអាចដឹកចូលហ្គាហ្សាបានចំនួន ៦០០រថយន្ត ជារៀងរាល់ថ្ងៃ។ លោក បន្ថែមថា បទឈប់បាញ់ នឹងអាចបន្តទៀត ប្រសិនបើការចរចានៅដំណាក់កាលទី១នេះមានរយៈពេលវែងជាង៦សប្ដាហ៍ច្រើនជាងអ្វីដែលបានគ្រោងទុក។ សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា នឹងសហការគ្នា ដើម្បីធានាឲ្យកិច្ចព្រមព្រៀងទាំងអស់បានសម្រេច។
ដំណាក់កាលទី២ : ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការដកទ័ពអ៊ីស្រាអ៊ែលចេញទាំងស្រុង
ក្នុងដំណាក់កាលទី២ ទាមទារឲ្យយោធាអ៊ីស្រាអ៊ែល ត្រូវដកទ័ពឲ្យអស់តែម្ដងពីហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងដែលនៅរស់ ដូចជា ទាហានប្រុសៗ ជាដើម។ ប្រសិនបើហាម៉ាសគោរពតាមគ្រប់យ៉ាងដែលបានចែងនៅក្នុងគម្រោង នោះអ៊ីស្រាអ៊ែល នឹងយល់ព្រមបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍ ដោយមានន័យថា សង្គ្រាម និងអំពើហិង្សានឹងត្រូវបញ្ចប់ជារៀងរហូត។
ដំណាក់កាលទី៣ : ការកសាងឡើងវិញនូវតំបន់ហ្គាហ្សា
ដំណាក់កាលចុងក្រោយ គឺជាការស្ដារឡើងវិញនូវទីក្រុងក្នុងតំបន់ហ្គាហ្សា ជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានដូចជា ផ្ទះសម្បែងប្រជាជន សាលារៀន និងមន្ទីរពេទ្យ ដែលត្រូវបានបំផ្លាញដោយសង្គ្រាម។ បណ្ដាប្រទេសអារ៉ាប់ និងសហគមន៍អន្តរជាតិ នឹងចូលរួមក្នុងទប់ស្កាត់មិនឲ្យក្រុមហាម៉ាសធ្វើការវាយបកអ៊ីស្រាអ៊ែលជាថ្មីម្ដងទៀតនោះទេ។
សូមបញ្ជាក់ថា ការវាយប្រហារនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែល បានបណ្ដាលឲ្យមានមនុស្សស្លាប់ជាង ១ ១៧០នាក់ ក្នុងនោះភាគច្រើនគឺជាជនស៊ីវិល ហើយក៏មានការចាប់ចំណាប់ខ្មាំងចំនួន ២៥២នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន AFP។
ជាការសងសឹក ក្រុមយោធាអ៊ីស្រាអ៊ែល បានវាយបក និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ ៩៨៤នាក់នៅតំបន់ហ្គាហ្សា ហើយភាគច្រើនគឺជាជនស៊ីវិល៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


